ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា ដែលកំពុងតែដឹកនាំ និងបន្តដឹកនាំទៅថ្ងៃអនាគតដ៏យូរអង្វែង ដោយសម្តេចតេជោជាប្រធានបក្សនេះចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥មក បានសម្រេចកំណត់យកជាផ្លូវការទៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនថា ២០ឧសភា ជាទិវាបុណ្យផ្លូវការមួយរបស់គណបក្សក្នុងចំណោមបុណ្យផ្លូវការចំនួន៤ ដូចជាបុណ្យខួបកំណើតបក្ស២៨មិថុនា បុណ្យ៧មករា និងខួបរណសិរ្ស២ធ្នូជាដើម។

ការកំណត់បែបនេះត្រូវបានធ្វើឡើងតាមសំឡេងដង្ហើយហៅរបស់ជនរួមជាតិខ្មែរ ដែលរងគ្រោះសល់ពីការកាប់សម្លាប់របស់បនប្រល័យពូជសាសន៍ ដោយគណបក្សប្រជាជនកម្ពុជាដ៏ចាស់ទុំផ្នែកនយោបាយសតិអារម្មណ៍ចាត់តាំង និងកំពុងដឹកនាំព្រមទាំងបន្តដឹកនាំប្រទេសកម្ពុជា ទៅថ្ងៃមុខដ៏យូរអង្វែងតទៅទៀត បានកំណត់ហៅថ្ងៃ ២០ឧសភា ថាជា “ទិវាគោរពវិញ្ញាណក្ខន្ធប្រជាជនកម្ពុជាដែលរងគ្រោះដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត”។
នៅថ្ងៃ ២០ឧសភា ឆ្នាំ២០២១នេះ ទិវាគោរពវិញ្ញាណក្ខន្ធនេះត្រូវបានផ្អាកប្រារព្ធធ្វើឡើងដោយសារជំងឺកូវីដ-១៩ នៅបន្តរាលដាលពាសពេញពិភពលោក និងនៅកម្ពុជាយើងផងនោះ នេះបើយោងតាមលិខិតសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ដែលជម្រាបជូនឯកឧត្តម លោកជំទាវ ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា រាជធានី ខេត្តទាំងអស់ឲ្យបានជ្រាប។

យោងតាមការសិក្សាស្រាវជ្រាវ របស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមានលោក ឆាំង យុ ជាប្រធាន បានបង្ហាញភស្តុតាងជាច្រើនឲ្យឃើញថា “នៅថ្ងៃ ២០ឧសភា ឆ្នាំ១៩៧៦ ក្រោយបន្តិចដែលរដ្ឋសភាកម្ពុជាប្រជាធិបតេយ្យអនុម័តឲ្យ ប៉ុល ពត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី តាមការចាត់ចែងរបស់គណៈ ៨៧០ ឬគណៈអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្តកម្ពុជា ឬអង្គការ ពេលនោះ ប៉ុល ពត មានតួនាទីជាលេខាទី១នៃបក្សផងនោះ បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តមួយ ឲ្យបោសសម្អាតប្រជាជនគ្រប់ជាន់ថ្នាក់ដែលពួកគេចាត់ទុកថា ជាពួកប្រឆាំងនឹងខ្លួន”។

“បោសសម្អាត ឬកម្ទេចជាភាសារបស់អង្គការ ដែលមានន័យស្មើនឹងយកទៅសម្លាប់ចោល” ។
ខ្លឹមសារនៃសេចក្តីសម្រេចចិត្ត ២០ឧសភា ១៩៧៦ របស់នាយករដ្ឋមន្ត្រី ប៉ុល ពត បានឆក់យកអាយុជីវិតប្រជាជនកម្ពុជាអស់រាប់លាននាក់។ ក្នុងរយៈពេលជិត៤ឆ្នាំដែលពួកនេះដឹកនាំ និងគ្រប់គ្រងប្រទេសកម្ពុជា បន ប៉ុល ពត អៀង សារី បានអនុវត្តន៍នូវមាគ៌ាសម្លាប់មនុស្សយ៉ាងព្រៃផ្សៃបំផុត។
យោងតាមរបាយការណ៍មួយដែលធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ១៩៨៣ របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានផ្តល់នូវតួលេខចំនួនមនុស្សស្លាប់ក្នុងរបប ប៉ុល ពត មានជាង៣លាននាក់ ក្នុងនោះមានវេជ្ជបណ្ឌិត ឱសថការី ទន្តបណ្ឌិត ចំនួន ៥៩៤នាក់ មេធាវី និងសាស្ត្រាចារ្យចំនួន៦៧៥នាក់ គ្រូបង្រៀន ១៨.០០០នាក់ សិស្សនិស្សិតចំនួន ១០.៥៥០នាក់ អ្នកកាសែត ១៩១នាក់ សិល្បករ១.១២០នាក់ ធ្វើគត់ព្រះសង្ឃចំនួន ២៥.១៦៨អង្គ។ កេរដំណែលនៃរបបវាលពិឃាដ ប៉ុល ពត នៅតែបន្តញំញីប្រទេសកម្ពុជារហូតមកដល់សព្វថ្ងៃ។

គណៈកម្មការស្រាវជ្រាវឧក្រិដ្ឋកម្មនៃរបបខ្មែរក្រហម ប៉ុល ពត ត្រូវបានបង្កើតឡើងដោយរណសិរ្សនៅថ្ងៃទី៥ ខែតុលា ឆ្នាំ១៩៨២ ហើយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ រដ្ឋសភាជាតិនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានចេញសេចក្តីសម្រេចទទួលស្គាល់ និងអនុម័តនូវការរកឃើញដោយគណៈកម្មការស្រាវជ្រាវ និងបានកំណត់យកថ្ងៃ២០ឧសភា រៀងរាល់ឆ្នាំធ្វើជាថ្ងៃចងចាំការឈឺចាប់ដែលបង្ករឡើងដោយឧក្រិដ្ឋកម្មរបស់របប ប៉ុលពត អៀង សារី។
នៅក្នុងចន្លោះពេលនៃការកាន់តំណែង ជារដ្ឋមន្ត្រីការបរទេសវ័យក្មេងជាងគេ លើពិភពលោកពីឆ្នាំ១៩៧៩ដល់ដើមឆ្នាំ១៩៨៥ សម្តេចតេជោ ហ៊ុន សែន បានទទួលជួបនឹងជនបរទេសជាច្រើន ទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសកម្ពុជាដើម្បីពន្យល់ប្រាប់ពួកគេថា “ហេតុអ្វីបានជាប្រជាជនកម្ពុជា ដាច់ខាតបដិសេធមិនអនុញ្ញាតឲ្យពួក ប៉ុល ពត ត្រឡប់មកកាន់អំណាចវិញ ហើយនៅក្នុងអំឡុងពេលនោះ លោកក៏ធ្លាប់បានជួបរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅក្រៅប្រទេសដើម្បីបញ្ជាក់ជូន លោករដ្ឋមន្ត្រីការបរទេសអូស្ត្រាលី បៀល ហេយ៍ឌែន ថា លោកពិតជាចង់បានដំណោះស្រាយនយោបាយមួយ រឿងជម្លោះកម្ពុជាដោយឈរលើមូលដ្ឋាន នៃការទប់ស្កាត់មិនឲ្យពួក ប៉ុល ពត មកកាន់អំណាចវិញ”។

ការប្រារព្ធទិវាចងចាំ ២០ឧសភា ទោះបីជាស្ថិតក្នុងទ្រង់ទ្រាយធំ តូច មធ្យម ឬទន្ទេញក្នុងក្រអៅបេះដូងយ៉ាងណាក៏ដោយ ក៏មានអត្ថន័យបញ្ជាក់ច្បាស់ថា កម្ពុជាភ័យខ្លាចមិនចង់ឲ្យមេរៀនប្រវត្តិសាស្ត្រ ដ៏ជូរចត់នៃរបបយង់ឃ្នងព្រៃផ្សៃ ប៉ុល ពត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃនេះត្រឡប់វិញឡើង។
“២០ឧសភា មិនយកនរណាម្នាក់ធ្វើជាសត្រូវទេ ប៉ុន្តែសតិសម្បជញ្ញៈយើងបានបង្ហាញថា ការព្យាយាមបំបាត់ចោលនៃស្មារតី ២០ឧសភា ទិវាចងចាំគឺជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ដល់វិញ្ញាណក្ខន្ធជនកម្ពុជាដែលបានបាត់បង់ជីវិតក្នុងរបប ប៉ុល ពត និងវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ដោយសាររំដោះជនកម្ពុជាឲ្យរួចផុតពីការកាប់សម្លាប់នេះ” ។
ជនកម្ពុជាទាំងឡាយ ត្រូវតែរួបរួមសាមគ្គីថែរក្សាស្មារតីនៃទិវាចងចាំ ២០ឧសភា ដោយហេតុថា នៅលើទឹកដីនេះពុំមានគ្រួសារកម្ពុជាណាមួយ ដែលមិនមានសាច់ញាតិរបស់ខ្លួន ត្រូវបានកាប់សម្លាប់យ៉ាងព្រៃផ្សៃ ដោយសារសេចក្តីសម្រេចចិត្ត ២០ឧសភា ១៩៧៦នោះឡើយ។

យើងត្រូវបន្តថៃរក្សាស្មារតី ២០ឧសភា ទិវាចងចាំឲ្យដូចជាថែរក្សាប្រស្រីភ្នែករបស់យើង ថែរក្សាអាយុជីវិតរបស់យើង យើងមិនចងអាឃាដព្យាបាទទេ តែយើងថែរក្សាទុកជាមេរៀនប្រវត្តិសាស្ត្រសម្រាប់កម្ពុជាជំនាន់នេះ និងកម្ពុជាជំនាន់ក្រោយៗទៀត។ ស្មារតី ២០ឧសភា ឆ្លុះបញ្ចាំងយ៉ាងប្រត្យក្ស នៅក្នុងគោលដៅយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនោះគឺ “ការពារសមិទ្ធផលជាតិ ឲ្យបានស្ថិតស្ថេរធានាការគោរពសិទ្ធិមនុស្ស គោរពច្បាប់ យុត្តិធម៌សង្គម ពង្រឹងធ្លុងសាមគ្គីជាតិប្រកបដោយសុខដុមរមនា”៕រក្សាសិទ្ធិដោយ៖CEN




























