ភ្នំពេញ ៖ ប្រិយមិត្តជាច្រើន ប្រាកដណាស់បានទទួលជ្រាបហើយ ចំពោះករណីនារីវ័យក្មេងរូបស្រស់ស្អាតម្នាក់ បានរត់ចូលឡានគេឯង ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ទល់មុខនឹងទីស្ដីការគណៈរដ្ឋមន្រ្តី ដែលបង្កឲ្យការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋអ្នកធ្វើដំណើរយ៉ាងខ្លាំង កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។

នៅពេលសាកសួរដំបូង នារីប៉ុនប៉ងធ្វើអត្តឃាតរត់ចូលឡាន ឈ្មោះ សួន ចាន់នីតា អាយុ ១៨ ឆ្នាំ បានប្រាប់ថា នាងមានវិបត្តិគ្រួសារ ប៉ុន្តែ លុះជជីកសួរនាំចុះឡើង នាងក៏បានប្រាប់ថា នាងមានរឿងមួយ ដោយនាងស្រឡាញ់គ្នា ជាមួយបុរសម្នាក់ តែត្រូវឪពុកម្ដាយមិនពេញចិត្ត ក៏មិនឲ្យពួកគេរស់នៅជាមួយគ្នា ជាហេតុធ្វើឱ្យនាងតូចចិត្ត សម្រេចលោតចុះពីកង់បីធ្វើបែបនេះតែម្តង។ តែទោះយ៉ាងណា នៅពេលនោះ គេមិនទាន់ដឹងច្បាស់ថា តើនាងមានវិបត្តិអ្វីណាមួយឲ្យពិតប្រាកដនោះទេ។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ក្រោយពីករណីនេះកើតឡើង គេក៏ស្រាប់តែឃើញអតីសង្សាររបស់នាង បានចេញមុខបកស្រាយរឿងមួយ ខណៈឃើញគេស៊ែររូបខ្លួន និងរូបនាង ដោយចោទប្រកាន់ថា ខ្លួនបានស៊ែរវីដេអូអាសអាភាសរួមមេត្រីជាមួយនាង។ ក្នុងនោះ អតីតសង្សាររូបនេះ បានចេញមុខនិយាយតាមរយៈការ Live វីដេអូថា ពិតណាស់ រូបគេ និងនាង គឺជាសង្សារនិងគ្នាពិតមែន ប៉ុន្តែ បានបែកគ្នាយួរខែមកហើយ និងថា នាងក៏មានសង្សារថ្មីផងដែរ។ រូបគេក៏បានបញ្ជាក់ថា បុរសម្នាក់នៅក្នុងវីដេអូអាសអាភាសនោះ គឺមិនមែនជារូបគាត់ទេ តែជាអ្នកផ្សេង (អាចជាសង្សារថ្មីរបស់នាងតែម្តង)។

បន្ថែមលើនេះ គេក៏បានឃើញវីដេអូ នាងបានចែករំលែកពីសម្ពាធផ្លូវចិត្តមួយផ្នែក សម្រាប់ជីវិតរបស់នាង ដោយសារឪពុកម្តាយបែកបាក់គ្នា ដោយក្នុងនោះ នាងបាននិយាយបើកបង្ហាញពីភាពរឹងមាំ ដើម្បីគ្រួសារ ជាពិសេសធ្វើការរកលុយចិញ្ចឹមប្អូនៗ។ នាងក៏បានអះអាងថា នៅមានរឿងរ៉ាវជាច្រើនទៀត កំពុងរុំព័ទ្ធនៅក្នុងជីវិតរបស់នាង ដែលមិនអាចបកស្រាយបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង












