ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញនឹងចាត់វិធានការធ្ងន់ជាងមុន ក្នុងរយៈពេល១សប្តាហ៍ទៀតនេះ ពោលគឺមិនលើកលែង ចំពោះអ្នកដែលល្មើសនឹងបំរាមគោចរ និងអ្នកដែលលួចចេញពីតំបន់លឿងទុំ ដែលអាជ្ញាធរបានបិទខ្ទប់ ដោយអ្នករត់ចេញត្រូវឃាត់ខ្លួន ផាកពិន័យ និងទទួលទោសទណ្ឌថែមទៀត។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference ស្ដីពីការត្រួតពិនិត្យការងារនៃការបិទខ្ទប់ក្នុងមូលដ្ឋាន និងកិច្ចការបង្រួមតំបន់ក្រហមដោយកន្លែងមកជាចំនុចតូចៗ និងទៅតាមខ្នងផ្ទះ ហើយកែប្រែតំបន់លឿងទុំ មកជាតំបន់លឿង ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការត្រួតពិនិត្យនិងគ្រប់គ្រងនារសៀលថ្ងៃទី១៩ឧសភានេះ នៅសាលារាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ពិភាក្សារកចំណុចល្អនិងចំណុចខ្វះខាត យកមកអនុវត្តបន្ត ក្នុងការអនុវត្តការងារបន្តនៃការបិទខ្ទប់តំបន់លឿងទុំ តាមខ្នងផ្ទះ តាមអគារឬនៅតាមខុនដូរ ចាប់ពីថ្ងៃ២០ឧសភា រហូតដល់ថ្ងៃទី២៧ឧសភាខាងមុខនេះ ដើម្បីផ្តាច់ឬសគល់ជម្ងឺកូវីដ-១៩ ។

លោកឃួង ស្រេង បានលើកឡើងទៀតថា ១សប្តាហ៍ទៀត (ថ្ងៃ២០ ដល់២៧ឧសភា )ដែលយើងត្រូវអនុវត្តនេះ ជាទឹកចុងក្រោយហើយ អាជ្ញាធរ កម្លាំងមានសមត្ថកិច្ចត្រូវតែម៉ឹងម៉ាត់ បើយើងគ្រប់គ្រងមិនបាន វានឹងវិលមករកចំណុចដើមវិញ នោះគឺចប់ហើយ ។ ចំពោះវិធានការបន្ត គឺត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះបំរាមគោចរ ត្រូវឃាត់យានយន្ត ដែលធ្វើចរាចរណ៍ល្មើស ចាប់ពី៨យប់ដល់ម៉ោង៥ភ្លឺ ទាំងអស់មករក្សាទុកនិងធ្វើការផាកពិន័យ ដោយមិនមានការអប់រំទៀតទេ ។
លោកបញ្ជាក់ថា ការផាកពិន័យនេះរដ្ឋបាលរាជធានី គ្មានចេតនាណាមួយ ចង់បានលុយពីការផាកនោះទេ រដ្ឋបាលរាជធានីភ្នំពេញ មានបំណងតែមួយគត់ គឺចង់ឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយ
អាជ្ញាធរ និងក្រសួងសុខាភិបាល ដើម្បីយើងអាចផ្តាច់បានជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

លោកឃួង ស្រេង បានបញ្ជាក់ទៀតថា “តើយើងអាចបើកផ្សាររដ្ឋទាំង២៥ឡើងវិញម្តេចនឹងកើតទៅ បើបងប្អូនប្រជាពលរដ្ឋរបស់យើងមួយចំនួន មិនបានអនុវត្តឱ្យបានខ្ជាប់ខ្ជួន ទៅតាមការណែនាំរបស់អាជ្ញាធរ និងក្រសួងសុខាភិបាលផងហ្នឹង ដូច្នេះយើងគ្មានមធ្យោបាយ ដើម្បីនឹងបើកផ្សាររដ្ឋទាំង២៥នេះ ឱ្យដំណើរការឡើងវិញនោះទេ ក្នុង១សប្តាហ៍ទៀតនេះ “។
លោកឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរ និងកម្លាំងទាំងអស់ បន្តការផ្សព្វផ្សាយពីវិធានការ ការពាររបស់ក្រសួងសុខាភិបាល ការអនុវត្ត៣កុំ និង៣ការពារ ត្រូវតែបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត ព្រោះថា បើយើងភ្លេចខ្លួនតែបន្តិចវានឹងមានបញ្ហា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

