ក្មេងប្រុសជនជាតិម៉ារ៉ុកមួយរូបដែលបានប្រើដបប្លាស្ទិច ដើម្បីហែលទឹកទៅកាន់តំបន់ Ceuta នៃប្រទេសអេស្ប៉ាញ នៅសប្តាហ៍នេះ បាននិយាយថា គាត់នឹងស្លាប់ជាជាងត្រលប់ទៅប្រទេសម៉ារ៉ុកវិញ។ នេះបើយោងតាមទាហានអេស្ប៉ាញ បានប្រាប់ឲ្យដឹង មុនពេលពួកគេនាំក្មេងប្រុសនោះចាកចេញពីទីនោះ។

ក្មេងប្រុសនេះ បានទាក់ទាញការចាប់អារម្មណ៍ពីបណ្តាញសារព័ត៌មានអន្តរជាតិជាខ្លាំង នៅពេលបានដឹងថា រូបគេបានបណ្តែតខ្លួននៅលើទឹកជាមួយដបប្លាស្ទីក ដាក់ចូលក្នុងខោជើងខ្លី និងអាវយឺតពណ៌ខ្មៅ និងចងភ្ជាប់ដៃទាំងសងខាង ដើម្បីហែលមកកាន់ឆ្នេរសមុទ្ររបស់អេស្ប៉ាញ។
ទាហានម្នាក់ឈ្មោះ Rachid Mohamed al Messaoui បាននិយាយថា៖ «ក្មេងប្រុសនេះមិនចង់វិលត្រឡប់ទៅវិញទេ ព្រោះរូបគេមិនមានគ្រួសារនៅម៉ារ៉ុកទេ រូបគេមិនខ្វល់ទេ ប្រសិនបើគេស្លាប់នៅទីនេះ។ ក្មេងប្រុសនេះចង់ស្លាប់ជាងត្រឡប់ទៅប្រទេសម៉ារ៉ុកវិញ»។
ទាហានបាននាំយកក្មេងប្រុសទាំងយំ ទៅកាន់តំបន់សន្តិសុខរវាងប្រទេសទាំងពីរ រួមជាមួយជនចំណាកស្រុកផ្សេងទៀត។ អ្នកនាំពាក្យកងទ័ពម្នាក់នៅ Ceuta បាននិយាយថា គាត់មិនមានព័ត៌មានអំពីអ្វីដែលបានកើតឡើងចំពោះក្មេងប្រុសនោះទេ។
ការនិរទេសអនីតិជន គឺជារឿងខុសច្បាប់នៅក្នុងប្រទេសអេស្ប៉ាញ ខណៈមនុស្សរាប់រយនាក់ កំពុងត្រូវបានធ្វើតាមនីតិវិធីនៃចំណាត់ការច្បាប់ នៅក្នុងមជ្ឈមណ្ឌលទទួលភ្ញៀវបណ្តោះអាសន្ន នៅទីក្រុង Ceuta។
គួរបញ្ជាក់ថា ក្មេងប្រុសនេះគឺជាមនុស្សម្នាក់ក្នុងចំនោមជនចំណាកស្រុកចំនួន ៨.០០០ នាក់ ដែលបានហែល ឬឡើងលើរបងព្រំដែនចូលទៅក្នុងតំបន់ Ceuta នៅសប្តាហ៍នេះ បន្ទាប់ពី Rabat បានបន្ធូរបន្ថយការគ្រប់គ្រងព្រំដែន។ ប្រទេសអេស្បាញបានដាក់ពង្រាយកងទ័ពនៅ Ceuta ដើម្បីល្បាតព្រំដែនជាមួយប្រទេសម៉ារ៉ុក ហើយបានហៅស្ថានភាពនេះថា ជាវិបត្តិសម្រាប់អឺរ៉ុប៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




