ភ្នំពេញ ៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកក្រសួងកាពារជាតិ បានមានប្រសាសន៍ថា ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅតំបន់ក្រហមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានប្រព្រឹត្តទៅដោយរលូននិងទទួលបានលទ្ធផលល្អ ជាពិសេសក្រុមគ្រូពេទ្យកងទ័ព ក៏ដូចជាអ្នកពាក់ព័ន្ធបានបំពេញការងារយ៉ាងសស្រាក់សស្រាំ ដោយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន លើសពីផែនការដែលបានគ្រោងទុក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍បញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅតំបន់ក្រហម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺបានដំណើរការយ៉ាងសស្រាក់សស្រាំ ហើយជាពិសេសក្រុមគ្រូពេទ្យកងទ័ព ក៏ដូចជាអ្នកពាក់ព័ន្ធគ្រប់ថ្នាក់ទាំងអស់ គឺបានបំពេញការងារដោយរលូន និងទទួលបានលទ្ធផលល្អ ហើយប្រតិបត្តិការចាក់វ៉ាក់សាំងមានល្បឿនលឿន ដោយក្នុងរយៈពេលជាង ២០ថ្ងៃ គឺការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី គឺមានចំនួនច្រើនតាមផែនការដែលបានគ្រោងទុក នេះគឺជាមោទនភាពរបស់ជាតិ ដែលក្រុមគ្រួពេទ្យបានប្រឹងប្រែងរួមកម្លាំងគ្នា ជាពិសេសកម្លាំងកងទ័ពបានចាត់ចែង ការងារចាក់វ៉ាក់សាំងបានសម្រេវចជោគជ័យ។

គួរបញ្ជាក់ថា យុទ្ធការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយក្រុមគ្រូពេទ្យក្រសួងការពារជាតិ សម្រាប់ប្រជាពលរដ្ឋរស់នៅ តំបន់ក្រហមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺនៅក្នុងខណ្ឌមានជ័យ ពោធិសែនជ័យ ដង្កោ កំបូល ឫស្សីកែវ និងខណ្ឌទួលគោក ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២១ ចាក់វ៉ាក់សាំងបានចំនួន ៧៦៧,២៨៣នាក់៕ រក្សាសិទ្ធិដោយ: ចេស្តារ








