ភ្នំពេញ ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការចង់ឲ្យមានការចរចារវាងគណបក្សប្រជាជនកម្ពុជា និងអតីតបក្សប្រឆាំង គឺអត់មានទេ ព្រោះអតីតបក្សប្រឆាំងបានងាប់ជាខ្មោចហើយ។ គណបក្សប្រជាជនកម្ពុជាមានវប្បធ៌សន្ទនា ជាមួយគ្រប់កម្លាំងនយោបាយស្របច្បាប់នៅក្នុងសង្គមកម្ពុជា។ គណបក្សប្រជាជនកម្ពុជាអត់ចរចាជាមួយក្រុមឧទ្ទាមក្រៅច្បាប់ទេ ក្រុមឧទ្ទាមក្រៅច្បាប់គឺជាកម្លាំងខុសច្បាប់។

លោកបានបន្តថា ក្នុងការដឹកនាំនិងគ្រប់គ្រងប្រទេស ប្រជាជនបោះឆ្នោតជ្រើសរើសយកគណបក្សនយោបាយដែលមានកម្មវិធីនយោបាយល្អដែលជឿទុកចិត្តថានឹងដឹកនាំប្រទេសមានសន្តិភាពនិងរីកចម្រើន ។ ដូច្នេះគណបក្សនិមួយៗត្រូវរៀបចំកម្មវិធីនយោបាយរបស់ខ្លួន ដើម្បីដាក់បង្ហាញប្រជាជនឲ្យពិនិត្យវិនិច្ឆ័យ។ នៅពេលពិចារណាលើកម្មវិធីនយោបាយ និងសកម្មភាពរបស់គណបក្សហើយ ប្រជាជនសម្រេចចិត្តបោះឆ្នោតគាំទ្រគណបក្សដែលខ្លួនពេញចិត្តឲ្យដឹកនាំប្រទេស។ នៅពេលដឹកនាំប្រទេសគណបក្សកាន់អំណាចយកកម្មវិធីនយោបាយខ្លួនមកអនុវត្ត ដើម្បីកសាងនិងអភិវឌ្ឈន៏ប្រទេស។
លោកសុខ ឥសាន បានបន្តទៀតថា ការគិតគូរពីប្រទេសនិងប្រជាជនគឺការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឈ្នះឆ្នោត ដើម្បីឲ្យប្រទេសរីកចម្រើនហើយជីវភាពរស់នៅរបស់ប្រជាជនត្រូវបានលើកកម្ពស់។ នៅប្រទេសណាដូចប្រទេសណាដែរ គណបក្សឈ្នះឆ្នោតយកកម្មវិធីនយោបាយរបស់ខ្លួនមកអនុវត្ត។
លោកត្រាំអនុវត្កម្មវិធីនយោបាយបក្សសាធារណរដ្ឋមកអនុវត្ត លោកបៃដឹនយកកម្មវីធីនយបាយរបស់បក្សប្រជាធិបតេយ្យមកអនុវត្ត៕ រក្សាសិទ្ធិដោយៈ ចេស្តារ