ភ្នំពេញ៖ ក្រុមចោរប្លន់មួយក្រុមមានគ្នា ៣នាក់ ជិះម៉ូតូ ២គ្រឿង ប្រើកូនកាំបិតចិតបន្លែភ្ជុងប្លន់ម៉ូតូ Scopy ស៊េរីឆ្នាំ២០១៩ ពណ៍ស ផ្លាកលេខភ្នំពេញ1HN-2076 នៅតាមបណ្តោយផ្លូវលេខ៣៥៨ កែង៣៥០ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង កាលពីវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២១។

ជនរងគ្រោះមានឈ្មោះ វ៉ា សុខា អាយុ ២១ឆ្នាំ ផ្ទះនៅម្តុំផ្សារដេប៉ូ បានរងរបួស កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានធ្វើដំណើរចេញពីកន្លែងធ្វើការគោលបំណងទៅផ្ទះនៅម្តុំផ្សារដេប៉ូ ដោយឆ្លងកាត់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខជនសង្ស័យមួយមានគ្នាប្រមាណ៣នាក់ជិះម៉ូតូ២គ្រឿងមិនចាំម៉ាក បានកៀម៉ូតូអោយដួលហើយបានប្រើអំពើហិង្សារួចក៏យកកូនកាំបិតភ្ជុងយកម៉ូតូនាំគ្នាជិះគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។
បច្ចុប្បន្នជនរងគ្រោះបានសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១ ដើម្បីអោយសមត្ថកិច្ចស្រាវជ្រាវចាប់ក្រុមជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម



