Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វិធានការ​បន្ទាន់​ដើម្បី​ត្រួតពិនិត្យ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជម្ងឺ​ដុំ​ពក​ស្បែក​គោ និង​ក្របី , សត្វ​ឈ្មោល​អាច​បាត់បង់​សមត្ថភាព បង្ក​កំណើត និង​មេ​ផើម​អាច​រលូត​កូន​

ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បាន​ថ្លែងថា ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី (Lumpy Skin Disease-LSD) ជា​ជំងឺ​បង្កដោយ​វីរុស​ក្នុង​ក្រុម Poxviridae នៃ​ប្រភេទ Capripoxvirus ដែល​បាន​ផ្ទុះ​ឡើងជា​លើកដំបូង​នៅ​ប្រទេស​ហ្សំ​ប៊ី (Zambia) នៅ​ឆ្នាំ​១៩២៩ ហើយ​បាន ឆ្លង​រាលដាល​ពាសពេញ​ពិភពលោក​ក្នុងនោះ​មាន​ទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា អឺរ៉ុប​ប៉ែក​អាគ្នេយ៍ អាស៊ី​កណ្តាល អាស៊ី ខាងត្បូង និង​ប្រទេស​ចិន ដែល​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​គ្រួសារ​កសិករ​ចិញ្ចឹមសត្វ និង​សេដ្ឋកិច្ចជាតិ​។​

នៅ​ប្រទេស​ចិន ជំងឺ​នេះ​បាន​ឆ្លង​រាលដាល​ចាប់តាំងពី​ខែសីហា ឆ្នាំ​២០១៩ រហូតមកដល់​ខែមិថុនា ឆ្នាំ​២០២០​។ ចំណែក នៅ​ប្រទេស​វៀតណាម​វិញ ជំងឺ​ដុំ​ពក​លើ​ស្បែក​នេះ បាន​ផ្ទុះឡើង​ចាប់ពី​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ២០​កន្លែង​នៅ​ភាគ​ខាងជើង និង​ភាគ​កណ្តាល​។​

ថ្មីៗ​នេះ តាមរយៈ​របាយការណ៍​ចុះ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២១ នៅ​ប្រទេស​ថៃ​ក៏មាន​ករណី​ផ្ទុះឡើង​នៃ​ជំងឺ​នេះ​ចំនួន ១៧​ខេត្ត​-​ក្រុង ដែល​ក្នុងនោះ​មាន​ខេត្ត​ចំនួន​៤ ដែលមាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​កម្ពុជា ដូចជា ខេត្ត​សុរិន្ទ ខេត្ត​បុរី​រាំ ខេត្ត​អ៊ូ​ប៊ុន​រ៉ា​ត​ឆា​ថា​នី និង​ខេត្ត​ស៊ីសាកេត​។​

​ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី (Lumpy Skin Disease-LSD)​នេះ កើតឡើង​ដោយមាន​រោគសញ្ញា​សំខាន់ៗ ដែលមាន​អត្រា​សត្វ​ឈឺ​ពី​៥-៤៥% និង​អត្រា​ងាប់​តិចជាង​១០% ដែល​បង្កឱ្យមាន​ការខាតបង់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចជាតិ ដោយសារ​ជំងឺ​នេះ​មាន​លេចចេញ​នូវ​រោគសញ្ញា​មាន​លក្ខណៈ​ជា​ដុំ​ពកៗ តូច ឬ​ធំ​ទៅតាម​ស្ថានភាព​នៃ​ជំងឺ​ដែល​គេ​រក ឃើញ​នៅលើ​ស្បែក​នៃ​ដងខ្លួន​សត្វ កញ្ចឹងក ច្រមុះ ក្រអូមមាត់ ប្រដាប់ភេទ កន្សោមដោះ និង​កំដៅ​ខ្លួន​អាច​ឡើងដល់ ៤១​អង្សា​សេ​។

