ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញឲ្យលោកប៉ុល ហំម អតីតអនុប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ និងលោកផាន់ ច័ន្ទសាក់ អតីតសមាជិកគណៈកម្មាធិការនាយក ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល ៥ឆ្នាំ តាមអំណាចដីកាលេខ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។
លោកប៉ុល ហំម និងលោកផាន់ ច័ន្ទសាក់ បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ទៅក្រសួងមហាផ្ទៃ កាលពីពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ប្រាប់ CEN ថា ចំពោះការស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ របស់លោកប៉ុល ហំម និងលោកផាន់ ច័ន្ទសាក់ គឺសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានស្នើលិខិតស្នើសុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។
យោងតាមលិខិតរបស់លោកប៉ុល ហំម និងលោកផាន់ ច័ន្ទសាក់ ដាក់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា “ខ្ញុំបាទ ប៉ុល ហំម អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃ , ខ្ញុំបាទ ផាន់ ច័ន្ទសាក់ អតីតសមាជិកគណៈកម្មាធិការនាយក ដែលកំពុងស្ថិតនៅក្នុងការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ សម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាល ដីកាលេខ៣៤០ (ឆ) ករណីគណបក្សសង្គ្រោះជាតិចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។ ដោយផ្អែកតាមមាត្រា៤៥ថ្មី (ស្ទួនមួយ) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបង្កលក្ខណៈឲ្យអ្នកដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ អាចទទួលបាននីតិសម្បទា ធ្វើនយោបាយឡើងវិញ ។ ដូចនេះខ្ញុំបាទសូមស្នើសុំ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី មេត្តាពិនិត្យតាមនីតិវិធីដើម្បីផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញដល់រូបខ្ញុំ ដោយក្តីអនុគ្រោះ”។
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ បានប្រាប់ថា នៅមានអតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ មួយចំនួនទៀតគ្រោងនឹងដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ នៅពេលឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន ២៣រូប ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល ៥ឆ្នាំ តាមអំណាចសាលដីកាចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល៕ រក្សាសិទ្ធិដោយៈ ចេស្តារ

