ភ្នំពេញ ៖ គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបដិសេធថា បុគ្គលឈ្មោះ ដេវិដ ឆាណាយវា មិនមែនជាមេធាវី នៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាឡើយ បុគ្គលនេះ ត្រូវបានលុបឈ្មោះចេញពីបញ្ជីគណៈមេធាវីតាំងពីឆ្នាំ២០០៣ មកម៉្លេះ ។ ហើយការក្លែងឋានៈជាមេធាវី របស់បុគ្គលនេះ គឺជាអំពើល្មើសច្បាប់។
ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីឈ្មោះ ដេវិដ ឆាណាយវា បានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ កូន មានវាសនា ដោយបានអះអាងថា ខ្លួនឯងជាមេធាវី ទាក់ទងនឹងការបកស្រាយរឿងក្ដីរវាងកញ្ញា មាន ពេជ្រវីតា និងលោកឧកញ៉ា ហេង សៀ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា នាពេលថ្មីៗនេះ ឈ្មោះ ដេវិដ ឆាណាយវា ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ កូន មាន វាសនា បានអះអាងថា ខ្លួនឯងជាមេធាវី ទាក់ទងនឹងការបកស្រាយរឿងក្ដីរវាងកញ្ញា មាន ពេជ្រវីតា និងលោកឧកញ៉ា ហេង សៀ និងមានបណ្តាញសង្គមមួយចំនួនដូចជា ហ្វេសប៊ុក (Facebook) និងយូធូប(YouTube) ក៏បានផ្សព្វផ្សាយថា ឈ្មោះ ដេវិដ ឆាណាយវា គឺជាមេធាវីធ្វើ ឱ្យសាធារណជនភាន់ច្រឡំថា ឈ្មោះ ដេវីដ ឆាណាយវា ជាមេធាវី។ ធាតុពិតបុគ្គលរូបនេះមិនមែនជាមេធាវីនៃព្រះរាជាណាចក្រកម្ពុជាឡើយ បុគ្គលរូបនេះត្រូវបានក្រុមប្រឹក្សាគណៈមេធាវីសម្រេចលុបឈ្មោះចេញពីបញ្ជីគណៈមេធាវីតាំងពីឆ្នាំ២០០៣ មកម៉្លេះ។ ការក្លែងឋានៈជាមេធាវី គឺជាអំពើល្មើសច្បាប់។

ជាមួយគ្នានេះ គណៈមេធាវីទាមទារឱ្យឈ្មោះ ដេវិដ ឆាណាយវា ធ្វើការកែតម្រូវការអះអាងរបស់ខ្លួនឡើងវិញ និងអំពាវនាវដល់បណ្តាញសង្គមដែលផ្សព្វផ្សាយថាបុគ្គលរូបនេះជាមេធាវី សូម បញ្ឈប់ការផ្សព្វផ្សាយបន្តទៀតនិងកែតម្រូវព័ត៌មានកន្លងមក ដើម្បីចៀសវាងសាធារណជន មានការភាន់ច្រឡំបន្ដទៀត។ ក្នុងករណីដែលសាធារណជនមានបំណងចង់ផ្ទៀងផ្ទាត់លើសមាសភាពមេធាវីណាមួយ អាចធ្វើតាមរយៈមធ្យោបាយដូចជា ស្កេនកូដ (QR CODE) លើប័ណ្ណសម្គាល់ខ្លួនមេធាវីរូបនោះ។ ផ្ទៀងផ្ទាត់ឈ្មោះតាមកម្មវិធីបញ្ជីឈ្មោះមេធាវី (LAWYER DIRECTORY) ដែលសាធារណជនអាចស្វែងរកបាននៅក្នុង APP STORE ឬ PLAY STORE បានដោយ ឥតគិតថ្លៃ។
ផ្ទៀងផ្ទាត់ឈ្មោះតាមគេហទំព័ររបស់គណៈមេធាវី www.bakc.org.kh និងទំនាក់ទំនងសួរព័ត៌មានបន្ថែមមកគណៈមេធាវីតាមលេខទូរស័ព្ទ ០១២ ៥០២ ៩៩៩ និង ០១២ ៦៨៩ ៦៦៧ នៅរៀងរាល់ម៉ោងធ្វើការ។ សូមរម្លឹកថា ឈ្មោះ ដេវិដ ឆាណាយវា ធ្លាប់មានរឿង អាស្រូវ ជាច្រើន និងមានសំណុំរឿងមួយចំនួន ត្រូវបាន សមត្ថកិច្ចបញ្ជូន ទៅ តុលាការ ហើយត្រូវ បាន តុលាការផ្តន្ទាទោសដាក់ ពន្ធនាគារផងដែរ៕ រក្សាសិទ្ធិដោយៈ ចេស្តារ