​ដុំ​ពក​នេះ​អាច​បង្ក​ទៅជា​ក្រមរ ហើយ​អាច​បង្ក​ទៅជា​ដំបៅ ចំពោះ​សត្វ​ឈ្មោល​អាច​បាត់បង់​សមត្ថភាព បង្ក​កំណើត និង​មេ​ផើម​អាច​រលូត​កូន​។ មេរោគ​នេះ​អាច​ឆ្លង​ពីស​ត្វ​មួយ​ទៅ​សត្វ​មួយទៀត​តាមរយៈ​ការប៉ះពាល់​ផ្ទាល់ ពី​សត្វ​ទៅ​សត្វ​) ដោយ​ប្រយោល​តាម​ភ្នាក់ងារ​ចម្លងរោគ (​ពពួកសត្វ​បឺត​ជញ្ជក់​ឈាម​៖ រុយ មូស ដង្ហែ​តា​បោ​ម​.. ) មធ្យោបាយ​ដឹកជញ្ជូន ចំណី​សត្វ ទឹក​មេជី​វិត​បង្កក បរិស្ថាន និង​ភ្នាក់ងារ​ចម្លង​ផ្សេងៗ​ទៀត​។ មេរោគ​បង្ក​ជំងឺ​នេះ​មាន ភាព​ធន់​នៅក្នុង​បរិស្ថាន និង​អាច​រស់​នៅបាន​ក្នុង​ក្រមរ​ស្បែក​ស្ងួត​រហូតដល់​៣​ខែ និង​រហូតដល់​៦​ខែ​នៅក្នុង​ទ្រុង​សត្វ កខ្វក់ និង​គ្មាន​ពន្លឺ​ចេញ​-​ចូល​គ្រប់គ្រាន់​។ មេរោគ​នេះ​អាច​រស់នៅក្នុង pH ពី​៦,៣ ទៅ​៨,៣ ហើយនឹង​ងាយ​ងាប់​ដោយ​ពន្លឺ​ថ្ងៃ ជាតិ​អាស៊ីត ជាតិ​បាស​ខ្ពស់ និង​បញ្ឈប់​សកម្មភាព​នៅ​សីតុណ្ហភាព​៥៥​អង្សា​សេ​ក្នុង​រយៈពេល​២​ម៉ោង ៦០​អង្សា​សេ ក្នុង​រយៈពេល​១​ម៉ោង និង​៦៥​អង្សា​សេ​ក្នុង​រយៈពេល​៣០​នាទី និង​ងាយ​កម្ចាត់​ដោយសារ​ទឹកសាប៊ូ​។​

​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យមាន​ប្រសិទ្ធភាព ខ្ពស់​នោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​សូម​ធ្វើ​ការណែនាំ​ដល់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​រាជធានី​-​ខេត្ត ជាពិសេស​បណ្តា​ខេត្ត ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ត្រូវអនុវត្ត និង​ចូលរួម​សហការ​ជាមួយ​អង្គភាព និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​៖

១. ត្រូវ​បន្ត​ជំរុញ​ការអនុវត្ត​វិធានការ​ចាំបាច់ និង​បន្ទាន់​នានា ដើម្បី​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ ដុំ​ពក​ស្បែក​គោ ក្របី (Lumpy Skin Disease-LSD) ដោយ​ត្រូវធ្វើ​ការតាមដាន ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់ និង​ជាប្រចាំ​លើ​សុខភាព​សត្វ​គោ ក្របី​នៅ​ទូទាំងប្រទេស និង​ត្រូវអនុវត្ត​វិធានការ​ជីវ​សុវត្ថិភាព អនាម័យ នៅ​គ្រប់​ទីកន្លែង​ចិញ្ចឹម កន្លែង​ប្រមូលផ្តុំ និង​ទីផ្សារ​។ ជាមួយគ្នានេះ​ផងដែរ ក៏ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ អនាម័យ​សាច់ និង​ផលិតផល​សត្វ ព្រមទាំង​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​តាម​គ្រប់​រូបភាព​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការយល់ដឹង​ពី​ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី និង​ចូលរួម​អនុវត្ត​វិធានការ​ឱ្យបាន​ត្រឹមត្រូវ​។

២. ទប់ស្កាត់​ការនាំ​ចូល​គោ ក្របី​រស់ និង​ផលិតផល​គោ ក្របី ទឹក​មេជី​វិត​បង្កក គ្រប់​ប្រភេទ​ដែល​ខុសច្បាប់ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់​លំដាប់ថ្នាក់ ជាពិសេស​សមត្ថកិច្ច​នៅតាម​ច្រកព្រំដែន​។​

