ភ្នំពេញៈ លោក ប៉ុល ហំម អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងអំណរគុណដល់ព្រះមហាក្សត្រដែលបានព្រះរាជទានការលើកបម្រាមនយោបាយ អរគុណសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្នើសុំព្រះមហាក្សត្រ និងអរគុណសម្តេចក្រឡាហោម ស ខេង ដែលបានធ្វើឲ្យដំណើរការ នៃការស្នើសុំសិទ្ធិធ្វើនយោបាយបានត្រឡប់មកវិញ។
លោកប៉ុល ហំម បញ្ជាក់យ៉ាងងដូច្នេះថា “ខ្ញុំថ្លែងអរគុណដល់ ព្រះករុណាដែលលោក បានព្រះរាជទាន ការលើកបម្រាមនយោបាយ អរគុណសម្តេចនាយក ដែលលោកបានស្នើសុំ ដល់ព្រះមហាក្សត្រ ដើម្បីឲ្យមានការលើកលែង អរគុណសម្តេចក្រឡាហោម ដែលលោកបានធ្វើឲ្យដំណើរការ នៃការស្នើសុំសិទ្ធិធ្វើនយោបាយ របស់ខ្ញុំបានត្រឡប់មកវិញ”។
លោកបានបន្តថា លោកមានការសប្បាយចិត្ត ដោយសារបានរួចផុត ពីការហាមឃាត់មិនឲ្យធ្វើសកម្មភាព នយោបាយសម្រាប់រយៈពេល ៥ឆ្នាំ ដែលនេះ គឺជាការផ្តល់យុត្តិធម៌មក ដល់រូបលោក ពីព្រោះលោកមិនដែលបានធ្វើអ្វីខុស ផ្ទុយនឹងផលប្រយោជន៍នោះទេ ហើយលោកធ្វើអ្វីៗ នៅក្នុងក្របខណ្ឌនយោបាយ នេះគឺជាការផ្តល់យុត្តិធម៌មួយដល់លោក។
សូមព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ត្រាស់បង្គាប់ផ្តល់នីតិសម្បទាឡើងវិញ ឲ្យលោកប៉ុល ហំម និងលោកផាន់ ច័ន្ទសាក់ ដែលត្រូវបានហាមឃាត់មិនឲ្យ ធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល ៥ឆ្នាំ តាមអំណាចដីកាលេខ៣៤០ (ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់តុលាការកំពូល។
លោកប៉ុល ហំម និងលោកផាន់ ច័ន្ទសាក់ បានដាក់ពាក្យស្នើសុំសិទ្ធិ ធ្វើនយោបាយឡើងវិញ ទៅក្រសួងមហាផ្ទៃ កាលពីពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយៈ ចេស្តារ