Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយឃើញទង្វើសន្តិសុខផ្សារកំពង់ស្ពឺ ទាត់កញ្ច្រែងក្មេងស្រីម្នាក់ លក់ផ្លែព្រីង ខ្នុរ ឲ្យកំពប់ខ្ចាយបែបនេះ អភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់ច្បាស់ៗថា…

កំពង់ស្ពឺ ៖ តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Heng Sokha កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានបង្ហោះរូបភាព១សន្លឹកដ៏ខ្លោចចិត្តមួយ រៀបរាប់ពីករណី នៃទង្វើសន្តិសុខសណ្តាប់ធ្នាប់ម្នាក់ នៅផ្សារខេត្តកំពង់ស្ពឺ ទាត់កញ្ច្រែងលក់ផ្លែព្រីង និងផ្លែខ្នុររបស់ក្មេងស្រីម្នាក់ ឲ្យកំពប់ចាក់ចោលពាសពេញលើដី បានធ្វើឲ្យមហាជនផ្ទុះប្រតិកម្ម ខឹងសម្បារស្អប់ខ្ពើមយ៉ាងខ្លាំង បើទោះជាមានហេតុផលយ៉ាងក៏ដោយ។

ក្រោយពីបានឃើញគណនីហ្វេសប៊ុកខាងលើ បានចែករំលែកនូវករណីដ៏មិននឹកស្មានដល់ខាងលើនេះ គេក៏បានឃើញគណនីហ្វេសប៊ុកឈ្មោះ Vei Samnag ដែលគេស្គាល់យ៉ាងច្បាស់ថា ជាអភិបាលខេត្តកំពង់ស្ពឺ ដោយឯកឧត្តម វ៉ី សំណាង បានចូលខមមិនបញ្ជាក់យ៉ាងក្តៅៗដូច្នេះថា៖ «ខ្ញុំទទួលបានហើយ! សូមថ្លែងនូវអំណរគុណ ចំពោះការផ្ដល់ព័ត៌មានពិតប្រាកដ មកដល់ខ្ញុំបានទាន់ពេលវេលា។ ខ្ញុំ នឹងចាត់ការមន្ត្រីនោះ ដោយមិនលើកលែង។ សូមអរគុណ!»។

ទាក់ទងនឹងករណីនេះផងដែរ បើតាមប្រភពព័ត៌មានច្បាស់ការមួយ បានបញ្ជាក់ឲ្យដឹងថា មានករណីទាត់កញ្ច្រែងក្មេងស្រីលក់ផ្លែ ព្រីង និងផ្លែខ្នុរ ពិតប្រាកដមែន នៅម៉ោង ២ រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ដែលបង្កឡេីងដោយសន្តិសុខផ្សារកញ្ច្រែង មាត់ស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ។

ប្រភពដដែលបន្តថា សន្តិសុខនោះមានឈ្មោះ ឡាត់ ប៊ុនធីម ជាផ្នែករៀបចំសណ្ដាប់ធ្នាប់។ មូលហេតុដែលឈានដល់សន្តិសុខរូបនេះ ធ្វើបែបនេះ គឺដោយសារប្រាប់ក្មេងស្រីនោះ មិនឲ្យលក់នៅទីនោះ តែក្មេងស្រីមិនស្ដាប់ ជាហេតុធ្វើឲ្យសន្តិសុខរូបនេះខឹង ក៏ទាត់កញ្ច្រែងផ្លែខ្នុរ ផ្លែព្រីងរបស់ក្មេងស្រីនោះ កំពប់ចាក់ចោលរាយប៉ាយពាសពេញលើដីតែម្ដង។

តែទោះជាបែបនេះក៏ដោយ មហាជនមិនគាំទ្រ ចំពោះទង្វើហិង្សានេះធ្វើជាដំណោះស្រាយឡើយ ដោយគេបានលើកឡើងថា បើក្មេងស្រីអាយុប្រហែលខ្ទង់ ១៣ ឆ្នាំ នេះខុសត្រូវត្រង់ណា ក៏គួរអប់រំនាងតាមរយៈវិធីដ៏ត្រឹមត្រូវ មានក្រមសីលធម៌ជាមន្រ្តី ជាមនុស្សចាស់ ចៀសវាងការប្រព្រឹត្តនូវទង្វើដ៏អាក្រក់ដល់ថ្នាក់នេះ ព្រោះសុទ្ធតែឈាមជ័រជាខ្មែរដូចគ្នាទេ គួរចេះស្រឡាញ់គ្នា មានចិត្តមេត្តា ចំពោះគ្នាទៅវិញទៅមក ទើបរស់នៅប្រកបដោយសេចក្តីសុខ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×