ភ្នំពេញ ៖ ប្រិយមិត្ត និងមហាជន បានទទួលជ្រាបរួចហើយ ជុំវិញរឿងរ៉ាវប្តឹងផ្តល់គ្នាទៅវិញទៅមក រវាងកញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV និងជាអតីតបេក្ខនារី Miss Grand Cambodia និងឧកញ៉ាជាប់ឈ្មោះបិសាចតណ្ហា ហេង សៀ ។ ដោយក្នុងការប្តឹងផ្តល់គ្នាដ៏ចម្រូងចម្រាស់នេះ គឺដំបូងឡើយ ឧកញ៉ា ហេង សៀ ប្តឹងកញ្ញា ពេជ្ររីតា ពីបទលួចទូរស័ព្ទមានស្ថានទម្ងន់ទោស ដែលធ្វើឲ្យមហាជនហួសចិត្តជាខ្លាំង ក្រោយវិភាគតាមរូបភាពវីដេអូ។ ខណៈកញ្ញា ពេជ្ររីតា វិញ ក៏បានប្តឹងបកទៅកាន់ឧកញ៉ា ហេង សៀ ពីបទប៉ុនប៉ងចាប់រំលោភមិនទាំងបង្ខំនៅក្នុងឡាន។

តែទោះយ៉ាងណា ក្រោយកញ្ញា ពេជ្ររីតា ត្រូវសមត្ថកិច្ចចាប់ខ្លួន ធ្វើឡើងតាមអំណាចពាក្យបណ្តឹងរបស់ឧកញ៉ា ហេង សៀ នៅទីបំផុត កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងនាងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន តបតាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច។
ដោយឡែក ក្រោយរឿងរ៉ាវនេះហាក់ស្ងប់ស្ងាត់ប៉ុន្មានថ្ងៃ ស្រាប់តែពេលនេះ កើតមានរឿងថ្មីភ្ញាក់ផ្អើលមួយទៀត ដោយកាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ហ្វេសប៊ុក ផ្លូវការរបស់កញ្ញា មាន ពេជ្ររីតា ត្រូវបានជនមិនស្គាល់មុខ ឬហៅថា ជនអនាមិកលួច Hack យកទៅប្រើប្រាស់ និងគ្រប់គ្រង ខណៈដែលហ្វេសប៊ុករបស់នាង មិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់តាំងពីថ្ងៃចាប់ខ្លួនមកម្លេះ។ នេះបើតាមលោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់បណ្តាញព័ត៌មាន។

លោក គី តិច បានបញ្ជាក់ប្រាប់ថា ចាប់តាំងពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ដែលនគរបាលខណ្ឌទួលគោក ចាប់ខ្លួនកញ្ញា មាន ពេជ្ររីតា មក គឺកញ្ញាមិនអាចយកមកប្រើប្រាស់ទៀតទេ ព្រោះទូរស័ព្ទស្ថិតនៅក្នុងដៃរបស់នគរបាល និងតុលាការ។ ប៉ុន្តែ ទើបតែយប់ថ្ងៃនេះ Facebook របស់កញ្ញាឃើញ Online ហើយកញ្ញាសាកចូលក្នុង Facebook របស់ខ្លួន ចូលលែងកើត ដោយសារ Username និង Password ត្រូវបានគេលួច Hack ប្តូរលេខសម្ងាត់ថ្មីបាត់ទៅហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








