ដូចដែលយើងគ្រប់គ្នាបានទទួលជ្រាបហើយថា ប្រទេសថៃ នាពេលបច្ចុប្បន្ននេះ ក៏បានកំពុងផ្ទុះជំងឺកូវីដ១៩ ធ្ងន់ធ្ងរ ហើយរាជរដ្ឋាភិបាលថៃ ក៏កំពុងបន្តវិធានការបិទខ្ទប់ នៅតំបន់មួយចំនួនផងដែរ។ ប៉ុន្តែទន្ទឹមនឹងរាជរដ្ឋាភិបាល អំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់គ្នា ត្រូវអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលដាល តាមរយៈការពាក់ម៉ាស ឬ រក្សាគម្លាតជាដើម ឃើញថា មានមនុស្សមួយចំនួនក៏ហាក់ពុំសូវជាខ្វល់ពីហានិភ័យឆ្លងកូវីដ១៩នោះទេ។

ជាក់ស្តែង ដូចជាតារាសម្តែងស្រីថៃដ៏ល្បីឈ្មោះ នាង Taew Natthapon បានរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជន ក្រោយពីតារាស្រីរូបនេះ បានបង្ហោះរូបភាពបង្ហាញពីទិដ្ឋភាពថតជុំគ្នាជាមួយបងប្អូន សាច់ញាតិ យ៉ាងរីករាយទាំងពុំពាក់ម៉ាស់ នៅក្នុងថ្ងៃកំណើតរបស់អ្នកម្តាយរបស់ខ្លួន។
ក្រោយពីបានឃើញបែបនេះ ម្នាក់ក្នុងចំណោមអ្នករិះគន់ជាច្រើន បាននិយាយថា «ខ្ញុំគិតថា ក្នុងអំឡុងពេលនេះ មិនគួរធ្វើព្រឹត្តិការណ៍ណាមួយសោះឡើយ ព្រោះថា ស្ថិតក្នុងស្ថានភាពឆ្លងជំងឺដ៏អាក្រក់លើសពី ៨០០០ នាក់ ក្នុង១ថ្ងៃ បែបនេះ គឺយើងទាំងអស់គ្នា ត្រូវជួយគ្នា… ទទួលខុសត្រូវក្នុងសង្គម»។ រីឯអ្នកដទៃទៀត បានដាក់ឲ្យយ៉ាងចាស់ដៃថា «ក្នុងនាមខ្លួនជាអ្នកមានការចេះដឹង និងក៏ជាតារាល្បីឈ្មោះ មានការគាំទ្រពីមហាជន មិនគួរឲ្យណាបង្កើតនូវគំរូដ៏អាក្រក់បែបនេះសោះ ខណៈដែលមនុស្សគ្រប់គ្នាដែលមានការភ័យខ្លាច កំពុងអនុវត្តគម្លាតសង្គម»។

តែទោះយ៉ាងណា ក្រោយឃើញមានការរិះគន់បែបនេះ គេក៏បានឃើញប្អូនស្រីរបស់នាងមានឈ្មោះថា Tao Natwadee បានឆ្លើយតបបកវិញថា៖ «ពិតណាស់ រដ្ឋាភិបាលបានចេញច្បាប់ហាមឃាត់ការប្រមូលផ្តុំមនុស្សលើសពី ២០ នាក់ក្នុងពិធីជប់លៀងនានា តើអ្នកដឹងទេ?»។

ចំណែកនាង Taeo ផ្ទាល់វិញ ក៏បានឆ្លើយតបទៅកាន់អ្នករិះគន់យ៉ាងចិត្តត្រជាក់ថា៖ «ពួកខ្ញុំមិនបានល្មើស និងបម្រាបក្នុងការជួបជុំនោះឡើយ ហើយពិធីជប់លៀងនេះ គឺធ្វើសម្រាប់ប្រារព្ធខួបកំណើតម្ដាយ របស់ខ្ញុំប៉ុណ្ណោះ។ ដោយឡែក ការចូលរួមនេះផងដែរ គឺមានតែសមាជិកគ្រួសារ របស់យើងខ្ញុំប៉ុន្មាននាក់ប៉ុណ្ណោះ ហើយសមាជិកគ្រួសាររបស់នាងខ្ញុំ គឺពួកគាត់បានចាក់វ៉ាក់សាំង រួចរាល់អស់ហើយផងដែរ។ តែយ៉ាងណា នាងខ្ញុំក៏សូមអរគុណដែលអ្នកទាំងអស់គ្នា សម្រាប់ការយកចិត្ដទុកដាក់ និងក៏ដូចការព្រួយបារម្ភសុវត្ថិភាពចំពោះនាងខ្ញុំ និងក្រុមគ្រួសារ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









