Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម ឆាយ សុធា និង លោក ហោ សេរីវឌ្ឍន៍ ជំរុញឲ្យប្រជាពលរដ្ឋ រួមគ្នាទប់ស្កាត់ជំងឺ-១៩ តាមរយៈអនុវត្តវិធានការ

ខេត្តកំពង់ស្ពឺ ÷ ក្នុងឱកាសផ្ដល់អំណោយស្បៀងអាហារជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ ឯកឧត្ដម ឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ជំរុញប្រជាពលរដ្ឋឲ្យចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យបានខ្ជាប់ខ្ជួន តាមរយៈការអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរដ្ឋបាលផ្សេងៗ។

សកម្មភាពផ្ដល់អំណោយស្បៀងអាហារជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិត្រពាំងជោ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ , លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជា ប្រឆាំងកូវីដ-១៩ និងសហការី , លោក មួង ធី អភិបាលស្រុកឱរ៉ាល់ និងលោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ ព្រមទាំងមន្ត្រីមូលដ្ឋានជាច្រើននាក់ទៀត។

លោក មួង ធី អភិបាលស្រុកឱរ៉ាល់ បានមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋថា ក្នុងស្រុកឱរ៉ាល់ ចាប់ពីឆ្នាំ១៩៩៦ សមាហរណកម្មបញ្ចប់សង្គ្រាមមកដល់សព្វថ្ងៃបងប្អូនប្រជាពលរដ្ឋបានប្រកបមុខរបរធ្វើស្រែ-ចំការ និងមានប្រជាជនកាន់បណ្ណក្រ១ ក្រ២ ចំនួន ១.៧៤៤គ្រួសារ ដូច្នេះឃើញថាហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកនេះ នៅមិនទាន់មានការអភិវឌ្ឍឱ្យបានច្រើនដូចនៅមូលដ្ឋានផ្សេងៗនៅឡើយទេ ទាមទារឲ្យប្រជាពលរដ្ឋ ត្រូវខំប្រឹងបង្កបង្កើនផលតាមបែបកសិកម្ម រួមជាមួយការងារកសិ-ឧស្សាហកម្មខ្លះៗ ដែលរាជរដ្ឋាភិបាលបានដាក់ចុះមក ដូចជារោងចក្រ សហគ្រាសមួយចំនួន។

លោក ហោ សេរីវឌ្ឍន៍ ប្រធានមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ បានថ្លែងសំណេះសំណាលថា សូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាព, នៅពេលដែលយើងមានស្ថិរភាព សន្តិភាពល្អប្រសើរហើយនោះការអភិ​​វឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម រោងចក្រសហគ្រាស នឹងកើតមានជាបន្តបន្ទាប់ មកដល់មូលដ្ឋានរបស់បងប្អូនជាមិនខាន។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្រចំនួន ៥០គ្រួសារ ដែលមកទទួលអំណោយថ្ងៃនេះ ក្នុង១គ្រួសារទទួលបាន÷ អង្ករ១បេ ស្មេី ២៥គីឡក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកសុីអុីវ១យួរ, ត្រីខកំប៉ុង១យួរ, និងប្រគេនព្រះចៅអធិការវត្តអង្គរិទ្ធី ត្រពាំងជោ អង្ករចំនួន២បេ ស្មេី១០០គីឡូក្រាម, មី៥កេស និងថវិកាចំនួន ២០០ដុល្លារ។

ដោយឡែកឯកឧត្ដម ឧកញ៉ា ឆាយ សុធា ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង បានថ្លែងសំណេះសំណាល ជាមួយប្រជាពលរដ្ឋថា សូមអធ្យាស្រ័យពីសំណាក់លោកយាយ លោកតា បងប្អូន អ៊ំ ពូ មីងទាំងអស់ ថ្វីត្បិតអំណោយនេះ មានចំនួនតិចតួចមិនគ្រប់គ្រាន់ក៏ពិតមែន តែបានជួយសម្រួលការលំបាកខ្វះខាតខ្លះក្នុងបន្ទុកគ្រួសារបានមួយរយៈពេលដែរ។

ឯកឧត្ដម ឆាយ សុធា មានប្រសាសន៍ទៀតថា រូបឯកឧត្ដមផ្ទាល់ និងក្រុមការងារនៅតែបន្ត ចុះចែកអំណោយជូនប្រជាពលរដ្ឋ ជាបន្តបន្ទាប់ទៀតនៅស្រុកឱរ៉ាល់នេះ និងសូមបងប្អូនតស៊ូអត់ធ្មត់បន្តទៀត ក្នុងគ្រាដែលជួបលំបាកនេះ និងត្រូវស្តាប់តាមប្រសាសន៍ ប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលតែងតែគិតដល់សុខទុក្ខបងប្អូនប្រជារដ្ឋគ្រប់កាលៈទេសៈ និងកុំភ្លេចអនុវត្តវិធានការរបស់សម្ដេច ៣កុំ ៣ការពារ៕ រក្សាសិទ្ធិដោយ ៖ សារឿន

×