អាមេរិចបានសម្រេចចិត្តដកកងជំនួយយោធាពីប្រទេសមីយ៉ាន់ម៉ា ដោយសារតែការបង្ក្រាបរបស់ប្រទេសនេះលើជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាអ៊ីស្លាម នៅក្នុងរដ្ឋរ៉ាឃីន (Rakhine)។ នេះបើតាមការចេញផ្សាយរបស់ BBC នៅព្រឹកថ្ងៃពុធ ទី ២៥នេះ។
បើតាមក្រសួងការបរទេសបានឲ្យដឹងថា អាមេរិចក៏បានបញ្ឍប់សិទ្ធិធ្វើដំណើរដល់មន្ត្រីយោធាមីយ៉ាន់ម៉ាផងដែរ ហើយកំពុងពិចារណាដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសនេះ។
នៅក្នុងសេចក្តីប្រកាស ក្រសួងការបរទេសអាមេរិចបានសម្តែងការព្រួយបារម្ភជាខ្លាំងចំពោះព្រឹត្តិការណ៍ថ្មីៗនេះនៅក្នុងរដ្ឋរ៉ាឃីន និងអំពើហឹង្សា ព្រមទាំងការរំលោភបំពានយ៉ាងឃោរឃៅលើជនជាតិរ៉ូហ៊ីងយ៉ា និងសហគមន៍ដទៃទៀត។
ចំណែកអង្គការសហប្រជាជាតិបានហៅអំពើហឹង្សានៅមីយ៉ាន់ម៉ាថា ជាឧទាហរណ៍ក្នុងសៀវភៅ នៃការបោសសម្អាតជនជាតិភាគតិច។
ជនជាតិរ៉ូហ៊ីងយ៉ាចំនួន ជិត ១លាននាក់បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដេស ដើម្បីគេចពីអំពើហឹង្សានៅក្នុងរដ្ឋរ៉ាឃីនប្រទេសមីយ៉ាន់ម៉ា។ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានចាត់ទុកជនជាតិរ៉ូហ៊ីងយ៉ាជាជនអន្តោប្រវេសន៍មកពីបង់ក្លាដេស បើទោះបីជាជនជាតិភាគតិចនេះ មានវត្តមាននៅប្រទេសមីយ៉ាន់ម៉ាជាយូរណាស់មកហើយ៕ ដោយ៖ សុភ័ក្ត្រ