ភ្នំពេញ ÷ បុរសម្នាក់បានជិះម៉ូតូសណ្តោងរឺុម៉កមួយគ្រឿង ដល់ផ្លូវចុះមិនប្រយ័ត្ន បានបែកកង់មុខរេចង្កូត ទៅគៀរថយន្តLexus GS300 រងការខូចខាតមួយចំហៀង រួចបន្តទៅបុកម៉ូតូស្គុបពីមួយគ្រឿងទៀត ទុកចោលពីខាងមុខ គៀបជាប់នៅខាងក្រោម និងរឺុម៉កតែម្តង សំណាងល្អ មិនគ្រោះថ្នាក់ទៅដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ២ និង ២០ នាទីរសៀលថ្ងៃទី២១ ខែឧសភាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចជិតក្លោងទ្វារវត្តដំបូកខ្ពស់ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូសណ្ដោងរឺុម៉ក មួយគ្រឿងពណ៌ខ្មៅ កន្ទុយសណ្តោងពណ៌ខៀវ មិនមានផ្លាកលេខ ជិះដោយបុរសម្នាក់ចុះពីលើផ្លូវ២៧១ ចូលតាមក្លោងទ្វារវត្តដំបូកខ្ពស់ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានបែកកង់មុខរេចង្កូត ទៅគៀរថយន្តLexusGS 300 ពណ៌សពាក់ផ្លាកលេខ កម្ពុជា NCN- 7007 បើកបរដោយបុរសម្នាក់ ធ្វើដំណើរចេញពីផ្លូវបេតុង ក្នុងទិសដៅពីលិចបម្រុងបត់ទៅជើង ឡើងផ្លូវ២៧១ ចំពីចំហៀងខាងឆ្វេង រងការខូចខាតយ៉ាងដំណំ រួចបន្តទៅបុកម៉ូតូម៉ាកហុងដាស្គុបពី មួយគ្រឿងទៀត ពណ៌ស ស៊េរី២០២១ ពាក់ផ្លាកលេខភ្នំពេញ1-IG 8455 ទុកចោលនៅពីខាងមុខ បណ្តាលឲ្យគៀបម៉ូតូជាប់នៅក្រោមរឺុម៉ក រងការខូចខាតផ្នែកខាងមុខ យ៉ាងដំណំផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ រួចឲ្យភាគីទាំងសង្ខាងនិយាយគ្នា បន្ទាប់មក ដោយមិនចង់វែងឆ្ងាយ ក៏ភាគីទាំងសង្ខាង សុំធ្វើការនិយាយគ្នាបញ្ចប់រឿង នៅកន្លែងកើតហេតុ តែម្តងទៅ៕ រក្សាសិទ្ធិដោយ៖សា មេត









