បន្ទាយមានជ័យ ៖ លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ បានធ្វើការផ្តាំផ្ញើដល់អ្នកជាប់ឃុំទាំងអស់ បន្ទាប់ពីចេញពីពន្ធនាគារទៅវិញ ត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ដែលសង្គមទទួលស្គាល់ និងធ្វើជាពលរដ្ឋល្អ ទើបអាចរស់នៅក្នុងសហគមន៍បានស្រួល។

លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ លោក តេង សាម៉ៃ ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ និងលោក អ៊ុង ស៊ីផាន ឧត្តមអត្ថានុរក្សថ្នាក់លេខ២ និងជាប្រធានពន្ធនាគារខេត្តបន្ទយមានជ័យ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ បានប្រកាសលើកលែងទោសដល់ទណ្ឌិតជាជនជាតិខ្មែរចំនួន២៧នាក់ ពី៣ខែ និង៦ខែ ។

លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទយមានជ័យ បានមានប្រសាសន៍ថា ជនជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ សរុបមានចំនួនសរុប១.៥៧៧នាក់ ក្នុងនោះស្រីមានចំនួន៩៩នាក់ ជនត្រូវចោទមានចំនួន ២៤៩នាក់(ស្រី១១នាក់) ជនជាប់ចោទមានចំនួន២៤៩នាក់ (ស្រីមានចំនួន១៧នាក់) ពិរុទ្ធជនមានចំនួន៧៧៣នាក់ (ស្រីមានចំនួន៤៦នាក់) ទណ្ឌិតមានចំនួន៣២៦នាក់ (ស្រីមានចំនួន២៥នាក់) អនីតិជនមានចំនួន១២៥នាក់ (ស្រី៦នាក់) ចាប់ចូលថ្មីមេខ្យល់ មានចំនួន៧៤នាក់ (ស្រី៧នាក់) ។

លោកបានបញ្ជាក់ឲ្យដឹងថា ពន្ធនាគារខេត្តបន្ទាយមានជ័យ បានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួន ដូចជា ការអប់រំកែប្រែស្ដារនីតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅក្នុងពន្ធនាគារការងារកសិកម្ម សិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។ ក្រៅពីនេះអង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នង ដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់ និងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
