Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អុញនុះ ! ក្រោយជួលយន្តហោះ ទៅរៀបការនៅលើអាកាស ជាមួយភ្ញៀវ ១៦១ នាក់ ដើម្បីគេចផុតពីច្បាប់ហាមឃាត់ ពេលនេះមានរឿងត្រូវធ្វើហើយ…

គូស្វាមីភរិយាមួយគូ ដែលបានរៀបមង្គលការនៅលើយន្ដហោះ ដែលមានភ្ញៀវចូលរួមរហូតដល់ ១៦១ នាក់ ដើម្បីគេចផុតពីការរឹតត្បិតការចូលរួមប្រមូលផ្តុំគ្នា ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសឥណ្ឌា បានធ្វើដំណើរមកដល់ដីវិញ ជាមួយនឹងកំហឹងមហាជនផ្ទុះឡើងព្រាតតែម្តង។

គូស្វាមីភរិយាដែលមានឈ្មោះ Rakesh និង Dakshina បានជួលជើងហោះហើរមួយទាំងមូល សម្រាប់រយៈពេល ២ ម៉ោង ដើម្បីឲ្យពិធីមង្គលការរបស់ពួកគេ អាចប្រព្រឹត្តទៅបាននៅលើមេឃ គេចផុតពីការរឹតបន្តឹងច្បាប់របស់រដ្ឋាភិបាលដោយកំណត់មនុស្សច្រើនបំផុត ៥០ នាក់ នៅក្នុងពិធីណាមួយ។

វីដេអូនៃពិធីមង្គលការនេះត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម Twitter ដោយបានដាក់ចំណងជើងថា “Rakesh-Dakshina មកពី Madurai បានជួលយន្តហោះអស់រយៈពេល ២ ម៉ោង ហើយរៀបការនៅលើមេឃ។ សមាជិកគ្រួសារបានហោះហើរពី Madurai ទៅ Bangalore និងវិលត្រឡប់ទៅកាន់ Madurai វិញ បន្ទាប់ពីបញ្ចប់ពិធីនេះនៅលើជើងយន្តហោះ SpiceJet Boeing 737 ។

តែទោះយ៉ាងណា ពិធីមង្គលការរបស់គូស្នេហ៍នេះ ត្រូវបានមនុស្សជាច្រើននាំគ្នាចោទប្រកាន់ថា អាត្មានិយម និងឆោតល្ងង់ណាស់ ដោយពួកគេនិយាយថា ពិធីមង្គលការនេះ អាចប្រែក្លាយជាព្រឹត្តិការណ៍រីករាលដាលជំងឺកូវីដ-១៩ យ៉ាងងាយបំផុត។

ទាក់ទងនឹងករណីផ្ទុះឡើងនេះផងដែរ អ្នកនាំពាក្យរបស់ SpiceJet បានប្រាប់សារព័ត៌មាន indianexpress ថា «អតិថិជនត្រូវបានពន្យល់យ៉ាងច្បាស់ អំពីគោលការណ៍ណែនាំ Covid ដែលត្រូវតែអនុវត្តតាម និងបានបដិសេធការអនុញ្ញាតិឱ្យមានសកម្មភាពណាមួយ ត្រូវបានអនុវត្តនៅលើយន្តហោះឡើយ»។

អ្នកនាំពាក្យបានបន្តថា ពួកគេបានបញ្ជាក់ហើយបញ្ជាក់ទៀត អំពីបទដ្ឋានសុវត្ថិភាព ដែលត្រូវអនុវត្តដោយក្រុមអាកាសយានិក និងបានណែនាំឱ្យអនុវត្តតាមពិធីសារ ដែលបានដាក់ដោយ DGCA រួមមានការរឹតត្បិតលើការថតរូប និងវីដេអូ។ ពួកគេបន្ថែមថា នៅពេលអ្នកដំណើរមិនគោរពតាមគោលការណ៍ណែនាំរបស់ពួកគេ ក្រុមហ៊ុនអាកាសចរណ៍ នឹងចាត់វិធានការសមស្របតាមច្បាប់។ នៅពេលនេះ DGCA ក៏បានផ្តួចផ្តើមបើកការស៊ើបអង្កេតមួយហើយ។

គួរបញ្ជាក់ថា រដ្ឋ Tamil Nadu កំពុងស្ថិតនៅក្រោមការចាក់សោរ រហូតដល់ថ្ងៃទី៣១ ខែឧសភា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×