ភ្នំពេញ ៖ ជនបរទេស និងជនជាតិខ្មែរ៤៥នាក់ ដែលប្រមូលផ្តុំគ្នាផឹកស៊ីល្មើសវិធានក្រសួងសុខាភិបាល បង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នៅក្នុងខុនដូមួយកន្លែងនៃខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ឆ្មក់ចូលបង្រ្កាប និងឆែកឆេរត្រួតពិនិត្យរកឃើញសម្ភារៈ រួមនិងគ្រឿងញៀនមួយចំនួនផងដែរ។

ប្រតិបត្តិការបង្រ្កាបនោះកម្លាំងនគរបាលរាជធានីភ្នំពេញ ធ្វើឡើងអនុវត្តតាមបទបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ខណៈដែលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសជាក់ស្តែង។

សេចក្តីរាយការណ៍ឱ្យដឹងថា ប្រតិបត្តិការបង្រ្កាបខុនដូខាងលើ កម្លាំងសមត្ថកិច្ច បានធ្វើឡើងដើម្បីចូលរួមបង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ក្នុងនោះមានការសម្របសម្រួលនីតិវិធីពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយពីកម្លាំងសមត្ថកិច្ចទទួលព័ត៌មានច្បាស់ការណ៍ អំពីការប្រមូលផ្តុំគ្នារបស់ជនបរទេសបើកលួចលាក់ នូវកន្លែងសប្បាយនាំគ្នាផឹកស៊ីច្រៀកកម្សាន្ត ល្មើសវិធានក្រសួងសុខាភិបាល។ នៅគ្រាដែលរដ្ឋបាលរាជធានីភ្នំពេញ បានហាមឃាត់រាល់សកម្មភាព នៃការប្រមូលផ្តុំជួបជុំគ្នា ដែលមានហានិភ័យឆ្លងរាលដាលជំងឺកូវីដ១៩ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងតែប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ។

លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ CEN ថា នៅក្នុងការបង្ក្រាបនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ៤៥នាក់ ចម្រុះជាតិសាសសន៍ ក្នុងនោះមានដូចជាៈ ជនជាតិចិន ចំនួន ២៦នាក់ , ជនជាតិវៀតណាម ចំនួន ៧នាក់ , ជនជាតិកូរ៉េ ចំនួន ១នាក់ , ជនជាតិម៉ាឡេស៊ី ចំនួន ១នាក់ និងជនជាតិខ្មែរចំនួន ១០នាក់។ ហើយបានរកឃើញសារធាតុញៀនមួយចំនួនផងដែរ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា “យើងបានឃាត់ខ្លួន យកមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យើងធ្វើតាមនីតិវិធី កំពុងតែរង់ចាំ និងអនុវត្តតាមវិធានសុខាភិបាល ដើម្បីធ្វើតេស្តមនុស្សទាំង ៤៥នាក់ ដើម្បីរកកូវីដ១៩ ជាជំហានដំបូងសិន នៅពេលចេញលទ្ធផលតេស្តកូវីដ គឺធ្វើតេស្តរកសារធាតុញៀនមួយតង់ទៀត បន្ទាប់ពីនឹងទើបយើងធ្វើការសាកសួរ និងរកម្ចាស់ទីតាំង អ្នកណាមេការ គឺយើងនឹងអនុវត្តទៅតាមនឹងទៀត”។

មន្ត្រីដែលចុះបង្ក្រាបបានឲ្យដឹងថា សមត្ថកិច្ចឆែកឆឆេរត្រួតពិនិត្យដោយដកហូត វត្ថុតាងរួមមានៈ ម្សៅពណ៌សចំនួន០៦ថង់តូច, ម្សៅម៉ត់ពណ៌ស ០២កញ្ចប់, ថ្នាំដបគម្របពណ៌ខ្មៅចំនួន០៤ប្រអប់, ថ្នាំគ្រាប់ពណ៌ប៉ៃតង២៩គ្រាប់, ថ្នាំគ្រាប់ពណ៌ប្រផេះ៧០គ្រាប់, ម្សៅក្រាមពណ៌សចំនួន០១កញ្ចប់ និងសម្ភារៈមួយចំនួនទៀតផងដែរ។
ជនសង្ស័យខាងលើ វត្ថុតាង ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងបន្តស្រាវជ្រាវ ស៊ើបអង្កេតអនុវត្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយៈ ចេស្តារ


