Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរពហុព្យាបាល និងសម្ភព វិសាលសុខ បង្ហាញតម្លៃបន្ទប់ព្យាបាល អ្នកជំងឺកូវីដ-១៩ គ្រាន់តែបន្ទប់សង្គ្រោះបន្ទាន់…

ភ្នំពេញ ÷ មន្ទីរពហុព្យាបាល និងសម្ភព វិសាលសុខ បានបង្ហាញអំពីតម្លៃបន្ទប់ព្យាបាល អ្នកជំងឺកូវីដ-១៩ ដែលមានតម្លៃចាប់ពី ២៥០ដុល្លារ រហូត ១.០០០ដុល្លារ , ពោលគឺសម្រាប់តម្លៃសម្រាកព្យាបាលបន្ទប់ SUPER VIP ១.០០០ដុល្លារ និងបន្ទប់សង្គ្រោះបន្ទាន់ ១.២០០ដុល្លារ។

តារាងតម្លៃបន្ទប់ព្យាបាល អ្នក ជំងឺកូវីដ-១៩ នេះ ត្រូវបានផ្សព្វផ្សាយចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក និងតាមសារអេឡិចត្រូនិចពីមួយទៅមួយ ខណៈដែលមន្ទីរពេទ្យឯកជនចំនួនពីរទៀត គឺមន្ទីរពេទ្យសង់ត្រាល់ និងមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ មិនបានបង្ហាញតម្លៃព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសាធារណៈនោះទេ។

បុគ្គលិកមន្ទីរពហុព្យាបាល និងសម្ភព វិសាលសុខ បាន ប្រាប់សារព័ត៌មាន CEN តាមទូរស័ព្ទថា តម្លៃបន្ទប់ព្យាបាល អ្នក ជំងឺកូវីដ-១៩ ដែលមានតម្លៃចាប់ពី២៥០ដុល្លារ រហូត ១.០០០ដុល្លារ (តម្លៃសម្រាកព្យាបាលបន្ទប់ SUPER VIP ១០០០ដុល្លារ និងបន្ទប់ សង្គ្រោះបន្ទាន់ ១.២០០ដុល្លារ) គឺ ពិតជារបស់មន្ទីរពហុព្យាបាល និងសម្ភព វិសាលសុខ មែន, ហើយអ្នកជំងឺកូវីដ-១៩ ក៏បានចូលមកសម្រាកព្យាបាលផងដែរ ។ ប៉ុន្តែបុគ្គលិករូបនោះ មិនបានបញ្ជាក់អំពីចំនួនអ្នក ជំងឺកូវីដ-១៩ ចូលព្យាបាលនោះទេ។

“តម្លៃបន្ទប់ព្យាបាល អ្នកជំងឺកូវីដ-១៩ ខាងលើនេះ គឺ ពិតជាលិខិតផ្លូវការរបស់មន្ទីរពហុព្យាបាល និងសម្ភព វិសាលសុខ ប្រាកដមែន ហើយមាន អ្នក ជំងឺកូវីដ-១៩ បានចូលមកសម្រាកព្យាបាលួៀតផង”។
បុគ្គលិករូបនោះ បានសុំមិនធ្វើអត្ថាធិប្បាយច្រើនទេ ទាក់ទងតម្លៃបន្ទប់ព្យាបាល អ្នកជំងឺកូវីដ-១៩ ដោយឲ្យរង់ចាំការបញ្ជាក់ពីខាងរដ្ឋបាល។

ចំណែកលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់ CEN នៅរសៀលថ្ងៃទី២៤ ខែឧសភានេះថា ចំពោះការបង្ហាញអំពីតម្លៃបន្ទប់ព្យាបាល អ្នកជំងឺកូវីដ-១៩ របស់មន្ទីរពហុព្យាបាល និងសម្ភព វិសាលសុខ គឺមិនខុសនោះទេ។

យោងតាមសេចក្តី ជូនដំណឹងរបស់មន្ទីរពហុព្យាបាល និងសម្ភព វិសាលសុខ បានបង្ហាញពីតម្លៃបន្ទប់ព្យាបាល អ្នក ជំងឺកូវីដ-១៩ រួមមាន ÷

