Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដម គង់ សោ​ភ័​ណ្ឌ ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌ ដល់​គ្រួសារ​សព​ទាំង ១២​នាក់ ដែល​បាន​ស្លាប់​ដោយសារ​ពុល​ស្រាស នៅ​ស្រុក​ល្វាឯម​

ខេត្តកណ្តាល​៖ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ព្រមទាំង​ក្រុមការងារ នៅ​រសៀល​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ ២០២១​នេះ បាន​អញ្ជើញ​ជួប​សំ​ណោះ​សំ​ណា​ល សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល មក​ចែកជូន​គ្រួសារ​សព ចំនួន ១២​នាក់ ដែល​បាន​ពុល​ស្រាស បណ្តាលអោយ​ស្លាប់​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១៩ ខែឧសភា កន្លងទៅ​ថ្មីៗ​នេះ នៅក្នុង​ឃុំ​សារិការ​កែវ ស្រុក​ល្វាឯម​។​

​នាឱកាស​នោះ ឯកឧត្ដម បាន​ថ្លែង​នូវ​ការសោកស្តាយ និង​បាន​ចូលរួម​រំលែក​មរណទុក្ខ​ដល់​គ្រួសារ​សព្វ ចំពោះ​ការបាត់បង់​សមាជិក​ជាទី​ស្រឡាញ់ និង​សូម​ឧទ្ទិស​នូវ​មហាកុសល​ដល់​វិញ្ញាណ​ខន្ធ​សព​បាន​ដល់​សុគតិភព​។ ជាពិសេស​ឯកឧត្តម​ក៏បាន​ធ្វើការ​លើកទឹកចិត្ត និង​ផ្តាំផ្ញើ​ដល់​គ្រួសារ​សព​ត្រូវ​រឹងមាំ ខិតខំ​ត​ធ្វើ​ការងារ និង​រក​ទទួលទាន ដើម្បី​លើកស្ទួយ​ជីវភាព​គ្រួសារ គ្រប់គ្រង​កូនចៅ​ឲ្យ​បានល្អ ឲ្យ​កូនៗ​បាន​ចូលរៀន​គ្រប់ៗ​គ្នា និង​ត្រូវ​បន្ត​រក្សា​អនាម័យ​តាម​វិធាន​សុខាភិបាល​ដើម្បី​ជៀស​ផុតពី​ជំងឺ​កូ​វីដ​-១៩​។​

​សូមបញ្ជាក់ថា អំណោយ​ដែល ឯកឧត្តម ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ចែកជូន​ដល់​គ្រួសារ​សព ក្នុង​មួយ​គ្រួសារ​ទទួលបាន​៖ អង្ករ ៥០​គីឡូក្រាម ត្រីខ ១​យួរ ទឹកត្រី ១​យួរ ទឹក​ស៊ី​អ៉ី​វ ១​យួរ ប្រេងឆា ១​ដប មី ១​កេស ទឹក​សុទ្ធ ១​កេស ទឹកក្រូច ១​កេស ជែ​ល​លាងដៃ ១​ដប ម៉ាស ១០​បន្ទះ និង​ថវិកា ៥០​ម៉ឺន​រៀល ។​

​សូមបញ្ជាក់ថា អ្នក​ផលិត​ស្រា​.​ស និង​អ្នក​យកទៅ​ចែកចាយ​បន្ត​សរុប​១៣​នាក់ ត្រូវបាន​ចាប់ខ្លួន និង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកណ្ដាល នៅ​រសៀល​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២១​នេះ ក្រោយ​អ្នកទទួល​ស្រា​របស់​ពួកគាត់ ស្លាប់​ជា​បន្ដបន្ទាប់​ជាង​១០​នាក់ ខណៈ​ជាច្រើន​នាក់​ផ្សេងទៀត​កំពុង​តាមដាន​សុខភាព នៅ​ស្រុក​ល្វាឯម ខេត្តកណ្ដាល​។​

​លោក​វរសេនីយ៍ឯក ឡាក់ ម៉េង​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បញ្ចប់​ការសួរនាំ អ្នកលក់​ស្រាស និង​អុ្ន​ក​យកទៅ​ចែកចាយ​លក់​បន្ត​ទាំង​១៣​នាក់​នោះ ត្រូវបញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកណ្ដាល នៅ​រសៀល​ថ្ងៃនេះ ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ក្រោយ​អ្នក​ទទួលទាន​បាន​ពុល​ស្លាប់​ជា​បន្ដបន្ទាប់​។​

​ជនសង្ស័យ​ទាំង​១៣​នាក់ រួមមាន​៖

១- ឈ្មោះ ប៊ូ ស៊ន ភេទ​ប្រុស អាយុ​៧៨​ឆ្នាំ​។
២- ឈ្មោះ ង៉ូ​វ សៀ ភេទ​ស្រី អាយុ​៦៦​ឆ្នាំ​។
៣- ឈ្មោះ អៀម នៅ ភេទ​ស្រី អាយុ​៤៨​ឆ្នាំ​។
៤- ឈ្មោះ អេង ដូរ ភេទ​ស្រី អាយុ​៣១​ឆ្នាំ​។
៥- ឈ្មោះ ឌួង ឌី ភេទ​ប្រុស អាយុ​៦១​ឆ្នាំ​។
៦- ឈ្មោះ ខុន សារី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ​។
៧- ឈ្មោះ សេង លី​សុភាព ភេទ​ប្រុស អាយុ​៣៦។
៨- ឈ្មោះ អុ​ឹ​ម សំ​អូន ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​។
៩- ឈ្មោះ ព្រៃ ចិន្តា ភេទ​ស្រី អាយុ​៣០​ឆ្នាំ​។
១០- ឈ្មោះ ឈឿន សុភា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​។
១១- ឈ្មោះ ពៅ ហៀ​ង ភេទ​ស្រី អាយុ​៤៣​ឆ្នាំ​។
១២- ឈ្មោះ ឆាយ សេង​ឃៀង ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ អ្នក​ទាំង​១២​ខាងលើ រស់នៅ​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល​។
១៣- ឈ្មោះ ផាត់ សុផាន់​នី ភេទ​ស្រី អាយុ​៥៩​ឆ្នាំ រស់នៅ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

​បើតាម​លោកនាយ​ការិយាល័យ ក្នុងចំណោម​អ្នកលក់​ស្រា​ទាំង​១៣​នាក់​នោះ មាន​អ្នក​សមត្ថកិច្ច​ទើបតែ​ចាប់ខ្លួនបាន​ឈ្មោះ ប៊ូ សន អាយុ​៧០ បន្ទាប់ពី​នាំ​ក្រុមគ្រួសារ​រត់គេចខ្លួន​មួយរយៈ ក្រោយ​ហេតុការណ៍​ពុល​ស្រាល​នេះ​កើតឡើង​ភ្លាម​។​

​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាបជូន​សាធារណជន​ទាំងអស់​ជ្រាបថា នា​យប់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២១ មានការ​រាយការណ៍​មក​មន្ទីរ​សុខាភិបាល​ខេត្តកណ្តាល និង​ក្រសួងសុខាភិបាល ថា​មាន​ករណី​ស្លាប់​ចំនួន​២​នាក់ កើតឡើង នៅ​ភូមិ​តា​ស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ហើយ​ភ្លាមៗ​នោះ​មន្ទីរ​សុខាភិបាល​ខេត្ត ក៏បាន​ចាត់​ឱ្យ ក្រុម​ឆ្លើយតប​បន្ទាន់​របស់​មន្ទី​រ​សុខាភិបាល​ខេត្ត និង​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក សហការ​ជាមួយ នគរបាល​ស្រុក នគរបាល ឃុំ មេ និង ក្រុម​កោសល្យវិច័យ​នៃ​ស្នងការ​នគរបាល​ខេត្ត ចុះទៅពិនិត្យ​និង​ស្រាវជ្រាវ​ផ្ទាល់​ដល់ទី​កន្លែងកើតហេតុ ព្រមទាំង​បានធ្វើ​តេស្ត​រហ័ស​ដើម្បី​រក​វីរុស​កូ​វីដ​-១៩ ហើយ​លទ្ធផល​បង្ហាញថា សាកសព​ទាំងពីរ​ពុំមាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទេ​។

នា​យប់​ថ្ងៃ​ដដែល​នេះ​ក្រុមការងារ បាន​បន្ត​ការស្រាវជ្រាវដើម្បី​ស្វែងរក​មូលហេតុដែល​បណ្តាលឱ្យមាន​បញ្ហា​សុខភាព​និង​ស្លាប់ ខាងលើនេះ ហើយ​តាមរយៈ​ការសាកសួរ​ឃើញថា ពួកគាត់​ជា​អ្នក​ចូលចិត្ត​ហូប​ស្រា​ជាប្រចាំ និង​មាន​អ្នកស្លាប់​ជា​បន្តបន្ទាប់​នៅក្នុង ភូមិ​ខាងលើនេះ អាស្រ័យហេតុនេះ ក្រុម​ឆ្លើយតប​បន្ទាន់​បានដាក់​ការសង្ស័យ​លើ​ការ​ពិសា​ស្រា ហើយក៏​បាន​យក​សំណាក​ស្រាថ្នាំ និង​ស្រាស ពី​ទីតាំង​សិប្បកម្ម​ផលិត​ចែកចាយ​ស្រា​២​កន្លែង និង​ពី​ទីតាំង​លក់រាយ​តូចៗ ចំនួន​២៩​កន្លែង សម្រាប់ធ្វើ​ការវិភាគ និង​បាន ផ្ញើរ​មក​ក្រសួងសុខាភិបាល​នា​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១​។ លទ្ធផល​នៃ​ការអង្កេត​ស្រាវជ្រាវ​រកឃើញថា ករណី​ដំបូងបង្អស់ កើត​មាននៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២១ ហើយ​ករណី​ទាំងអស់​ចាប់​ផ្ដើមឡើង​ដោយមាន​រោគសញ្ញា​ដូចជា ឈឺក្បាល ក្អួត ឈឺពោះ វិលមុខ​ស្រវាំងភ្នែក សន្លប់ ប្រកាច់ ពិបាក​ដកដង្ហើម​អ្នកខ្លះ​មាន​សភាព​ឡេះឡះ ថប់ដង្ហើម​ណែន​ទ្រូង ពិបាក​ដកដង្ហើម​រីក​ប្រ​ស្រី​ភ្នែក សន្លឹម និង​បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយចំនួន និង​ជា​សរុប​រួម​ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១៩ ខែឧសភា នេះ មាន ករណី​ស្លាប់​សរុប​ចំនួន​១៣​នាក់ នៅ​ភូមិ​ចំនួន​២​ គឺ​ភូមិ​តា​ស្តរ ​ភូមិ​ក្តី​កណ្តាល​ ឃុំ​សារិកា​កែ ស្រុក​ល្វាឯម​។​

​ក្រុមការងារ​ឆ្លើយតប​បន្ទាន់ និង​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ចុះ​អប់រំ​ណែនាំ​ប្រជាជន​នៅតាម​ភូមិ​-​ឃុំ ដែល​កើតហេតុ ឲ្យ​មានការ​ប្រុងប្រយ័ត្ន ខ្ពស់​ដោយ​អនុវត្ត​ខ្ជាប់ខ្ជួន​នូវ​អនាម័យ​ចំណីអាហារ​ឲ្យ​បានល្អ និង​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ពិសា​ស្រា​ដែល​ផលិត​ឬ​បិតស្រា​មិនបាន ត្រឹមត្រូវ​តាម​ក្បួនខ្នាត​បច្ចេកទេស និង​បញ្ឈប់​ការលក់​ស្រា​និង​ទីតាំង​ផលិត​ចែកចាយ​ស្រា​ទាំង​២​កន្លែង ក្នុង​តំបន់​គោលដៅ​ដែល​កើត មាននូវ​ករណី​ខាងលើ​។ បន្ត​តាមដាន និង​អប់រំ​ប្រជាជន​ទូទៅ អំពី​អនាម័យ​ចំណ​អាហារ ចេះ​ការជង មន​ការពុល​ស ដោយមាន​ចែកជូន​នូវ​សារ​អប់រំ​ជាដើម​។​