៣. បង្កើន​ការអង្កេត​តាមដាន និង​ឃ្លាំមើល​ស្ថានភាព​សុខភាព​សត្វ​គោ ក្របី​នៅតាម​មូលដ្ឋាន កន្លែង​ចិញ្ចឹមសត្វ និង​តាម​កសិដ្ឋាន​ជាប្រចាំ ព្រមទាំង​ធ្វើការ​ប្រមូល​សំណាក​ដែល​សង្ស័យ រួច​ប​ញ្ចូ​ន​មក​មន្ទីរពិសោធន៍ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​វិភាគ​រក​មេរោគ​ដោយ​អំ​នុ​វត្ត​វិធាន​បសុពេទ្យ ឱ្យបាន​ទាន់ពេលវេលា​។​

៤. អប់រំ​ណែនាំ​ដល់​ប្រជាពលរដ្ឋ ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​អ្នក​ចិញ្ចឹមសត្វ​គោ ក្របី​គ្រប់​កម្រិត​ពី​ការរៀបចំ ទ្រុង ការថែទាំ ការផ្តល់​ទឹក​និង​ចំណី ការអនុវត្ត​វិធានការ​អនាម័យ ការតាមដាន​សុខភាព​សត្វ និង​ការអនុវត្ត វិធាន​ជីវ​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ​តាម​បច្ចេកទេស និង​រាយការណ៍​នូវ​ករណី​សង្ស័យ​នៃ​ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី​។​

៥. លុបបំបាត់​ភ្នាក់ងារចម្លងមេរោគ​ដូចជា ពពួកសត្វ​បឺត​ជញ្ជក់​ឈាម (​មូស រុយ តា​បោ​ម ដង្កែ​…) តាមរយៈ ការប្រើប្រាស់​ថ្នាំ​សម្លាប់ ការដាក់​មុង ការប្រើប្រាស់​អំពូល​ភ្លើង​ឆក់ ឬ​បណ្ដេញ​សត្វល្អិត ការដុត​សំរាម បណ្ដេញ​សត្វល្អិត និង​ការប្រមូល​កាកសំណល់​ដូចជា សំរាម សំបក​កង់ឡាន​ចាស់ៗ ដើម្បី​ដុត ឬ​កប់​ចោល​។

៦. ធ្វើ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី (Lumpy Skin Disease-LSD) ក្នុងករណី​ចាំបាច់ និង​មាន​ពិសោធន៍​ពី​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ឱ្យបាន​ត្រឹមត្រូវ​។

៧. បន្ត​ការអប់រំ​ដល់​ប្រជាជន និង​កសិករ​ចិញ្ចឹមសត្វ​គោ ក្របី​អំពី​ផលប៉ះពាល់ និង​ការខូចខាត​ធ្ងន់ធ្ងរ​លើ ផលិតកម្ម​គោ ក្របី ផ្នែក​សេដ្ឋកិច្ច​បណ្ដាលមកពី​ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី​នេះ​។

៨. ពង្រឹង​ការត្រួតពិនិត្យ​រាល់​ការ​ចរាចរ​សត្វ​គោ ក្របី​រស់ ទឹក​មេជី​វិត​បង្កក និង​ផលិតផល​សាច់គោ ក្របី​
​ដែល​នាំចូល​ត្រូវមាន​វិញ្ញាបនបត្រ​អនាម័យ​ពី​ប្រទេស​នាំចេញ និង​ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​សុខភាព​សត្វ នឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​ពី​មន្ត្រី​ជំនាញ​បសុពេទ្យ​។

៩. ជំរុញ​និង​សហការ​ឱ្យបាន​ល្អ និង​ជិតស្និទ្ធ​ជាមួយ​ភាគី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ ក្នុងការ​ផ្លាស់ប្តូរ ព័ត៌មាន​ទាក់ទង​នឹង​ជំងឺ​ដុំ​ពក​ស្បែក​គោ ក្របី (Lumpy Skin Disease-LSD) ដើម្បី​ធ្វើការ​ទប់ស្កាត់ ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​។​

​ទទួលបាន​សារាចរ​ណែនាំ​នេះ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​រាជធានី​-​ខេត្ត ត្រូវ​សហការ​ឱ្យបាន​ល្អជា​មួយ​នឹង​អាជ្ញាធរ ថ្នាក់ក្រោម​ជាតិ អង្គភាព​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​អនុវត្ត​សារាចរ​ណែនាំ​នេះ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង ទទួលបាន​ជោគជ័យ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×