ប្រិយមិត្ត និងមហាជន បានទទួលជ្រាបហើយ ពីរឿងរ៉ាវជីវិតបែកបាក់ប្តីប្រពន្ធ នៅក្នុងរង្វង់គ្រួសាររបស់លោក ឌួង ឆាយ គឺទាំងឪពុក និងកូនតែម្តង។ ប៉ុន្តែ បញ្ហាជាច្រើនជុំវិញជីវិតបែកបាក់ប្តីប្រពន្ធសម្រាប់គ្រួសារមួយនេះ គឺហាក់មិនទាន់ចប់ស្រេចបាច់សោះ ពោលគឺមុន និងក្រោយ លោក ឌួង ឆាយ លាចាកសិក្ខាបទវិញ ស្រាប់តែត្រូវបានផ្ទុះរឿងឡើងសារជាថ្មី ជាពិសេស គឺពាក់ព័ន្ធឪពុកបង្កើត ឌួង ងៀប និងអតីតភរិយា រួមគំនិតគ្នាធ្វើបាប ឌួង ឆាយ នោះគឺបន្ទាប់ពីលោក ជំទាវ ខុង លីស៊ី អាណា បានសម្រេចចិត្តទម្លាយរឿងនេះចេញនៅក្នុងសន្និសីតសារព័ត៌មាន និងក៏ដូចជាសារសំឡេងបែកធ្លាយរបស់អ្នកនាង ដេត ម៉ាលីណា កាលពីពេលថ្មីៗនេះជាបន្តបន្ទាប់គ្នា។

តែយ៉ាងណា ជុំវិញរឿងរ៉ាវនេះ ដែលភាគីទាំងពីរ (ទាំងលោកឧកញ៉ា ឌួង ងៀប បានច្រានចោលការចោទប្រកាន់នេះ និងអ្នកនាង ដេត ម៉ាលីណា បានបង្ហោះសារថា សារសំឡេងបែកធ្លាយដែលខ្លួននិយាយនោះ គឺពុំបានបំផ្លាញកិត្តិយសអតីតឪពុកក្មេក ពាក់ព័ន្ធអតីតឪពុកក្មេង ឌួង ងៀប រៀបគំរោងធ្វើបាប ឌួង ឆាយ គឺដឹងមិនច្បាស់នោះទេ ដោយគ្រាន់តែដឹងតៗគ្នាតាមមាត់គេប្រាប់ប៉ុណ្ណោះ) នៅពេលនេះ លោក ឌួង ឆាយ បានធ្វើការបកស្រាយ និងទម្លាយចេញការពិតជាសាធារណៈ ជាលើកចុងក្រោយ អំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងគ្រួសាររបស់លោក ជាពិសេសទាក់ទងរឿងឪពុកបង្កើត និងអតីតភរិយា ធ្វើបាបមកលើខ្លួនឲ្យបាត់បង់អ្វីៗគ្រប់យ៉ាងនៅពេលនេះ គឺពិតជាប្រាកដមែន។
តាមរយៈការ Live វីដេអូជិតកន្លះម៉ោង លោក ឌួង ឆាយ ជាដំបូង បានធ្វើការសុំទោសទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាសារជាថ្មី ចំពោះរាល់កំហុសគ្រប់យ៉ាង ដែលខ្លួនបានប្រព្រឹត្តដ៏មិនគួរគប្បីទៅលើអតីតភរិយា និងបញ្ជាក់ថា នៅពេលនេះ ខ្លួនជាមនុស្សថ្មី ពោលគឺប្រៀបដូចមនុស្សម្នាក់គ្មានវិញ្ញាណទៅហើយ ព្រោះអ្វីៗដែលខ្លួនមានពីមុន គឺត្រូវរលាយគ្មានសល់ ជាពិសេសព្រាត់ប្រាស់កូនៗជាទីស្រឡាញ់។
ឈានចូលសាច់រឿង លោក ឌួង ឆាយ បានបញ្ជាក់ថា ចំពោះសារសំឡេងដែលអតីតភរិយា និយាយជាមួយបុរសម្នាក់បែកធ្លាយនោះ គឺលោកបានដឹងច្រើនជាងនេះទៅទៀត ជុំវិញរឿងរ៉ាវដែលឈានដល់ការបែកបាក់ រហូតធ្វើឲ្យខ្លួនធ្លាក់មកដល់ចំណុចនេះ។ ហើយចំពោះការបែកបាក់ជីវិតគ្រួសារនេះផងដែរ លោក ឌួង ឆាយ បានបញ្ជាក់ថា គឺកើតឡើងដោយសារភាពមិនជឿទុកចិត្តគ្នា ជឿតាមការចាក់រុក ញុះញង់ ក្រោមមនោគមវិជ្ជារបស់គេ។
ជុំវិញរឿងចាក់មនោគមនេះផងដែរ លោក ឌួង ឆាយ ក៏បានទម្លាយឲ្យដឹងថា ការធ្វើឲ្យខ្លួនឈានដល់ដំណាក់កាលនេះ គឺដោយសារអតីតភរិយារបស់លោក ចាញ់បោកការញុះញង់ពីសំណាក់ឪពុករបស់ខ្លួន ដែលក៏ចាញ់បោកមនោគមចាក់រុក អុជអាលពីស្រី្តឈ្មោះ ប្រាក់ ស៊ីណា ដែលជាស្រីកំណាន់។ ហេតុនេះ លោកក៏សំណូមពរដល់មហាជន ឈប់បន្តស្តីបន្ទោសពួកគាត់ទាំងពីរទៀតអី ព្រោះពួកគាត់ (ទាំងឪពុក ឌួង ងៀប និងអតីតភរិយា លីណា) គឺសុទ្ធតែជាជនរងគ្រោះដូចគ្នា។
ជាចុងក្រោយ លោក ឌួង ឆាយ ក៏បានសុំអង្វរទៅដល់អតីតភរិយា សូមអនុញ្ញាតឲ្យលោកបានជួបមុខកូនៗ ឬយកកូនមកនៅជាមួយខ្លះផង ទៅតាមលក្ខខណ្ឌលែងលះរបស់តុលការ កុំចិត្តដាច់សូម្បីតែមិនឲ្យលោកចូលផ្ទះមើលកូនៗ ដែលជាផ្ទះរបស់លោកប្រគល់ឲ្យនោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