  • តម្លៃសម្រាកព្យាបាលសំរាប់បន្ទប់ ម៉ាស៊ីនត្រជាក់ គ្រែ ២ តម្លៃ ២៥០ដុល្លារ
  • តម្លៃសម្រាកព្យាបាលសំរាប់បន្ទប់ ម៉ាស៊ីនត្រជាក់ គ្រែ ៤ តម្លៃ ២៥០ដុល្លារ
  • តម្លៃសម្រាកព្យាបាលសំរាប់បន្ទប់ ម៉ាស៊ីនត្រជាក់ តូច តម្លៃ ៤០០ដុល្លារ
  • តម្លៃសម្រាកព្យាបាលសំរាប់បន្ទប់ ម៉ាស៊ីនត្រជាក់ ធំ តម្លៃ ៥០០ដុល្លារ
  • តម្លៃសម្រាកព្យាបាលសំរាប់បន្ទប់ VIP តម្លៃ ៧០០ដុល្លារ
  • តម្លៃសំរាកព្យាបាលសំរាប់បន្ទប់ SUPER VIP តម្លៃ ១.០០០ដុល្លារ
  • បន្ទប់សង្គ្រោះបន្ទាន់ តម្លៃ ១.២០០ដុល្លារ

មន្ទីរពហុព្យាបាល និង សម្ភព វិសាលសុខ បានបញ្ជាក់ថា តម្លៃខាងលើ រួមទាំងថ្លៃបន្ទប់ ថ្លៃម្ហូបអាហារ ថ្លៃថ្នាំ ថ្លៃគ្រូពេទ្យពិនិត្យព្យាបាល ថ្លៃសេវាគិលានុប្បដ្ឋាក ថ្លៃថត (X-Ray)ម្តង បើថតពីរដងគិតថែមម្ដង60$។ ម្យ៉ាងទៀត ចំពោះថ្នាំមានតម្លៃចាប់ពី ២០ដុល្លារ ឡើងទៅ តែមុននឹងប្រើថ្នាំ គ្រូពេទ្យបានប្រាប់អ្នកជំងឺជាមុន។

ធ្វើតេស្តមួយអាទិត្យដំបូងមិនគិតលុយទេ , អាទិត្យទី២ ធ្វើតេស្តម្តង ១៣០ដុល្លារ ហើយ ៤៨ម៉ោង ធ្វើតេស្តម្តង ៤៨ម៉ោងធ្វើតេស្តម្តង រហូតដល់អ្នកជំងឺរកឃើញអវិជ្ជមាន (Negative) ទើបបានចេញវិញ្ញាបនបត្រឲ្យអ្នកជំងឺទៅផ្ទះ ហើយធ្វើចត្តាឡីស័ក១៤ថ្ងៃបន្តទៀត។

គ្រប់អ្នកជំងឺទាំងអស់ដែលសម្រាកព្យាបាលកូវីដ-១៩ អាចមានរយ:ពេលយ៉ាងតិចបំផុត ១០ថ្ងៃ យ៉ាងយូរបំផុត ២០ថ្ងៃ ទៅតាមសភាពអ្នកជំងឺធ្ងន់ ឬស្រាល។

សូមជម្រាបថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងស្តីពីការអនុញ្ញាត ឲ្យសេវាសុខាភិបាលឯកជន ចំនួន ៣ ទីតាំង មានសិទ្ធិទទួលពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩។ សេវា សុខាភិបាលឯកជន ចំនួន ៣ ទីតាំង ដែលក្រសួងអនុញ្ញាតសិទ្ធិក្នុងការពិនិត្យ ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ មានដូចជា ÷ មន្ទីរពេទ្យសង់ត្រាល់ , មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងមន្ទីរពហុព្យាបាលវិសាលសុខ។ សេវាសុខាភិបាល ឯកជន ចំនួន ៣ កន្លែងនេះ ក៏បានទទួលសិទ្ធិធ្វើតេស្ក រកអង់ទីហ្សែនកូវីដ-១៩ ផងដែរ។

មន្ទីរពេទ្យសង់ត្រាល់ មានអាសយដ្ឋាន ក្នុងខណ្ឌដូនពេញ, មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មានអាសយដ្ឋានក្នុងខណ្ឌ សែនសុខ និងមន្ទីរពហុព្យាបាល វិសាលសុខ មានអាសយដ្ឋាន ក្នុងខណ្ឌចំការមន រាជធានី ភ្នំពេញ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×