ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ២នាក់ ដែលជាម្ចាស់ទីតាំងផលិតស្រាស ពាក់ព័ន្ធករណីពុលស្រាស បណ្តាលឲ្យមនុស្សចំនួន ៩នាក់ បានស្លាប់ជាបន្តបន្ទាប់ និងជាង ៣០នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ក្រោយពីជនរងគ្រោះទាំងនោះ ចូលរួមក្នុងពិធីបុណ្យសពមួយ ដោយមានការពិសាស្រាស។
ហេតុការណ៍នេះ បានកើតឡើងភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ពោលគឺចាប់ពីថ្ងៃទី២១ រហូតដល់រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ប្រាប់ CEN នៅមុននេះបន្តិចថា សមត្ថកិច្ចបានឃាត់ម្ចាស់ទីតាំង បិតស្រាសចំនួន ២នាក់ និងស្រាស បានប្រមូលបញ្ជូនមករាជធានីភ្នំពេញ ដើម្បីពិនិត្យ។ “ឥឡូវនេះ គឺយើងបានឃាត់ម្ចាស់ទីតាំងបិតស្រាចំនួន ២នាក់ (ស្រី ១នាក់ , ប្រុស ១នាក់) ។ ដោយឡែកពាក់ព័ន្ធនឹងស្រា ដែលយើងសង្ស័យថាពុលនេះ យើងយកទៅភ្នំពេញដើម្បីពិនិត្យ ពីព្រោះនៅខេត្តកំពត អត់មានមន្ទីរពិសោធន៍ដើម្បីពិនិត្យទេ”។
មន្ត្រីនៃសាលាស្រុកកំពង់ត្រាច បានឱ្យដឹងថា ក្រោយទៅចូលរួមក្នុងពិធីបុណ្យសពមួយ ស្ថិតក្នុងភូមិធ្នង់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ពោលគឺចាប់ពីថ្ងៃទី២១ រហូតដល់រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ មានមនុស្សចំនួន ៩នាក់ បានស្លាប់ជាបន្តបន្ទាប់ ខណៈពេលជនរងគ្រោះទាំងនោះ ដេកឈឺនៅផ្ទះ និងចូលសម្រាកព្យាបាលតាមគ្លីនិកផ្សេងៗ។ ជនរងគ្រោះ មានអាយុចន្លោះចាប់ពី ៣៧ ឆ្នាំដល់ ៥៨ឆ្នាំ។

ប្រធានមន្ទីរពេទ្យបង្អែក ស្រុកកំពង់ត្រាច លោកវេជ្ជបណ្ឌិត ពៅ សារី បានប្រាប់ឱ្យដឹងថា ដោយទទួលព័ត៌មានថា អ្នកភូមិជាច្រើន កំពុងដេកឈឺនៅផ្ទះ និងតាមគ្លីនិកមួយចំនួន ដែលសង្ស័យ ពុលសស្រា កាលពីព្រឹកថ្ងៃទី ២៤ ខែឧសភា មន្ត្រីសុខាភិបាលស្រុក បានតាមស្វែងរក រួចបញ្ជូនអ្នកជំងឺ ចំនួន ៣៤ នាក់ មកកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល។ ជាអកុសលបុរសវ័យប្រហែល ៤០ឆ្នាំម្នាក់ បានស្លាប់ ព្រោះតែស្ថាភាពជំងឺធ្ងន់ធ្ងរខ្លាំង។
សូមរម្លឹកថា កាលពីពេលថ្មីៗកន្លងកនេះ ករណីដូចគ្នានេះដែរ គឺពុលស្រាស្លាប់ចំនួន ១២នាក់ នៅស្រុកល្វាឯម ខេត្តកណ្តាល។ ការពុលស្រាសស្លាប់នេះ ត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ថា ដោយសារស្រាស ឬស្រាថ្នាំ ដែលជនរងគ្រោះ បានពិសាមានសារជាតិ មេតាណុលខ្ពស់។ ចំណែកអ្នកផលិតស្រាស ចំនួន១៣នាក់ ត្រូវបាននគរបាលខេត្តកណ្ដាល បញ្ជូនទៅតុលាការ កាលពីរសៀល ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១៕ រក្សាសិទ្ធិដោយ៖ចេស្តារ