Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស រៀបចំសិក្ខាសាលាក្រោមប្រធានបទ «ច្បាប់និងការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានការរីកសាយភាយអាវុធមហាប្រល័យ »

ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ក្រោមប្រធានបទ «ច្បាប់ និងការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានការរីកសាយភាយអាវុធមហាប្រល័យ »ក្រោមអធិបតីភាពរបស់ឯកឧត្តម បណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ កិច្ចសិក្ខាសាលានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែឧសភាឆ្នាំ២០២១ នេះ។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ការយល់ដឹងការងារប្រឆាំងការសម្អាតប្រាក់ សម្រាប់មន្រ្ដីរាជការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ក្នុងឱកាសនេះ វាគ្មិនមកពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុនៃធនាគារជាតិនៃកម្ពុជា ក៏ត្រូវបានអញ្ជើញចូលរួមដើម្បីធ្វើបទបង្ហាញ ផងដែរ។
សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងសេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០។ ហើយត្រូវបានរដ្ឋសភាបានអនុម័ត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ។

សេចក្ដីព្រាងច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មមាន ៩ ជំពូក និង ៤៧ មាត្រា។ ចំណែកសេចក្ដីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យមាន ៨ ជំពូក និង ២៤ មាត្រា។

សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ក្នុងការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដើម្បីបំពេញនូវចំណុចខ្វះខាតជាយុទ្ធសាស្រ្តមួយចំនួនទាក់ទងនឹងមូលដ្ឋានគតិយុត្តនិងវិធានការដើម្បីអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ស្ដីពីការដាក់ទណ្ឌកម្មហិរញ្ញវត្ថុតាមគោលដៅចំពោះហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។ បន្ថែមពីលើនេះ សេចក្តីព្រាងច្បាប់នេះនឹងធានាការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដោយកំណត់អំពីវិធានការបង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

ជាមួយគ្នានេះ ព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិក នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វ៊ិកស្តីពីការសម្អាតប្រាក់ (Asia Pacific Group on Money Laundering – APG) នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៤។
កាលពីខែកុម្ភៈ ឆ្នាំ ២០១៩ ក្រុមការងារហិរញ្ញវត្ថុហៅកាត់ថា FATF បានដាក់កម្ពុជាក្នុងបញ្ជីប្រផេះ ហើយកាលពីខែឧសភាកន្លងទៅសហភាពអឺរ៉ុបបានដាក់កម្ពុជាក្នុងបញ្ជីរដ្ឋដែលមានហានិភ័យផ្នែកហិរញ្ញវត្ថុសម្រាប់សហភាពអឺរ៉ុប៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×