Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី កើត រិ​ទ្ធ​ ក្រើនរំលឹក​ជាថ្មី​ដល់​ចៅក្រម ព្រះរាជអាជ្ញា មន្ត្រី​តុលាការ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់​ក្នុងការ​អនុវត្ត​ច្បាប់​

​ខេត្ត​ត្បូងឃ្មុំ​៖ នៅ​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២១ នេះ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រកាស​ផ្ទេរ តែងតាំង និង​ចូលកាន់​មុខតំណែង​ជា​ផ្លូវការ​របស់​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចំនួន​បី ដែល​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​របស់​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ រួមមាន ប្រធាន​សាលាដំបូង​ខេត្តព្រះវិហារ​, ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​។

​សមាសភាព​ដែល​ត្រូវបាន​ប្រកាស​ផ្ទេរ តែងតាំង និង​ចូលកាន់​មុខតំណែង​នៅក្នុង​ពិធី​នេះ រួមមាន ៖ ១- ឯកឧត្តម យុ​ត ពន្លឺ ត្រូវបានតែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្តព្រះវិហារ ជំនួស ឯកឧត្តម អៀង គឹម​ថុល ដែល​ត្រូវបាន​ចូលនិវត្តន៍​, ២- ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ត្រូវបាន​ផ្ទេរ​មកជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ ជំនួស ឯកឧត្តម កែវ សុជាតិ ដែល​ត្រូវ​ផ្ទេរ​មក​ទៅជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង និង ៣- ឯកឧត្តម ម៉ម វ៉ាន់ដា ត្រូវបានតែងតាំង​ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី ជំនួស ឯកឧត្តម ហៀ​ង សុភ​ក្ត្រ ដែល​ត្រូវបានតែងតាំង​ជា​អគ្គ​ព្រះរាជអាជ្ញារង​នៃ​មហាអយ្យការ​អម​សាលាឧទ្ធរណ៍​ត្បូងឃ្មុំ​។​

​ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សំដែង​នូវ​ការអបអរសាទរ​យ៉ាង​កក់ក្តៅ​ដល់​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង ដែល​ទើបត្រូវ​បានតែងតាំង​ថ្មី ដោយ ឯកឧត្តម បាន​កត់សម្គាល់ថា ការតែងតាំង​ជា​ប្រធាន​សាលាដំបូង និង​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​នេះ ត្រូវបាន​ធ្វើឡើង​ផ្អែកលើ​ចំណេះដឹង សមត្ថភាព និង​កេរ្តិ៍ឈ្មោះ ព្រមទាំង​មាន​ស្នាដៃ​ល្អ​ក្នុងការ​ដឹកនាំ​និង​បំពេញការងារប្រកបដោយ​ប្រសិទ្ធភាព គុណភាព ក្រមសីលធម៌​វិជ្ជាជីវៈ​ត្រឹមត្រូវ និង​ការទទួលខុសត្រូវ​ខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បានផ្តល់​ការណែនាំ​ដល់​ពួកគាត់ ឱ្យ​បន្ត​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​ដឹកនាំ​ស្ថាប័ន​តុលាការ និង​ស្ថាប័ន​អយ្យ​ការឱ្យ​កាន់តែ​មានការ​រីកចម្រើន​បន្ថែមទៀត និង​ធានា​ឱ្យបាន​នូវ​សាមគ្គីភាព​ផ្ទៃក្នុង ព្រមទាំង​កិច្ចសហការ​កាន់តែ​ល្អប្រសើរ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ សំដៅ​ពង្រឹង​ការអនុវត្ត​ច្បាប់ និង​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​។ ជាមួយគ្នានេះ ប្រធាន​សាលាជម្រះក្តី និង​អយ្យការ​អម​សាលាជម្រះក្តី ត្រូវ​ពង្រឹង​នូវ​វិន័យ​ការងារ​ប្រចាំថ្ងៃ​របស់​ចៅក្រម ព្រះរាជអាជ្ញា​ដែល​បម្រើការ​នៅក្នុង​ស្ថាប័ន​ក្រោម​សមត្ថកិច្ច​របស់ខ្លួន ជាពិសេស ការគ្រប់គ្រង​វត្តមាន​ប្រចាំថ្ងៃ និង​ផលិតភាព​ការងារ​ឱ្យបាន​ត្រឹមត្រូវ ហើយ​ត្រូវ​ចាត់​វិធាន​នានា​ស្របតាម​ច្បាប់​ចំពោះ​អ្នក​ដែល​មិន​គោរព​វិន័យ​ការងារ ជាពិសេស​វិធាន​ការដែល​មានចែង​ក្នុង​មាត្រា ៥២ នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​នៃ​ចៅក្រម​និង​ព្រះរាជអាជ្ញា​។​

​ទន្ទឹមនេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ក្រើនរំលឹក​ជាថ្មី​ដល់​ចៅក្រម ព្រះរាជអាជ្ញា មន្ត្រី​តុលាការ និង​មន្ត្រីរាជ ការ​ទាំង​អស់នៃ​សាលាជម្រះក្តី​គ្រប់​ជាន់ថ្នាក់ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់​ក្នុងការ​អនុវត្ត​ច្បាប់ និង​គោរព​ឱ្យបាន​ត្រឹមត្រូវ​តាម​ក្រមសីលធម៌​វិជ្ជាជីវៈ ព្រមទាំង​ត្រូវ​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ជាប់​ជានិច្ច​ស្របតាម​បរិបទ​នៃ​កំណែទម្រង់​ថ្មី ដើម្បី​ធានា​ឱ្យ​ការផ្តល់សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ធ្វើឡើង​បាន «​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​» និង​ដើម្បី​លើកកម្ពស់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​អង្គចៅក្រម​បន្ថែមទៀត​៕ ​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×