ភ្នំពេញ÷បុរសជនជាតិចិន២នាក់បានបើករថយន្តព្រូសមួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូវបំបែកជា៤មិនបង្អង់បានជ្រុលចង្កូតទៅបុករថយន្ត morning កំពុងតែបើកឆ្លងផ្លូវ ចំពាក់កណ្តាលទ្វារខាងស្តាំពេញទំហឹងបណ្តាលឲ្យរថយន្តmorning ខ្ទាតទៅមុខជាច្រើនម៉ែត្រ ចំណែកឯតៃកុងរថយន្តបង្កត្រូវសមត្ថកិច្ចឃាត់ឲ្យនៅដោះស្រាយជាមួយអ្នករងគ្រោះនៅកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង៤ និង៥០នាទីភ្លឺឈានចូលថ្ងៃសុក្រទី២០ ខែឲសភា ឆ្នាំ២០២១ ត្រង់ចំណុចស្ពាននាគ ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវ១០៦ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក morningមួយគ្រឿងពណ៌ទឹកដោះគោពាក់ផ្លាកលេខ ភ្នំពេញ2-BI 2181 បើកដោយបុរសម្នាក់រួមដំណើរជាមួយប្រពន្ធនិងកូន២នាក់ទៀតបានធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនមធ្យមខណៈមកដល់ចំណុចកើតហេតុខាងលើផ្លូវបំបែកជា៤ ចំណុចជាប់និងគល់ស្ពាននាគ ស្រាប់តែគេឃើញរថយន្តម៉ាកព្រូសមួយគ្រឿងទៀតពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2-BA 0187បើកបដោយបុរសជនជាតិចិន២នាក់បានធ្វើដំណើរតាមបណ្តោយផ្លូវ១០៦ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមកបុករថយន្តmorning ចំពាក់កណ្តាលទ្វារខាងស្តាំពេញទំហឹងបណ្តាលឲ្យខ្ទាតទៅមុខជាច្រើនម៉ែត្ររងការខូចខាតផ្នែកចំហៀងខាងស្តាំយ៉ាងដំណំ សំណាងល្អក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍មួយនេះមិនបង្កឲ្យមាននរណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេរងការខូចខាតរថយន្តទាំងសង្ខាង។
ក្រោយពេលកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយភាគីទាំងពីរចរចាអត់ត្រូវគ្នាក៏ទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុងឱ្យចុះមកការវាស់វែងនិងធ្វើកំណត់ហេតុយករថយន្តទាំង ២ គ្រឿងទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត