នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បាននិយាយថា ប្រទេសអូស្រ្តាលី ទទួលសំណើពីក្រុមហ៊ុនផលិតឱសថមួយ ដើម្បីបង្កើតការផលិតវ៉ាក់សាំង mRNA ក្នុងស្រុក ខណៈដែលទីក្រុងកង់បេរ៉ា ព្យាយាមពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការឆ្លើយតបនឹងរោគរាតត្បាត នាពេលអនាគត។
កាលពីដើមខែនេះ រដ្ឋាភិបាលអូស្រ្តាលីបានប្រកាសថា ខ្លួនកំពុងពិភាក្សាជាមួយ ក្រុមហ៊ុនវ៉ាក់សាំង ម៉ូឌឺណា ដើម្បីផលិតកម្មវ៉ាក់សាំង mRNA។ ហើយនៅថ្ងៃសុក្រ ទីក្រុងកង់បេរ៉ា ក៏បាននិយាយថា ក្រុមហ៊ុនផ្សេងទៀត មានពេល ២ ខែដើម្បីដាក់សំណើរបស់ពួកគេ។
លោក Morrison បានប្រាប់អ្នកយកព័ត៌មានរបស់Tasmania ថា“ យើងបានអំពាវនាវ ឱ្យមានសំណើទាំងនោះចេញមុខ ក្រោមគោលបំណង ស្វែងរកនូវអ្វីដែលចាំបាច់ ដើម្បីមើលឃើញ ពីសមត្ថភាព នៃការបង្កើតវ៉ាក់សាំង នៅក្នុងប្រទេសអូស្ត្រាលី” ។
លោកបាននិយាយដោយមិនលម្អិតថា“ ការផលិត នឹងត្រូវបានធ្វើឡើង ក្នុងភាពជាដៃគូរវាងឧស្សាហកម្ម និងរដ្ឋាភិបាល” ។
កាលពីឆ្នាំមុនប្រទេសអូស្រ្តាលី បានប្រកាសចំណាយថវិកាចំនួន ១,៥ ពាន់លានដុល្លារអូស្រ្តាលី រឺស្មើនឹង១,២ ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើឱ្យផលិតកម្មនេះ មានភាពប្រសើរឡើងវិញ ក្នុងវិស័យចំនួន ៦ រួមទាំងឱសថផងដែរ។
ក្នុងនោះ Pfizer និង ម៉ូឌីណា ក៏បានប្រើប្រាស់បច្ចេកវិទ្យា mRNA ក្នុងវ៉ាក់សាំង កូវីដ-១៩ របស់ពួកគេផងដែរ ដែលអូស្រ្តាលី នឹងប្រើដើម្បីចាក់ជូនមនុស្ស ដែលមានអាយុតិចជាង ៥០ ឆ្នាំ បន្ទាប់ពីទីក្រុងកង់បេរ៉ា បានដាក់កម្រិត លើការប្រើប្រាស់វ៉ាក់សាំងអាស្ត្រាសេនីកា ដោយសារបញ្ហាឈាមកក។
ទោះបីប្រទេសអូស្រ្តាលី មានដំណើរការល្អប្រសើរ ជាងប្រទេសអភិវឌ្ឍន៍ដទៃទៀត ក្នុងការការពារជំងឺរាតត្បាតនេះ ខណៈមានករណីក្រោមត្រឹម ៣ម៉ឺនករណី និងមានអ្នកស្លាប់ ៩១០ នាក់ ប៉ុន្តែវ៉ាក់សាំងការពារកូវីដ១៩ បានខកខានគោលដៅកំណត់កម្រិតប្រើដំបូង។
នៅពេលដែលអ្នកសង្កេតការណ៍ឧស្សាហកម្ម កត់សម្គាល់ថា វានឹងចំណាយពេលច្រើនឆ្នាំ ដើម្បីបង្កើតរោងចក្រផលិត ក្នុងស្រុកយ៉ាងពេញលេញ។ ក្នុងនោះ អ្នកតាក់តែងច្បាប់ បាននិយាយថា ខ្លួននឹងធ្វើឱ្យអូស្រ្តាលី ឈានមុខគេក្នុងបច្ចេកវិទ្យានេះ។
លោក Christian Porter រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងនវានុវត្តន៍របស់អូស្ត្រាលី បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Perth ថា“ ការផលិតវ៉ាក់សាំង Mrnaគឺទំនងជាបច្ចេកវិទ្យា និងវិទ្យាសាស្ត្រវេជ្ជសាស្ត្រផងដែរ ដែលមានការរីកចម្រើន ហើយវាមិនមែនគ្រាន់តែជាវ៉ាក់សាំងទេ ប៉ុន្តែក៏ជាវិធីសាស្រ្តព្យាបាលជំងឺមហារីក ក៏ដូចជាសម្រាប់ជំងឺសរសៃឈាមបេះដូងផងដែរ”៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

