យ៉ាងហោចណាស់ មានមនុស្ស ១៤ នាក់ បានស្លាប់ និងក្មេងម្នាក់បានរងរបួសធ្ងន់ នៅក្នុងឧទ្ទវហេតុដ៏រន្ធត់ ដាច់កន្រ្តកខ្សែកាប តភ្ជាប់ពីកំពូល ធ្លាក់ដល់ដី ក្នុងកម្ពស់ ៦៥ ហ្វីត នៅភាគខាងជើងប្រទេសអ៊ីតាលី កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
កន្រ្តកខ្សែកាបនោះបានដឹកអ្នកដំណើរទៅដល់កំពូលនៃខ្សែ Stresa-Mottarone ក្នុងតំបន់ Piedmont នៃភាគខាងលិច Alps ហើយនៅពេលនោះ វាក៏បានដាច់ធ្លាក់ចុះត្រឹមតែ ១០០០ ម៉ែត្រ ពីស្ថានីយ៍ភ្លាមៗ នៅវេលាម៉ោង ១២ ថ្ងៃត្រង់។

សេវាកម្មជួយសង្គ្រោះ Alpine របស់ប្រទេសអ៊ីតាលី បាននិយាយថា កន្រ្តកខ្សែកាបនេះ ត្រូវបានកែសម្រួលឡើងវិញ នៅក្នុងឆ្នាំ២០១៦ ហើយទើបតែបើកដំណើរការឡើងវិញ កាលពីខែមុន បន្ទាប់ពីមានការបិទក្នុងការការពារជំងឺកូវិដ១៩ ដែលបង្ខំឱ្យមានការបិទការជិះស្គីនៅទូទាំងប្រទេសអ៊ីតាលី។
អភិបាលក្រុង Stresa លោក Marcella Severino បាននិយាយថា វិស្វករជឿជាក់ថា គ្រោះថ្នាក់នៅជិតកំពូលភ្នំ ៤.៩០០ ហ្វីត គឺបណ្តាលមកពីខ្សែកាបមួយដាច់ ដែលបណ្តាលអោយកន្រ្តកបុកនិងបង្គោល ហើយបន្ទាប់មកធ្លាក់ទៅនឹងដីតែម្តង។ នៅចំណុចមួយនោះ កន្រ្តកផ្ទុកមនុស្សបានក្រឡាប់ពីរទៅបីដង មុនពេលមានការបុកជាមួយដើមឈើមួយចំនួន។

នៅក្នុងកន្រ្តកនោះ អ្នកដំណើរ ១៣ នាក់ បានស្លាប់ភ្លាមៗ ខណៈក្មេង ២ នាក់ ដែលមានអាយុ ៥ និង ៩ ឆ្នាំ ត្រូវបានដឹកតាមយន្តហោះ ទៅកាន់មន្ទីរពេទ្យកុមារ ក្នុងទីក្រុង Turin ។ ប៉ុន្តែ ជាអកុសល កុមារម្នាក់បានស្លាប់ នៅពេលមកដល់មន្ទីរពេទ្យ និងកុមារម្នាក់ទៀតរងរបួសបាក់ឆ្អឹង។
នាយករដ្ឋមន្រ្តីអុីតាលី លោក Mario Draghi បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់ និងពិសេសសម្រាប់ក្មេងៗដែលរងរបួស ខណៈដែលរដ្ឋមន្រ្តីដឹកជញ្ជូន Enrico Giovannini បានពិពណ៌នាពីឧប្បត្តិហេតុនេះថា ជាសោកនាដកម្មដ៏អាក្រក់មួយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង







