ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានម្ចាស់ម៉ូតូដេញប្រផាប់ចាប់ពភីង ផ្អើលដល់សមត្ថកិច្ច បាញគំរាម៣គ្រាប់ ព័ទ្ធចាប់បានភ្លាមៗ កាលពីវេលាម៉ោង១១និង០០នាទីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅកណ្តាលវាលស្រែមួយកន្លែង ក្នុងភូមិត្រពាំងស្វាយ សង្កាត់ព្រៃវែង ខណ្ឌដង្កោរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១- ឈ្មោះ ស៊ីន សុភាព អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំផ្លូវវែងស្រេង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងទី២-ឈ្មោះ គ្រេន ធឿន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះជួលក្រោយរោងចក្រក្រោម សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុន ចាន់ណារិទ្ធ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរកសិករ ស្នាក់ភូមិដំណាក់ត្រយីង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមការរៀបរាប់ពីជនរងគ្រោះ បានឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៩ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខកំពង់ស្ពី 1Q -4117 ចេញពីផ្ទះជួលដើម្បីទៅសាបព្រោះស្រូវ នៅចំណុចកើតហេតុខាងលើ ហើយក៏បានចាក់សោម៉ូតូចតទល់ភ្លឺស្រែ ខណៈរូបគាត់បានឡើងបេះផ្លែព្រីង ហើយក៏បានសម្រាកមួយសន្ទុះ នៅក្រោមដើមឈើស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០២១ មួយគ្រឿងឌុបគ្នា មកធ្វើសកម្មភាពលួចម៉ូតូរបស់គាត់ ភ្លាមៗនោះ ម្ចាស់ម៉ូតូបានរត់ដេញតាមជនសង្ស័យ ហើយស្រែកថាចោរៗ ផ្អើលដល់កម្លាំងសមត្ថកិច្ច ដែលកំពុងល្បាតពួនស្ទាក់នៅទីនោះ ដេញព័ទ្ធចាប់បានភ្លាមៗតែម្តង និងបានបញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ មកធ្វើការសាកសួបន្ត នៅប៉ុស្តិ៍នគរបាលសង្កាត់ព្រៃវែង នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាព លួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចប្បន្នជនសង្ស័យ រួមនិងម៉ូតូ ដែលជាមធ្យោបាយ និងដំបងឆក់១ វិទ្យុទាក់ទង និងមួកសាលាខណ្ឌមានជ័យ ដែលជារបស់ជនសង្ស័យ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖សួង សាម



