Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខការពារជាតិកម្ពុជា ៖ យុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋម្ជុលទី២ នៅតំបន់ក្រហម ដំណើរការដោយរលូន

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ប្រាប់ CEN ថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋម្ជុលទី២ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ គឺបានដំណើរការទៅដោយរលូនមិនមានបញ្ហាអ្វីកើតឡើងទេ និងមានសណ្តាប់ធ្នាប់ល្អ បានន័យថា ការទទួលព័ត៌មានក៏ដូចជាការជូនព័ត៌មាន ពីសំណាក់អាជ្ញាធរ ក៏ដូចជាប្រជាជន ពោលគឺអ្នកដែលមកចាក់វ៉ាក់សាំង គឺតាមពេលវេលាដែលបានកំណត់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បន្តថា ចំពោះការចាក់វ៉ាក់សាំងម្ជុលទី១ គឺមានប្រជាពលរដ្ឋមកចាក់ច្រើន លើសផែនការដែលបានគ្រោងទុក និងកំពុងតែបន្តចាក់ ជូនប្រជាពលរដ្ឋឲ្យអស់តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បើចាក់មិនអស់ គឺយើងមិនដកចេញ។ ហើយកិច្ចការងារនេះ ដើរទៅជាមួយគ្នាតែម្តង ពោលគឺជម្រុញការចាក់ម្ជុលទី១ ផង និងចាក់ម្ជុលទី២ ទៅជាបន្តបន្ទាប់មិនមានការរអាក់រអួលទេ។

សម្តេចពិជ័យសេនាបានបញ្ជាក់ថា ដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅតំបន់ក្រហមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺអនុវត្តទៅតាមការចាត់ចែង ហើយនាពេលកន្លងមកនេះ បានសម្រេចថា ចាក់វ៉ាក់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយក្រសួងការពារជាតិ បានទទួលការបែងចែកដំបូង គឺឲ្យចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហមចំនួន ៤ខណ្ឌ ដែលមានហានិភ័យខ្ពស់ ហើយបន្តមកទៀតបានសហការជាមួយខាងរាជធានីភ្នំពេញ ក៏បង្កើតតំបន់ក្រហមមួយចំនួនទៀតនៅខណ្ឌទួលគោក និងខណ្ឌឫស្សីកែវ និងបានបន្តចាក់វ៉ាក់សាំង នៅខណ្ឌទាំងពីរនេះ រហូតឡើងដល់ ៦ខណ្ឌ។ ចំពោះមុខសញ្ញាដែលត្រូវចាក់វ៉ាក់សាំង គឺត្រូវចាក់ជូនទាំងអស់ រួមទាំងកម្មករ កម្មការិនី រួមទាំងជនបរទេស៕ រក្សាសិទ្ធិ ដោយៈ ចេស្តារ

×