ភ្នំពេញៈ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម បានមានប្រសាសន៍ថា លោកមានការសប្បាយចិត្តបន្ទាប់ពីការរួចផុតពីការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល ៥ឆ្នាំ ដែលនេះគឺជាការផ្តល់យុត្តិធម៌ដល់រូបលោក ពីព្រោះលោកមិនដែលបានធ្វើអ្វីខុស ហើយលោកធ្វើអ្វីៗ នៅក្នុងក្របខណ្ឌនយោបាយ។

លោកបានបន្តថា មានការចោទសួរថា បន្ទាប់ពីទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ តើលោកនឹងធ្វើអ្វី? តាមធម្មតាអ្នកនយោបាយតែងតែចង់ធ្វើនយោបាយហើយ លោកមើលឃើញសព្វថ្ងៃនេះ គឺគណបក្សកាន់អំណាចគ្រប់គ្រងអាសនៈនៅក្នុងរដ្ឋសភាទាំងអស់ លោកយល់ថា ដើម្បីឲ្យមានតុល្យភាពក្នុងការគ្រប់គ្រង ប្រទេសមួយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យត្រូវតែមានគណបក្សប្រឆាំងមួយ ហើយធ្វើការប្រឆាំងនៅក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញ មិនធ្វើអីឲ្យឆ្វេងពេកមិនស្តាំពេក ធ្វើការប្រឆាំងក្នុងភាពជាអ្នកនយោបាយថ្លៃថ្នូរ។
លោកប៉ុល ហំម បានបញ្ជាក់ថា “ខ្ញុំសម្រេចចិត្តថា ចេញមកខ្ញុំនឹងធ្វើនយោបាយ ខ្ញុំសម្លឹងមើលថា តើគណបក្សណាដែលមើលទៅក្នុងលក្ខណៈសមរម្យ ខ្ញុំអាចទៅធ្វើជាមួយបាន ខ្ញុំអត់មានគំនិតអីទៅចង់បង្កើតគណបក្សនយោបាយខ្លួនឯង ប៉ុន្តែឃើញគណបក្សប្រឆាំងច្រើនដូច្នេះជាជម្រើសរបស់ខ្ញុំដែលខ្ញុំត្រូវពិនិត្យមើលថា តើគណបក្សណាដែលខ្ញុំអាចទៅធ្វើជាមួយបាន។ រហូតមកទល់ពេលនេះ ខ្ញុំអាត់លាក់ទេ ខ្ញុំមើលទៅលើគណបក្សមួយតាមខ្ញុំដឹងក្រសួងមហាផ្ទៃបានផ្តល់សិទ្ធិឲ្យហើយ និងបំពេញបែបបទតទៅទៀត គឺឯកឧត្តម អ៊ូ ច័ន្ទរ័ត្ន ហើយខ្ញុំមើលឃើញថា មានការគាំទ្រពីអ្នកនយោបាយមួយដែលមិនឆ្វេងពេកមិនស្តាំពេក សមរម្យអាចធ្វើការ អាចធ្វើនយោបាយបានក្នុងក្របខណ្ឌមានការអនុវត្តលទ្ធិប្រជាធិបតេយ្យ នៃរដ្ឋធម្មនុញ្ញក្នុងព្រះរាជាណាចក្រកម្ពុជា”។

ជាមួយគ្នានេះ លោកប៉ុល ហំម បានអំពាវនាវសូមឲ្យមានការបង្រួបបង្រួមគណបក្សតូចៗទាំងឡាយដែលមានលទ្ធភាពដូចគ្នា និងស្នើឲ្យអតីតមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ មកជួបជុំគ្នាដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានល្អប្រសើរ ជាពិសេសការចូលរួមបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ខាងមុនេះ។ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញឲ្យលោកប៉ុល ហំម និងលោកផាន់ ច័ន្ទសាក់ ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល ៥ឆ្នាំ តាមអំណាចដីកាលេខ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។
លោកប៉ុល ហំម និងលោកផាន់ ច័ន្ទសាក់ បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញទៅក្រសួងមហាផ្ទៃកាលពីពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយៈ ចេស្តារ