តាមការកាសែត Daily Mail បានចុះផ្សាយឲ្យដឹងថា សាកសពស្លាប់ពីជំងឺ Covid-19 ហើមរលួយរាប់រយ បាននិងកំពុងរសាត់អណ្តែតពាសពេញផ្ទៃទឹក នៃទន្លេគង្គា នៅក្នុងប្រទេសឥណ្ឌា ខណៈដែលប្រទេសមួយនេះ បានកត់ត្រាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដែលជាតួលេខខ្ពស់បំផុត ឡើងរហូតដល់ ៤.៥២៩ នាក់។
បើតាមអ្នកស្រុកដែលរស់នៅផ្នែកខាងក្រោម ពោលគឺនៅតាមដងទន្លេ ដែលមានប្រវែង ២,៥២៥ គីឡូម៉ែត្រ បាននិយាយថា សាកសពថ្មីៗរាប់សិប ត្រូវបានឃើញលេចចេញជារៀងរាល់ថ្ងៃ។

អ្នកស្រុកនៅក្នុងរដ្ឋ Uttar Pradesh បាននិយាយថា ពួកគេកំពុងត្រូវបង្ខំចិត្តដើរកាត់សាកសព នៅពេលចុះទៅងូតទឹកនៅក្នុងទន្លេ ខណៈដែលសត្វឆ្កែព្រៃ និងសត្វស្លាបជាច្រើន កំពុងស៊ីសាកសពដែលរលួយស្អុយ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងរលកទី២ នៃជំងឺកូវីដ១៩ដ៏ធ្ងន់ធ្ងរនេះ អស់រយៈពេលមួយខែមកហើយ។ ហើយបើទោះជាចំនួនឆ្លងបានចាប់ផ្តើមថយចុះក៏ដោយ ក៏ប្រទេសនេះកំពុងប្រឈមនឹងការកើនឡើងនូវចំនួនអ្នកស្លាប់ប្រចាំថ្ងៃជាបន្តបន្ទាប់ ដែលតួលេខអ្នកស្លាប់ផ្លូវការរបស់ប្រទេសឥណ្ឌាមានចំនួន ២៨៣.០០០ នាក់។

តែទោះយ៉ាងណា អ្នកស្រុកហាក់បីដូចជាមិនជឿនិងតួលេខនេះ ហើយនិយាយថា មានភាពខុសគ្នាខ្លាំងរវាងចំនួនតួលេខផ្លូវរបស់ក្រសួង និងតួលេខជាក់ស្តែង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






