Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យសង្វេកណាស់ ! ស្ត្រីម្នាក់និងកូនក្នុងផ្ទៃ បានស្លាប់ពេលសម្រាលកូននៅ មន្ទីរសំរាក់ព្យាបាលនិងសម្ភព ជា រចនា

កណ្ដាល ៖ ករណីស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត ជាមួយនឹងកូនក្នុងផ្ទៃ ក្នុងអំឡុងពេលសម្រាល នៅមន្ទីរសម្រាកព្យាបាលនិងសម្ភព ជា រចនា ដែលមានទីតាំងស្ថិតនៅ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ។

ស្ត្រីរងគ្រោះមានឈ្មោះ នុត ជីវ័ន អាយុ៣៥ឆ្នាំ ដែលរស់នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

លោក ឈូ សុខលាភ អាយុ ៣៩ឆ្នាំ ត្រូវជាប្ដីសពស្ត្រីរងគ្រោះ បានប្រាប់មកអ្នកសារព័ត៌មានយើង ទាំងអារម្មណ៍ក្ដុកក្ដួលថា ៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ម៉ោងប្រហែលជា៩និង៣០នា ទីព្រឹក ប្រពន្ធរបស់លោក បានទៅទទួលសេវាពិនិត្យផ្ទៃពោះ និងឆ្លុះអេកូនៅមន្ទីរសម្រាកព្យាបាលនិងសម្ភព ជា រចនា ដោយនៅពេលនោះ គ្រូពេទ្យបានប្រាប់ថា ប្រពន្ធគាត់ជិតឆ្លងទន្លេហើយ ដោយមាត់ស្បូនបើកបាន៤លេខ។ គ្រូពេទ្យបានពន្យល់ឲ្យទទួលសេវានៅមន្ទីរពេទ្យខ្លួន ដោយប្រាប់ថា ប្រពន្ធគាត់និងកូនក្នុងផ្ទៃមិនមានសញ្ញា គម្រាមកំហែងអ្វីបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតនោះទេ។
ដោយមានទំនុកចិត្ត លើក្រុមគ្រូពេទ្យ ប្រពន្ធប្រពន្ធគាត់ ក៏សម្រេចចិត្តទទួលសេវាសម្រាលនៅទីនោះតែម្ដង។ បន្ទាប់មកគ្រូពេទ្យ ក៏បានរៀបចំធ្វើការដាក់ស៊ឺរ៉ូម និងតាមដានរហូតដល់ម៉ោង ១១និង៣០នាទី ដោយប្រាប់ថា មាត់ស្បូនបើកបាន៧លេខហើយ រហូតដល់ម៉ោង១៣និង៣០នាទី ប្រពន្ធគាត់នៅតែមិនទាន់សម្រាល ទើបក្រុមគ្រូពេទ្យបានដាក់ថ្នាំ នៅក្នុងស៊ឺរ៉ូមដើម្បី ឲ្យឆាប់កើត ១០នាទីក្រោមមក គេក៏រុញប្រពន្ធគាត់ចូលក្នុងបន្ទប់សម្រាល លុះពេលក្រោយមក ប្រពន្ធគាត់ក៏ប្រឹង ដើម្បីបង្កើតកូនដោយឃើញក្បាលទារកទៅហើយ បន្ទាប់មកគាត់ត្អូញថា គាត់ចុកជើង ពេទ្យក៏សម្រួលចលនា និងរូបលោក ឈូ សុខលាភ ជាប្ដីបានឲ្យទឹកផឹកបន្តិច រួចក៏ប្រឹងបន្ត ស្រាប់តែពេលនោះ គាត់ក៏ទន់ខ្លួន បញ្ឈភ្នែកបាត់មាត់តែម្ដង ហើយទារកក៏បានលិបចូលទៅក្នុងផ្ទៃវិញ ពេទ្យក៏បានដេញឝាត់ជាប្ដីឲ្យចេញទៅក្រៅ គ្រូពេទ្យក៏បានយកអុកស៊ីសែន ពីខាងក្រៅ ដើម្បីជួយសង្គ្រោះ ប្រហែលជា៤០នាទីក្រោយមកដោយ ស្ថានភាពមិនស្រួលខ្លាំង ក៏បញ្ជូនប្រពន្ធគាត់ទៅមន្ទីរពេទ្យកាល់ម៉ែត តែអ្វីដែលគួរឲ្យសោកស្ដាយ មន្ទីរពេទ្យកាល់ម៉ែតបានប្រាប់គាត់ថា ប្រពន្ធគាត់បានស្លាប់តាំងពីមុនមកដល់ម្លេះ។

លុះពេលក្រោយមក សពប្រពន្ធគាត់ត្រូវបានបញ្ជូនមកផ្ទះវិញ ហើយខាងពេទ្យ បានគំរាមម្ដាយក្មេកគាត់ថា មិនឲ្យប្រាប់គេថាប្រពន្ធគាត់ស្លាប់នៅមន្ទីរពេទ្យជា រចនា ឡើយ។

ក្នុងករណីនេះដែរ លោក ឈូ សុខលាភ ក៏បានដាក់ពាក្យបណ្ដឹង មកកាន់ប៉ុស្តិ៍នគរបាលឃុំអរិយក្សត្រ ដោយលោកប្ដឹងទៅលើមន្ទីរសម្រាកព្យាបាលនិងសម្ភព ជា រចនា ចំនួនបីចំណុច៖
១.មិនមានគ្រូពេទ្យគ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះ
២-មិនមានឡានពេទ្យប្រចាំការសម្រាប់បញ្ជូនទាន់ពេល
៣.គំរាមគ្រួសាររបស់លោក

លុះមកដល់ថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១ ខាងប៉ុស្តិ៍នគរបាលឃុំអរិយក្សត្រ បានហៅគាត់ ដើម្បីឲ្យព្យួរពាក្យបណ្ដឹង រហូតមកដល់ពេលល្ងាចថ្ងៃដដែល ក៏មកប្រាប់ខ្ញុំថា ឲ្យដកពាក្យបណ្ដឹងវិញសិនទៅ ចាំថ្ងៃទី២៣ឧសភា​ ខាងមន្ទីរពេទ្យមានជាដំណោះស្រាយឲ្យ បើខាងពេទ្យមិនដោះស្រាយឲ្យចាំដាក់ពាក្យបណ្ដឹងវិញ។

ក្នុងករណីនេះដែរ លោក ហេង សុផល អធិការស្រុកល្វាឯម ក៏បានជ្រាបរឿងនេះដែរ ហើយបានបញ្ជូនសំណុំរឿងបន្តជូន ស្នងការខេត្តកណ្ដាល និងបានរាយការណ៍ ជូនព្រះរាជអាជ្ញាផងដែរ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានបង្ហើបថា នៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១នេះ តំណាងគ្រូពេទ្យ បានទៅជួបក្រុមគ្រួសារសព ដើម្បីឧបត្ថម្ភប្រាក់ចំនួន២០០០ដុល្លារ ដើម្បីបញ្ចប់រឿង ហើយខាងតំណាងមន្ទីសម្រាកព្យាបាល និងសម្ភពជា រចនា បានអះអាងថា ខាងពេទ្យមិនមានកំហុសនោះទេ ហើយគេបានជួយអស់ពីលទ្ធភាពហើយ។

ជ៉ំវិញក្នុងករណីនេះ ភ្នាក់ងាររបស់យើងធ្វើការផ្សព្វផ្សាយ តាមការរៀបរាប់របស់ក្រុមគ្រួសារសព ហើយភ្នាក់ងាររបស់រង់ចាំការបកស្រាយ ពីខាងសម្ភព និង អ្នកពាក់ព័ន្ធគ្រប់ពេល ហើយការលើកឡើង មានតែខាងជំនាញសុខាភិបាល ចុះមកពិនិត្យទេ ទើបអាចបញ្ជាក់ច្បាស់ ពីមូលហេតុច្បាស់លាស់ ហើយរង់ចាំតាមដាននីតិវិធីរបស់សមត្ថកិច្ចបន្តទៀត៕ រក្សាសិទ្ធិដោយ៖សួង សាម

×