Sunday, March 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តកំពង់ស្ពឺ បញ្ជាក់ថា ទង្វើអសីលធម៌ របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះ គឺមិនអាចលើកលែងបានឡើយ

កំពង់ស្ពឺ ៖ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្តែងនូវការរន្ធត់ និងសោកស្ដាយយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌បែប ដែលសន្តិសុខ ផ្សារកំពង់ស្ពឺ បានទាត់កញ្ច្រែងក្មួយស្រីលក់ព្រីង បណ្ដាលឱ្យកំពប់ទៅលើដី ហើយឯកឧត្តមបញ្ជាក់ថា ទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះ គឺមិនអាចលើកលែងបានឡើយ ក្នុងឱកាសជួបផ្ទាល់ជាមួយក្មួយស្រី ឯកឧត្តម បានផ្តល់នូវសម្ភារៈមួយចំនួន សម្រាប់រួមចំណែកសម្រួលដល់ការលំបាករបស់គាត់កន្លងមក។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នេះ ក្រោយពីបានឃើញហ្វេសប៊ុករបស់បងប្អូនដែលបានបង្ហោះរឿងសន្តិសុខ ផ្សារកំពង់ស្ពឺ បានទាត់កញ្ច្រែងក្មួយស្រីលក់ព្រីង បណ្ដាលឱ្យកំពប់ទៅលើដី ខ្ញុំពិតជាមានការរន្ធត់ និងសោកស្ដាយយ៉ាងខ្លាំង ចំពោះទង្វើអសីលធម៌បែបនេះ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមអភ័យទោសចំពោះទង្វើដែលមិនគប្បីរបស់សន្តិសុខផ្សារកំពង់ស្ពឺ ដែលបានប្រព្រឹត្តបែបនេះ (ថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២១)កន្លងទៅនេះ។

ក្នុងឱកាសជួបផ្ទាល់ជាមួយក្មួយស្រី ខ្ញុំបានផ្តល់នូវសម្ភារៈមួយចំនួន សម្រាប់រួមចំណែកសម្រួលដល់ការលំបាករបស់គាត់កន្លងមក។ សូមសំណូមពរយ៉ាងទទូចដល់បងប្អូនអាជីវករក៏ដូចជាប្រជាពលរដ្ឋទាំងអស់សូមមេត្តារក្សាឲ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈដោយជៀសវាងគិតតែប្រយោជន៍ខ្លួន ភ្លេចអំពីផលប៉ះពាល់ដល់ប្រយោជន៍អ្នកដទៃ ដែលគាត់ត្រូវការប្រើប្រាស់ផ្លូវ។

បើទោះជាយ៉ាងណាក៏ដោយ ទង្វើអសីលធម៌របស់សន្តិសុខផ្សារកំពង់ស្ពឺបែបនេះ គឺមិនអាចលើកលែងបានឡើយ។

ទាក់ទងនឹងករណីនេះផងដែរ បើតាមប្រភពព័ត៌មានច្បាស់ការមួយ បានបញ្ជាក់ឲ្យដឹងថា មានករណីទាត់កញ្ច្រែងក្មេងស្រីលក់ផ្លែ ព្រីង និងផ្លែខ្នុរ ពិតប្រាកដមែន នៅម៉ោង ២ រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ដែលបង្កឡេីងដោយសន្តិសុខផ្សារកញ្ច្រែង មាត់ស្ទឹងព្រែកត្នោត ខេត្តកំពង់ស្ពឺ។

ប្រភពដដែលបន្តថា សន្តិសុខនោះមានឈ្មោះ ឡាត់ ប៊ុនធីម ជាផ្នែករៀបចំសណ្ដាប់ធ្នាប់។ មូលហេតុដែលឈានដល់សន្តិសុខរូបនេះធ្វើបែបនេះ គឺដោយសារប្រាប់ក្មេងស្រីនោះមិនអោយលក់នៅទីនោះ តែក្មេងស្រីមិនស្ដាប់ ជាហេតុធ្វើអោយសន្តិសុខរូបនេះខឹង ក៏ទាត់កញ្ច្រែងផ្លែខ្នុរ ផ្លែព្រីងរបស់ក្មេងស្រីនោះ កំពប់ចាក់ចោលរាយប៉ាយពាសពេញលើដីតែម្ដង។

តែទោះជាបែបនេះក៏ដោយ មហាជនមិនគាំទ្រ ចំពោះទង្វើហិង្សានេះធ្វើជាដំណោះស្រាយឡើយ ដោយគេបានលើកឡើងថា បើក្មេងស្រីអាយុប្រហែលខ្ទង់ ១៣ ឆ្នាំ នេះខុសត្រូវត្រង់ណា ក៏គួរអប់រំនាងតាមរយៈវិធីដ៏ត្រឹមត្រូវ មានក្រមសីលធម៌ជាមន្រ្តី ជាមនុស្សចាស់ ចៀសវាងការប្រព្រឹត្តនូវទង្វើដ៏អាក្រក់ដល់ថ្នាក់នេះ ព្រោះសុទ្ធតែឈាមជ័រជាខ្មែរដូចគ្នាទេ គួរចេះស្រឡាញ់គ្នា មានចិត្តមេត្តា ចំពោះគ្នាទៅវិញទៅមក ទើបរស់នៅប្រកបដោយសេចក្តីសុខ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×