ស្ទឹងត្រែង ៖ រថយន្តដឹកឈើគ្រឿងសង្ហារឹមជាង១០គ្រឿង ចេញពីខេត្តស្ទឹងត្រែងរាល់ថ្ងៃ។ កាលពីថ្ងៃទ២១ខែឧសភាឆ្នាំ២០២១ មាន២គ្រឿងត្រូវសមត្ថកិច្ចខេត្តក្រចេះ បង្ក្រាបបានឃើញបង្កប់ឈើប្រណីត។

កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះបង្ក្រាបបាន ត្រង់ចំណុចព្រៃច្រោកស្ថិត ក្នុងឃុំបុសលាវ ស្រុកចិត្របុរីខេត្តក្រចេះ។
តាមប្រភពព័ត៌មានពីខេត្តក្រចេះ បានប្រាប់ឲ្យដឹងថារថយន្តប្រភេទសាំងយ៉ុង ទាំងពីរគ្រឿងខាងលើនេះបានដឹកឈើចេញពីខេត្តស្ទឹងត្រែង នៅវេលាទៀបភ្លឺឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍ផ្លូវគោក ត្រង់ចំណុចអូរច្រឡង់ ខេត្តស្ទឹងត្រែង រួចបន្តដំណើរទៅខេត្តក្រចេះត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន។
ក្រោយពីបង្ក្រាបបានរថយន្តទាំងពីរគ្រឿងនោះសមត្ថកិច្ចក៏បានយកទៅរក្សាទុកនៅ ថ្នាលបណ្ដុះកូនឈើខ្សា ស្ថិតនៅក្នុងស្រុកចិត្របុរី ខេត្តក្រចេះដើម្បីឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ចាត់ការបន្ត។
ជុំវិញការចុះបង្ក្រាបនេះ សមត្ថកិច្ចពុំបានឃាត់ខ្លួនអ្នកជាប់ពាក់ព័ន្ធបទល្មើស នៅក្នុងរថយន្តណាម្នាក់ឡើយ ហើយក៏ពុំស្គាល់អត្តសញ្ញាណ អ្នកពាក់ព័ន្ធនោះដែរ។
តាមសេចក្តីរាយការណ៍បានដឹងថា ក្នុងចំណោមរថយន្ត ដែលសមត្ថកិច្ចបង្ក្រាបបានទាំង២គ្រឿងនេះក៏មានរថយន្តដឹងគ្រឿងសង្ហារឹម ប្រមាណជា១០គ្រឿងផ្សេងទៀត ដែលបើកលឿនជារៀងរាល់ថ្ងៃ ចេញពីខេត្តស្ទឹងត្រែង ឆ្លងកាត់ខេត្តក្រចេះ ឆ្ពោះទៅគោលដៅនៅទីក្រុងភ្នំពេញ៕ រក្សាសិទ្ធិដោយ:សំណាង