​លទ្ធផល​ពី​មជ្ឈមណ្ឌល​ជាតិ​មន្ទីរពិសោធន៍​សុខាភិបាល នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០២១ បង្ហាញថា មន្ទីរពិសោធន៍​ទទួលបាន សំណាក​ស្រា​២៨​សំណាក ក្នុងនោះ​ស្រាថ្នាំ​១៥​សំណាក ស្រាស​១៣​សំណាក ដែលមាន​សារធាតុ​មេ​តា​ណុល (Methanol) លើស កម្រិត​ធំ​ជាង​០,៥​ភាគរយ ( >០, ៥% ) មាន​ចំនួន​២០​សំណាក ដែល​ធ្វើឱ្យពុល ដែល​កម្រិត​មិន​ពុល​នោះ​មិនត្រូវ​លើសពី​០,១% ឡើយ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ ក្រសួងសុខាភិបាល​សន្និដ្ឋាន​ថា “​ហេតុការណ៍​ស្លាប់​នៅ​ភូមិ​ទាំង​២​ខាងលើ បានកើត​ឡើង ដោយសារ​ពួកគាត់​បាន​ពិសា​ស្រាស ឬ​ស្រាថ្នាំ ដែលមាន​សារជាតិ​មេ​តា​ណុល​ខ្ពស់ បញ្ជាក់​តាម​លទ្ធផល​បានមកពី មន្ទីរពិសោធន៍ ហើយ​នាពេល​កន្លងមក​ក៏មាន​ករណី​ពុល​ស្រាស ឬ​ស្រាថ្នាំ​ពី​ពេលមុនៗ​ជាច្រើន​ដង​មក​ដែរ​។ ដូច្នេះ សូម បងប្អូន ប្រជាពលរដ្ឋ បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ពិសា​ស្រាស ឬ​ស្រាថ្នាំ ដែល​ផលិត​ដោយ​មិនមាន​បច្ចេកទេស​ត្រឹមត្រូវ ជាពិសេស​ស្រា​ដែល​យក​មេ​តា​ណុល​មក​លាយ ( ហាម​ដាច់ខាត​) ។ បើ​នៅតែ​បន្ត​ពិសា​ស្រាស ឬ​ស្រាថ្នាំ​ទាំងនេះ​ទៀត​នោះ នឹង​បណ្តាល​ឲ្យ​ប៉ះពាល់ ដល់​សុខភាព ទៅជា​ឈឺ ឬ​អាច​បាត់​បង់ជីវិត​។ ប្រសិនបើ​បងប្អូន​មាន​បញ្ហា​សុខភាព ឬ​ជំងឺ​សូម​ប្រញាប់​ទៅកាន់ មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត “​។​

​ប្រសិនបើ​បងប្អូន​ប្រជាពលរដ្ឋ​មាន​បញ្ហា​សុខភាព ឬ​មាន​ជំងឺ ឬ​សង្ស័យថា​មា​ការឆ្លង​ជំងឺ សូម​ប្រញាប់​ទៅ​ស្វែងរក ការពិនិត្យ​ពិគ្រោះ​នៅ​មន្ទីរពេទ្យ​រដ្ឋ ឬ​ទំនាក់ទំនង​តាម​លេខ​ផ្តល់ជូន​ខាងក្រោម​នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×