Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ឆ្លើយតបទៅអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ មួយចំនួនតូច

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនតូចបានស្នើក្រសួងមហាផ្ទៃ ឲ្យមានចំណាត់ការផ្លូវច្បាប់លើបទល្មើស និងអំពើមិនគប្បីនានា ដែលប្រព្រឹត្តដោយបុគ្គលមានធនធាន និងមន្ត្រីរាជការសាធារណៈមួយចំនួន ក្នុងរយៈពេលកន្លងមក ព្រមទាំងស្នើឲ្យមានអន្តរាគមន៍ សំដៅលុបបំបាត់វប្បធម៌និទណ្ឌភាព និងវប្បធម៌បន្ទោសជនរងគ្រោះ ដើម្បីគាំពារដល់ស្ត្រី និងយុត្តិធម៌សង្គម។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ ក្រសួងមហាផ្ទៃ តែងយកចិត្តទុកដាក់អនុវត្ត ជាប្រចាំនូវតួនាទីភារកិច្ច និងការទទួលខុសត្រូវ នៅក្នុងដែន សមត្ថកិច្ចដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយគ្មានការរើសអើងចំពោះ ឋានៈបុគ្គលនៅក្នុងសង្គម ឬប្រភេទបទល្មើសណាមួយនោះឡើយ ក្នុងគោលដៅធ្វើយ៉ាងណាខិតខំថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនជាតិ និងប្រជាជនបានល្អប្រសើរ ក្នុងន័យ រួមចំណែកជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយនិរន្តរភាព ។

រាល់ករណីបទល្មើសដែលកើតមានកន្លងមក ទោះពាក់ព័ន្ធនឹងពលរដ្ឋទូទៅក្តី ឬកងកម្លាំងអនុវត្ត ច្បាប់ក្តី ក្រសួងមហាផ្ទៃតែងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ ដោយគ្មានការលើកលែង ឬយោគយល់នោះឡើយ ជាក់ស្តែងក្នុងចំណោមទណ្ឌិត និងពិរុទ្ធជន ដែលត្រូវបានផ្តន្ទាទោស ក៏មានអតីតមន្ត្រីជាន់ខ្ពស់ជាច្រើន ផងដែរ ។
តាមរយៈការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ ទោះបីជាប្រឈមមុខ នឹងស្ថានភាពនៃជំងឺកូវីដ-១៩ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ នៅតែបន្តខិតខំ និងមាន ការប្ដេជ្ញាចិត្តយ៉ាងមោះមុត បំពេញបេសកកម្មតស៊ូបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទបានស្មើនឹង ៩០% នៃចំនួនបទល្មើសដែលកើតឡើង ព្រមទាំងបានម្ចាស់ការ និងសហកាយញ្ជនករណីបទល្មើសទៅតុលាការ ចំនួន ២,៩៤០ករណ៏ មនុស្ស ៤,២៧៦នាក់ ក្នុងនោះពាក់ព័ន្ធនិងបទល្មើសរំលោភសពសន្ថវៈ ២៨០ករណី មនុស្ស ២៩០នាក់។

ទន្ទឹមនឹងការខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្រសួងមហាផ្ទៃក៏បានបន្តយកចិត្តទុកដាក់ និងអនុវត្ត យ៉ាងម៉ឺងម៉ាត់ចំពោះរាល់ករណីដែលពាក់ព័ន្ធនឹងអំពើល្មើស ការប្រើប្រាស់តួនាទីបំពានសិទ្ធិអំណាច និង ការប្រព្រឹត្តមិនគប្បីរបស់មន្ត្រីរាជការ ឬកងកម្លាំងអនុវត្តច្បាប់ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនស្របតាមច្បាប់ បទបញ្ញត្តិ និងលក្ខន្តិកៈនានាជាធរមាន តាមរូបភាពជាព្រមាន ការដាក់ពិន័យ ការបន្ថយឋានន្តរស័ក្តិ ការដកហូតមុខតំណែង និងការផ្តន្ទាទោសដោយស្ថាប័នតុលាការជាដើម ។ ក្នុងឆ្នាំ២០២០កន្លងទៅនេះ ក្នុងក្របខ័ណ្ឌនៃការពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់កងកម្លាំងអនុវត្តច្បាប់ ក្រសួងមហាផ្ទៃបានអនុវត្ត វិន័យលើកងកម្លាំងចំនួន ២៥៦នាក់ ដែលបានប្រព្រឹត្តល្មើសនឹងលក្ខន្តិកៈ និងក្រមសីលធម៌របស់កង កម្លាំង ក្នុងនោះបានបណ្ដេញចេញពីក្របខ័ណ្ឌចំនួន ១២៣នាក់ ដកហូតមុខតំណែង ១៣នាក់ បន្ថយ ឋានន្តរស័ក្តិ ៣៨នាក់ ទទួលការព្រមាន ៦៥នាក់ និងផ្អាកការងារបណ្តោះអាសន្ន ១៥នាក់ ។

ទន្ទឹមនេះ ជនរងគ្រោះដោយអំពើល្មើសគ្រប់ប្រភេទ ក៏មានសិទ្ធិពេញលេញស្របតាមច្បាប់ ក្នុងការស្វែងរកយុត្តិធម៌ និងការការពារតាមផ្លូវតុលាការ ដើម្បីផ្តន្ទាទោសអ្នកប្រព្រឹត្ត ឬទាមទារសំណងខូចខាតផ្សេងៗ ដោយគ្មាន ការដាក់សំពាធ ឬការរារាំងណាមួយ ផ្ទុយនឹងឆន្ទៈរបស់ខ្លួនឡើយ ។

ប្រភពដដែលបានបន្តថា ផ្អែកតាមលទ្ធផលខាងលើនេះ បង្ហាញថា ការលើកយកតែ ២ ឬ ៣ ករណី នៃបទល្មើស ឬអំពើ មិនគប្បីដែលបានកើតឡើង មកធ្វើការវាយតម្លៃជារួមលើកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ គឺជាការវាយតម្លៃតែលើជ្រុងតូចមួយប៉ុណ្ណោះ ដោយមិនឆ្លុះបញ្ចាំងអំពីតថភាព ជាក់ស្ដែងក្នុងសង្គមនោះឡើយ ។ យើងសូមស្វាគមន៍នូវរាល់មតិរិះគន់ដែលមានមូលដ្ឋានច្បាស់លាស់ និង ក្នុងបំណងលើកទឹកចិត្តដល់ការខិតខំប្រឹងប្រែងរបស់កងកម្លាំងអនុវត្តច្បាប់ ដែលតែងលះបង់ កម្លាំងកាយ និងប្រាជ្ញាស្មារតី បង្កើតបានស្នាដៃជាច្រើន ក្នុងបុព្វហេតុសន្តិសុខ សុវត្ថិភាពសង្គមជាតិ និងប្រជាជន ដែល ជាមូលដ្ឋានគ្រឹះក្នុងការរួមចំណែកលើកស្ទួយនីតិរដ្ឋ និងការគោរពសិទ្ធិមនុស្ស ស្របតាមគោលការណ៍ លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×