រដ្ឋាភិបាលតៃវ៉ាន់បាននិយាយថា ខ្លួននឹងទទួលបាននូវវ៉ាក់សាំងអាស្ត្រាសេនីកា ចំនួន៤០ម៉ឺនដូសបន្ថែមទៀតនៅថ្ងៃពុធ (១៩ ឧសភា) តាមរយៈកម្មវិធីចែកចាយវ៉ាក់សាំង COVAX នៅពេលដែល ខ្លួនកំពុងប្រឈមមុខ នឹងបញ្ហាផ្លាក់ចុះនូវការផ្គត់ផ្គង់ថ្នាំបង្ការកំឡុងពេលដែលមានការរីករាលដាលនៃជំងឺឆ្លងក្នុងប្រទេស។
ក្នុងនោះ ស្តុកវ៉ាក់សាំងរបស់របស់ប្រទេសតៃវ៉ាន់កំពុងធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយរហូតមកដល់ពេលនេះតៃវ៉ាន់ទើបទទួលបានតែជាង ៣០ ម៉ឺនប៉ុណ្ណោះ ដែលទទួលបានពីក្រុមហ៊ុនអាស្រា្តសេនីកា យ៉ាងហោចណាស់ពីរភាគបីនៃចំនួនវ៉ាក់សាំងទាំងនោះត្រូវបានចែកចាយ។
យ៉ាងណាមិញតៃវ៉ាន់បានរាយការណ៍ពីករណីឆ្លងត្រឹមមួយសប្តាហ៍មានចំនួនជាង១ពាន់នាក់។
អ្នកនាំពាក្យគណៈរដ្ឋមន្រ្តីតៃវ៉ាន់ លោក Lo Ping-cheng បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ចំនួនបន្ថែម ៤០ម៉ឺនដូសនេះ នឹងមកដល់កោះតៃវ៉ាន់នៅរសៀលថ្ងៃពុធពីទីក្រុង Amsterdam ។
លោកឡូបាននិយាយថា ការចាក់ថ្នាំបង្ការទាំងនេះគឺបានមកពីកម្មវិធីចាក់វ៉ាក់សាំង COVAX ដែលជាកម្មវិធីចែកចាយវ៉ាក់សាំងដល់ប្រទេសដែលមានប្រាក់ចំណូលទាប។
តៃវ៉ាន់បាននិយាយថា ខ្លួនរំពឹងថានឹងទទួលបានថ្នាំបង្ការអាស្ត្រាសេនីកាច្រើនជាង ១ លានដូសតាមរយៈ COVAX ។
យ៉ាងណាមិញ តៃវ៉ាន់បានបញ្ជាទិញវ៉ាក់សាំងចំនួន ២០ លានដូសបន្ថែមទៀត ដែលភាគច្រើនបានមកពីក្រុមហ៊ុនអាស្ត្រាសេនីកា និងមានពីក្រុមហ៊ុន ម៉ូឌឺណាផងដែរ បើទោះបី ភាពកង្វះជាសកលបានកាត់បន្ថយការផ្គត់ផ្គង់ក៏ដោយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងតៃវ៉ាន់ បាននិយាយសារមួយបន្ទាប់ពីសិក្ខាសាលាតាមអនឡាញ ស្តីពីការចាក់វ៉ាក់សាំងកាលពីថ្ងៃអង្គារជាមួយអ្នកការទូតអាមេរិកអង់គ្លេស ជប៉ុន និងអូស្រ្តាលីនៅតៃប៉ិថា វ៉ាក់សាំងត្រូវតែចែកចាយឱ្យបានត្រឹមត្រូវ។
កោះតៃវ៉ាន់កំពុងកៀងគរអ្នកការទូតរបស់ខ្លួន ដើម្បីព្យាយាមបង្កើនល្បឿនទទួលបានវ៉ាក់សាំងបន្ថែមទៀត ហើយកំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក សម្រាប់ចំណែកនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលប្រធានាធិបតីចូបៃដិនគ្រោងនឹងបញ្ជូនទៅបរទេស។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅតៃវ៉ាន់ បាននិយាយនៅក្នុងសិក្ខាសលាដដែលនេះថា“ ការនិយាយអំពីវ៉ាក់សាំងកូវីដ -១៩ អាចជាប្រធានបទដ៏រសើប” នេះបើយោងតាមការកត់សម្គាល់មួយច្បាប់ ដែលបានផ្សព្វផ្សាយដោយការិយាល័យរបស់លោក៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN