Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងសុខាភិបាល សន្និដ្ឋានថា ស្លាប់ ១២ នាក់ និង ៩ នាក់កំពុងព្យាបាល ដោយសារពិសាស្រា មានសារជាតិមេតាណុលខ្ពស់ នៅស្រុកល្វាឯម

ភ្នំពេញ ៖ ក្រសួងសុខាភិបាល សន្និដ្ឋានថា ហេតុការណ៍ស្លាប់ចំនួន១២នាក់ និង៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅភូមិចំនួន២ នៅស្រុកល្វាឯម បានកើតឡើង ដោយសារពួកគាត់បានពិសាស្រាស ឬស្រាថ្នាំ ដែលមានសារជាតិមេតាណុលខ្ពស់។

នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មាន ករណីស្លាប់បណ្តាលមកពីការពុលស្រា នៅស្រុកល្វាឯម ខេត្តកណ្តាល។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា នាយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ មានការរាយការណ៍មកមន្ទីរសុខាភិបាលខេត្តកណ្តាល និងក្រសួងសុខាភិបាល ថាមានករណីស្លាប់ចំនួន២នាក់ កើតឡើង នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ហើយភ្លាមៗនោះមន្ទីរសុខាភិបាលខេត្ត ក៏បានចាត់ឱ្យ ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលខេត្ត និងគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែក សហការជាមួយ នគរបាលស្រុក នគរបាល ឃុំ មេ និង ក្រុមកោសល្យវិច័យនៃស្នងការនគរបាលខេត្ត ចុះទៅពិនិត្យនិងស្រាវជ្រាវផ្ទាល់ដល់ទីកន្លែងកើតហេតុ ព្រមទាំងបានធ្វើតេស្តរហ័សដើម្បីរកវីរុសកូវីដ-១៩ ហើយលទ្ធផលបង្ហាញថា សាកសពទាំងពីរពុំមានវិជ្ជមានវីរុសកូវីដ-១៩ ទេ។ នាយប់ថ្ងៃដដែលនេះក្រុមការងារ បានបន្តការស្រាវជ្រាវ ដើម្បីស្វែងរកមូលហេតុដែលបណ្តាលឱ្យមានបញ្ហាសុខភាពនិងស្លាប់ ខាងលើនេះ ហើយតាមរយៈការសាកសួរឃើញថា ពួកគាត់ជាអ្នកចូលចិត្តហូបស្រាជាប្រចាំ និងមានអ្នកស្លាប់ជាបន្តបន្ទាប់នៅក្នុង ភូមិខាងលើនេះ អាស្រ័យហេតុនេះ ក្រុមឆ្លើយតបបន្ទាន់បានដាក់ការសង្ស័យលើការពិសាស្រា ហើយក៏បានយកសំណាកស្រាថ្នាំ និងស្រាស ពីទីតាំងសិប្បកម្មផលិតចែកចាយស្រា២កន្លែង និងពីទីតាំងលក់រាយតូចៗ ចំនួន២៩កន្លែង សម្រាប់ធ្វើការវិភាគ និងបាន ផ្ញើរមកក្រសួងសុខាភិបាលនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។ លទ្ធផលនៃការអង្កេតស្រាវជ្រាវរកឃើញថា ករណីដំបូងបង្អស់ កើតមាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ហើយករណ៏ទាំងអស់ចាប់ផ្ដើមឡើងដោយមានរោគសញ្ញាដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើមអ្នកខ្លះមានសភាពឡេះឡះ ថប់ដង្ហើមណែនទ្រូង ពិបាកដកដង្ហើមរីកប្រស្រីភ្នែក សន្លឹម និងបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយចំនួន និងជាសរុបរួមពីថ្ងៃទី៨ ដល់ ដល់ថ្ងៃទី១៩ ខែឧសភា នេះ មាន ករណីស្លាប់សរុបចំនួន១២នាក់ នៅភូមិចំនួន២គឺភូមិតាស្តរភូមិក្តីកណ្តាលឃុំសារិកាកែ ស្រុកល្វាឯមដូចមាន៖ អ្នកស្លាប់ចំនួន១២នាក់មានអាយុចន្លោះ២៧ដល់៥៨ឆ្នាំ ​ក្នុងនោះស្លាប់នៅផ្ទះចំនួន៤នាក់ នៅមន្ទីរពេទ្យបង្អែកល្វាឯម៦នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតម្នាក់ នៅមន្ទីរពេទ្យកាល់ម៉ែតម្នាក់​ ចំណែកអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកល្វាឯម៦នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ២នាក់ មានអការៈធ្ងន់ធ្ងរ និងនៅមន្ទីរពេទ្យបង្អែកព្រែកព្នៅម្នាក់។

ក្រុមការងារឆ្លើយតបបន្ទាន់ និងអាជ្ញាធរពាក់ព័ន្ធបានចុះអប់រំណែនាំប្រជាជននៅតាមភូមិ-ឃុំ ដែលកើតហេតុ ឲ្យមានការប្រុងប្រយ័ត្ន ខ្ពស់ដោយអនុវត្តខ្ជាប់ខ្ជួននូវអនាម័យចំណីអាហារឲ្យបានល្អ និងត្រូវបញ្ឈប់ជាបន្ទាន់នូវការពិសាស្រាដែលផលិតឬបិតស្រាមិនបាន ត្រឹមត្រូវតាមក្បួនខ្នាតបច្ចេកទេស និងបញ្ឈប់ការលក់ស្រានិងទីតាំងផលិតចែកចាយស្រាទាំង២កន្លែង ក្នុងតំបន់គោលដៅដែលកើត មាននូវករណីខាងលើ។ បន្តតាមដាន និងអប់រំប្រជាជនទូទៅ អំពីអនាម័យចំណអាហារ ចេះការជង មនការពុលស ដោយមានចែកជូននូវសារអប់រំជាដើម។

លទ្ធផលពីមជ្ឈមណ្ឌលជាតិមន្ទីរពិសោធន៍សុខាភិបាល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បង្ហាញថា មន្ទីរពិសោធន៍ទទួលបាន សំណាកស្រា២៨សំណាក ក្នុងនោះស្រាថ្នាំ១៥សំណាក ស្រាស១៣សំណាក ដែលមានសារធាតុមេតាណុល (Methanol) លើស កម្រិតធំជាង០,៥ភាគរយ ( >០, ៥% ) មានចំនួន២០សំណាក ដែលធ្វើឱ្យពុល ដែលកម្រិតមិនពុលនោះមិនត្រូវលើសពី០,១% ឡើយ។

ពាក់ព័ន្ធនឹងករណីខាងលើ ក្រសួងសុខាភិបាលសន្និដ្ឋានថា “ហេតុការណ៍ស្លាប់នៅភូមិទាំង២ខាងលើ បានកើតឡើង ដោយសារពួកគាត់បានពិសាស្រាស ឬស្រាថ្នាំ ដែលមានសារជាតិមេតាណុលខ្ពស់ បញ្ជាក់តាមលទ្ធផលបានមកពី មន្ទីរពិសោធន៍ ហើយនាពេលកន្លងមកក៏មានករណីពុលស្រាស ឬស្រាថ្នាំពីពេលមុនៗជាច្រើនដងមកដែរ។ ដូច្នេះ សូម បងប្អូន ប្រជាពលរដ្ឋ បញ្ឈប់ជាបន្ទាន់នូវការពិសាស្រាស ឬស្រាថ្នាំ ដែលផលិតដោយមិនមានបច្ចេកទេសត្រឹមត្រូវ ជាពិសេសស្រាដែលយកមេតាណុលមកលាយ ( ហាមដាច់ខាត) ។ បើនៅតែបន្តពិសាស្រាស ឬស្រាថ្នាំទាំងនេះទៀតនោះ នឹងបណ្តាលឲ្យប៉ះពាល់ ដល់សុខភាព ទៅជាឈឺ ឬអាចបាត់បង់ជីវិត។ ប្រសិនបើបងប្អូនមានបញ្ហាសុខភាព ឬជំងឺសូមប្រញាប់ទៅកាន់ មណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតបំផុត “។

ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យថាមាការឆ្លងជំងឺ សូមប្រញាប់ទៅស្វែងរក ការពិនិត្យពិគ្រោះនៅមន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងតាមលេខផ្តល់ជូនខាងក្រោមនេះ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×