ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១
បានចេញសេចក្ដីសម្រេចបិទបញ្ចប់បំរាមគោចរ និងការអនុញ្ញាតគោលការណ៍ពិសេស ចំពោះអាជីវកម្មដ្ឋានមួយចំនួនក្នុង តំបន់លឿង នៃភូមិសាស្ដ្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះតទៅ។
សេចក្ដីសម្រេចបានបញ្ជាក់ថា ត្រូវបានបិទបញ្ចប់បម្រាមគោចរ និងអនុញ្ញាតគោលការណ៍ពិសេស ចំពោះអាជីវកម្មដ្ឋានមួយចំនួន ក្នុង តំបន់លឿង នៃភូមិសាស្ត្ររាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១តទៅ ដូចខាងក្រោម៖

១) បិទបញ្ចប់បម្រាមគោចរនៅក្នុង តំបន់លឿង ដែលមុននេះ បានហាមឃាត់ជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មនៅចន្លោះម៉ោង២០ (ម្ភៃ) ដល់ម៉ោង៣ (បី)។
២) គ្រប់ទីផ្សារ ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋាន ផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ អាចដំណើរការអាជីវកម្ម ជាប្រក្រតី និងអាចទទួលអតិថិជន ឲ្យចូលមកទទួលទាន ក្នុងបរិវេណអាជីវកម្មដ្ឋានឡើងវិញ។
៣) បិទបញ្ចប់ការផ្អាកការលក់គ្រឿងស្រវឹង គ្រប់ប្រភេទ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ។

សកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលបានអនុញ្ញាតឱ្យបើកដំណើរការ ដូចក្នុងប្រការ១ នៃសេចក្តីសម្រេចនេះ ត្រូវអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវវិធានការ «៣ការពារ និង៣កុំ» របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
សកម្មភាពការងារ មុខរបរ និងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀហ្គាឌិន អាជីវកម្មម៉ាស្សា កាស៊ីណូ រោងភាពយន្ត រោងសម្តែងសិល្បៈ សារមន្ទីរ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡា ព្រមទាំងអាជីវកម្ម សេវាកម្មផ្សេងទៀត ដែលមិនទាន់មានគោលការណ៍ អនុញ្ញាតដូចក្នុង ប្រការ១ នៃសេចក្តីសម្រេចនេះ ត្រូវបន្តផ្អាកដំណើរការ ជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មី៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ








