ក្រសួងគ្រប់គ្រងគ្រោះអាសន្ន របស់ប្រទេសរវ៉ាន់ដា បាននិយាយថា ប្រជាជនរាប់ពាន់នាក់ នៃសាធារណរដ្ឋប្រជាធិបតេ្យកុងហ្គោ បានស្វែងរកការជ្រកកោន នៅប្រទេសរវ៉ាន់ដា ហើយក៏ធ្វើដំណើរត្រឡប់ ទៅលំនៅឋានរបស់ពួកគេ ក្រោយពេលដែលកម្អែលភ្នំភ្លើងហូរពីភ្នំ Nyiragongo ត្រូវបានបញ្ចប់។
ក្រសួងបាននិយាយលើបណ្តាញសង្គម tweeted ថា នៅព្រឹកថ្ងៃចន្ទម្សិលមិញថា កម្អែលភ្នំភ្លើងដែលហូរចេញពីភ្នំភ្លើង Nyiragongo ត្រូវបានឈប់ ហើយប្រជាជនកុងហ្គោ ត្រូវបានជម្លៀសខ្លួនទៅតំបន់ Rabavu ហើយពួកគេក៏កំពុងត្រឡប់ ទៅលំនៅឋានវិញហើយដែរ។ ក្នុងនោះ មនុស្សជាង៨០០០នាក់ កាលពីយប់មិញបានទទួលដោយប្រទេសរវ៉ាន់ដា។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Patrick Muyaya បាននិយាយថា យ៉ាងហោចណាស់មនុស្ស១៥នាក់ ត្រូវបានស្លាប់ ខណៈកំពុងជម្លៀសខ្លួន ពីការគំរាមគំហែងរបស់កម្អែលភ្នំភ្លើង។
អ្នកនាំពាក្យបាននិយាយថា មនុស្សប្រាំបួននាក់ត្រូវបានសម្លាប់ នៅក្នុងឧប្បត្តិហេតុជិះរថយន្តដឹកទំនិញ ខណៈជនរងគ្រោះ ៤ នាក់ជាអ្នកទោស ដែលបានកំពុងព្យាយាមបំបែកគុក Munzenze នៅតំបន់ហ្គូម៉ា។
ឧទ្ធម្ភាគចក្រនៃក្រុមបេសកកម្ម ថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ប្រចាំនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានធ្វើការហោះហើរឈ្លបយកការណ៍ ឥតឈប់ឈរបន្ទាប់ពីការផ្ទុះឡើង។
អាជ្ញាធរ DRC មិនទាន់បានចេញផ្សាយនូវការវាយតម្លៃទ្រព្យសម្បត្តិ ដែលបណ្តាលមកពីការផ្ទុះនេះទេ។ ដោយលោក Muyaya នៅតែជំរុញឱ្យប្រជាជន ជៀសវាងនូវសកម្មភាពមិនសំខាន់ ខណៈសកម្មភាពរញ្ជួយដី នៅក្នុងតំបន់នៅតែអាច បណ្តាលឱ្យខូចខាតនៅទ្រព្យសម្បត្តិមួយចំនួន។

សូមជម្រាបថា បន្ទុះភ្នំភ្លើងបានផ្ទុះឡើង នៅម៉ោងប្រមាណ ៧ ល្ងាច ម៉ោងក្នុងស្រុក ពោលគឺ នៅថ្ងៃសៅរ៍ទីក្រុងហ្គូម៉ា ភាគខាងកើតរបស់ប្រទេស ដែលមានប្រជាជនជិត ២ លាននាក់បានឃើញមេឃ នៅពេលយប់មានភ្លើងពណ៌ទឹកក្រូច ហើយការផ្គត់ផ្គង់អគ្គិសនី នៅទូទាំងទីក្រុងត្រូវបានកាត់ផ្តាច់។
យោងតាមអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា លំហូរកម្អែលភ្នំភ្លើង បានកើតឡើងនៅម៉ោងប្រមាណ ៤ រសៀល នៅព្រឹកថ្ងៃអាទិត្យ ពោលគឺនៅជាយទីក្រុងហ្គូម៉ា។ ក្នុងនោះក្រុមប្រឹក្សាជនភៀសខ្លួនន័រវែស បានប៉ាន់ប្រមាណថា ផ្ទះប្រមាណ ៦០០ ខ្នង និងសាលារៀនចំនួន ៥ ត្រូវបានបំផ្លាញដោយសារលំហូរកម្អែល។
តំបន់ហ្គូម៉ា គឺជាកន្លែងដែលមានភ្នំភ្លើងសកម្ម ចំនួនពីរគឺភ្នំភ្លើងឈ្មោះ Nyamulagira និងមួយទៀតឈ្មោះ Nyiragongo ។ ការផ្ទុះដ៏ធំចុងក្រោយបង្អស់របស់ Nyiragongo ក្នុងឆ្នាំ ២០០២ បានសម្លាប់មនុស្សប្រហែល ២៥០ នាក់ និងរាប់ពាន់នាក់បានផ្លាស់ទីលំនៅ៕
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិដោយ៖CEN

