ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងជារៀងរាល់ថ្ងៃនេះ បណ្តាលឲ្យរងរបួស និងបាត់បង់អាយុជីវិតមនុស្សដ៏គួរឲ្យសោកស្តាយ គឺពិតណាស់បង្កឡើងដោយសារការបើកបរមិនគោរពច្បាប់ចរាចរណ៍ ក្នុងនោះដូចជាបើកបរលើសល្បឿនកំណត់ បើកបរក្នុងស្ថានភាពស្រវឹង បើកវ៉ាជែងមិនប្រយ័ត្ន និងបើកបរព្រហើនៗជាដើម។

ក្នុងនោះផងដែរ គ្រោះថ្នាក់ដែលបានកើតឡើង គឺគេសង្កេតភាគច្រើនបង្កឡើងដោយឡានធំៗតែម្តង ដែលបើកលឿនៗ មិនខ្វល់បង្កគ្រោះថ្នាក់ ប៉ះពាល់ដល់អាយុជីវិតអ្នកដទៃនៅលើដងផ្លូវឡើយ ដែលធ្វើឲ្យអ្នកដំណើរទាំងម៉ូតូ ឬ រថយន្តតូចៗ តែងក្តៅក្រហាយជាខ្លាំង។ ជាមួយនឹងទង្វើពពួកឡានធំបើកលឿនៗនេះផងដែរ ប្រជាពលរដ្ឋតែងលើកឡើងចោទចំៗថា តៃកុងឡានធំៗទាំងនោះ ភាគច្រើនជាក្មេងៗ ហើយបើមិនផឹកស្រវឹង ក៏ប្រើប្រាស់គ្រឿងញៀនដែរ ដោយពួកវាបើកព្រហើនៗណាស់។
ជាក់ស្តែង ថ្មីៗនេះ តៃកុងឡានសណ្តោងម្នាក់របស់ក្រុមហ៊ុន ផែស្ងួត អូលែរ ត្រូវបានពូម្ចាស់ឡានតូចម្នាក់ បើកដេញកាក់ឲ្យឈប់ភ្លាមៗ និងខឹងខ្លាំងពេកដាក់ប៉ុន្មានជើងយ៉ាងចាស់ដៃ បន្ទាប់ពីបើកយ៉ាងលឿនកុងទ័រជាង ១០០ នៅក្នុងទីប្រជុំជនផ្សារវាលរេញ (ផ្លូវជាតិលេខ៤) វ៉ាគាត់ស្ទើរធ្លាក់ថ្នល់។
ឆ្លើយសារភាពនៅចំពោះមុខគាត់ទាំងញ័រទទ្រើក តៃកុងឡានរូបនេះ បាននិយាយថា រូបគេបានផឹកស្រាអស់៤កំប៉ុង និងទទួលស្គាល់បើកលឿនមែន ព្រោះចង់ដេញគ្នាសាកមើលលេង។
ជាមួយគ្នានេះផងដែរ មហាជនក៏សូមសំណូមពរដល់ថៅកែឡានក្រុមហ៊ុនទាំងឡាយ គួរឧស្សាហ៍ណែនាំអប់រំកូនចៅ អំពីការបើកបរប្រមាថអាយុជីវិតគេនៅលើដងផ្លូវផង ដូចដែលបានឃើញជាក់ស្តែង តៃឡានម្នាក់នេះជាគំរូដ៏អាក្រក់ដែលមិនគួរទុកបន្តឲ្យកើតមានឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








