Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះប្រតិកម្មច្រើនណាស់! ជុំវិញករណីរដ្ឋបាលខេត្តព្រះសីហនុ ផាកពិន័យទៅលើស្រ្តីម្នាក់នាំកូនងូតទឹកនៅមុខផ្ទះ ដោយមិនពាក់ម៉ាស់

មហាជនសម្តែងការមិនពេញចិត្ត ប្រតិកម្មស្ទើរគ្រប់ៗគ្នា ចំពោះការអនុវត្តច្បាប់របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានធ្វើការផាកពិន័យហាក់ជ្រុលហួសហេតុ និងមិនសមហេតុផលទាល់តែសោះ ទៅលើសកម្មភាពស្រ្តីម្នាក់ដែលកំពុងងូតទឹកឲ្យកូននៅមុខផ្ទះ ដោយពុំបានពាក់ម៉ាស់ កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។

ក្នុងនោះ បើតាមស្រ្តីរងការផាកពិន័យដែលមានគណនីហ្វេសប៊ុកឈ្មោះ Oun Leak គាត់បានបង្ហោះនៅលើបណ្តាញសង្គម ដោយបានសរសេរទាំងហួសចិត្តថា៖ «សូមថ្នាក់ដឹកនាំជួយមើលផង ត្រឹមក្មេងងូតទឹកនៅមុខផ្ទះមួយភ្លែតសោះ មកផាកលុយ $50 ដុល្លារដែរមែន បើនៅក្នុងផ្ទះដាច់ទឹក ហេតុអីមិនមានការព្រមានលើកទី1 មកដល់ភ្លាមអត់និយាយណែនាំទេហា ឡើងផាកលុយតែម្តង សំខាន់គាត់អត់អោយថតរូបផុសទេ បើគាត់ធ្វើរឿងត្រូវហេតុអីត្រូវខ្លាច បងប្អូននៅកំពង់សោមប្រយ័ត្តទាំងអស់គ្នាណា ប្រហែសតែ5នាទីគាត់មកស្ងាត់ៗ»។

តែក្រោយឃើញស្រ្តីខាងលើបង្ហោះសម្តែងការមិនពេញពាក់ព័ន្ធនិងការផាកពិន័យនេះ ដែលនាំឲ្យមហាជននាំគ្នារិះគន់ព្រោងព្រាត ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន បានធ្វើការបកស្រាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ ថា៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុសូមជំរាបថា កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៥:០០នាទី លោកវរ:សេនីយ៍ត្រី ផាត់ សោភ័ណ ជាប្រធានក្រុមល្បាតចល័តក្នុងភូមិសាស្រ្តសង្កាត់លេខ៤ ដែលកំពុងដឹកនាំក្រុម ចុះល្បាតនិង រឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ក៏បានឃេីញស្រ្តីម្នាក់ ក្មេងតូចម្នាក់ និងបុរស់ម្នាក់នៅក្បែរគ្នា នៅចំណុចផ្លូវអូរ៣ ការ៉ាសាំង PTT ដោយពុំមានពាក់ម៉ាស់(មិនមានម៉ាស់ជាប់ខ្លួនតែម្ដង) ហើយស្ត្រីខាងលេីក៏បានពក្មេងគេចខ្លួនបាត់ ដោយពុំស្ដាប់ការណែនាំ នៅសល់តែបុរសម្នាក់ជនជាតិចិន ក្រុមការងារក៏បានអោយម៉ាស់គាត់ និងធ្វើការណែនាំគាត់អោយពាក់ម៉ាស់ រួចពន្យល់អោយយល់ដឹងពីការផាក់ពិន័យ គាត់ក៌ព្រមទទួលស្គាល់កំហុស និងយល់ព្រមបង់ពិន័យ ។

ដោយឡែក ស្រ្តីម្នាក់ខាងលើនោះ ដែលរត់គេចខ្លួនចូលទៅក្នុងអគារស្នាក់នៅ មិនព្រមចេញមកស្ដាប់ការណែនាំរបស់សមត្ថកិច្ចទេ លុះប្រហែលជាកន្លះម៉ោងក្រោយដោយមានមិត្តរបស់គាត់ទៅហៅគាត់ទេីបគាត់ព្រមចេញមក ស្ដាប់ការណែនាំរបស់សមត្ថកិច្ច និងបានយល់ព្រមដោយស្ម័គ្រចិត្តក្នុងការបង់ពិន័យ ចំពោះកំហុសឆ្គងរបស់ខ្លួនក្នុងការមិនគោរពទៅនឹងវិធានការរដ្ឋបាល សូមអរគុណ! ។

តែយ៉ាងណា បើទោះជាស្រ្តីខាងលើ បានចេញមកទទួលកំហុសនៅចំពោះមុខសមត្ថកិច្ច និងលើកហេតុផលឲ្យត្រូវនឹងការផាកពិន័យនេះក៏ដោយ ក៏មហាជននៅតែមិនអាចទទួលយកបានឡើយ ដោយពួកគេថា ស្រ្តីខាងលើមកនិយាយទទួលកំហុសហាក់ទាំងគាត់បង្ខំចិត្តប៉ុណ្ណោះ។ ហេតុផលដែលមហាជនគ្រប់គ្នា មិនពេញចិត្ត និងមិនគាំទ្រនោះ គឺត្រង់ថា ការអនុវត្តច្បាប់របស់រដ្ឋបាលខេត្ត ហាក់ធ្វើលើសជ្រុលហួសហេតុ ទៅនិងច្បាប់ផាកពិន័យ ដែលធ្វើឡើងតែទៅលើបុគ្គលទាំងឡាយណាមិនពាក់ម៉ាស់នៅទីសាធារណៈប៉ុណ្ណោះ ប៉ុន្តែ នេះគឺមកផាកពិន័យនៅក្នុងទីសំណាក់របស់ប្រជាពលរដ្ឋតែម្តង។

ក្នុងនោះ ប្រជាពលរដ្ឋម្នាក់ បានខមិនលើកឡើងថា៖ «ច្បាប់មិនមែនធ្វើអ្វីចេះតែបាននោះទេ ព្រោះច្បាប់វាមានស្មារតីរបស់ច្បាប់ ប្រសិនបើអ្នកអនុវត្តច្បាប់ធ្វើបំពានលើច្បាប់ ច្បាប់ក៏វាគ្មានតម្លៃសម្រាប់ពលរដ្ឋដែរ។ ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរ និងពលរដ្ឋគ្រប់រូបពិតជាមានការសប្បាយចិត្តណាស់ ដែលរដ្ឋាភិបាល និងមន្ត្រីគ្រប់រូប លោកបានខិតខំប្រឹងប្រែងទប់ស្កាត់កូវីត ១៩ នេះ តែដូចរឿងមួយនេះវាមិនគួរហ្នឹងកើតឡើងក្នុងប្រទេសកម្ពុជានោះទេ ចង់សួរថាបើគាត់ឆ្លងតើនឹងឆ្លងពីអ្នកណា? បើនៅមុខផ្ទះសោះហ្នឹង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×