ភ្នំពេញ ៖ ដូចពុកម៉ែបងប្អូនទាំងអស់គ្នា នៅលើបណ្តាញសង្គមបានទទួលជ្រាបរួចហើយ ចំពោះការលាចាកសិក្ខាបទមកវិញរបស់លោកអន្ទិត ឌួង ឆាយ កាលពីពេលថ្មីៗនេះ បន្ទាប់ពីអតីតឧកញ៉ារូបនេះ ដែលបានផ្ទុះរឿងរ៉ាវលែងលះគ្នាជាមួយអតីតភរិយា ដេត ម៉ាលីណា រហូតហែកហួររឿងរ៉ាវជីវិតគ្រួសារចេញជាសាធារណៈគ្មានសល់ នៅទីបំផុត បានសម្រេចចិត្តកោរសក់បួស ដើម្បីលាងជម្រះបាប កម្មពៀរទាំងឡាយ ដែលគិតមកទល់ពេលនេះមានរយៈពេលជាង២ខែហើយ។

ក្រោយសឹកពីព្រះសង្ឃវិញ លោក ឌួង ឆាយ ក៏បានបង្ហោះសារសុំទោសសារជាថ្មីទៅដល់ពុកម៉ែបងប្អូនជាច្រើនដែលតែងជួយលើកទឹកចិត្ត និងក៏ដូចថ្លែងអំណរគុណទៅដល់ថ្នាក់ដឹកនាំផងដែរ ែដលតែងផ្តល់ឱកាស និងក្តីមេត្តាសណ្តោសប្រោសប្រណីដល់ខ្លួនកន្លងៗមក។ ហើយលោកក៏បានប្តេជ្ញាក្រោកឈរចាប់ផ្តើមជីវិតថ្មីឡើងវិញ ខិតខំសាងតែអំពើល្អ និងទម្លាក់ចិត្តគុំគួន បញ្ចប់រាល់បញ្ហាគ្រប់បែបយ៉ាងចាប់ពីពេលនេះតទៅ បន្ទាប់ពីបានយល់ដឹងបានច្រើន នៅក្នុងផ្លូវព្រះធម៌។

ដោយឡែក នៅមុននេះ (ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១) លោក ឌួង ឆាយ បានបង្ហោះសារទាំងអួលដើមករ ទៅកាន់កូនៗទាំងក្តីអាឡោះអាល័យជាទីបំផុត និងក៏ដូចអង្វរដល់ចិត្តអតីតភរិយា ដេត ម៉ាលីណា នូវរឿងមួយនេះ ដោយបានរៀបរាប់ទាំងក្តីក្តុកក្តួលថា៖ «ពុកសូមទោសណាកូនៗ ដែលពុកគ្មានសម្ថភាពមើលថែគ្រួសារឲ្យបានល្អ។ បង្កើតកូនៗមករងទុក្ខដោយសារពុក។ ពុកពិតជានឹកកូនៗណាស់ជាង ២ ខែនេះមិនបានជួប និងគ្មានសមត្ថភាពក្នុងការជួបឱបថើបកូនៗ។

ពុកសង្ឃឹមថា នឹងបានជួបកូនៗឆាប់ៗនេះ ពួកយើងជាអ្នកបង្កើតគេមក មិនមែនគេចង់មកកើតជាមួយយើងនោះទេ។ ដូច្នេះសូមឲ្យមានការទទួលខុសត្រូវចំពោះកូនៗផង ខ្ញុំសូមអង្វរ។ អ្នកដែលពិបាករងគ្រោះបំផុតគឺកូនៗ។ អានិតជាងគេគឺកូនប្រុសច្បង គ្នាឈឺមើលមិនទាន់ឃើញច្បាស់ និងកូនស្រីពៅទើបជាង ១ ខួប មិនទាន់ដឹងអី ហើយគ្រួសារត្រូវជួបរឿងបែបនេះ។ ជីវិតខ្ញុំបានជួបព្យុះភ្លៀងខ្លាំងៗជាច្រើនដង ដែលមនុស្សទូទៅមិនដែលសូម្បីតែឮដល់ អនិច្ចាខ្លួនឯង សូមទោសនៅរាល់កំហុសរបស់ខ្ញុំ ខ្ញុំទទួលខុសទាំងអស់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
















