Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្ចាស់ផ្ទះរវល់ទៅបុណ្យសពសាច់ញាតិ ទុស្សេខ្សែភ្លើងឆេះផ្អើលរត់ជាន់ជើងគ្នា ទាំងកណ្តាលថ្ងៃ

ភ្នំពេញ ៖ ករណីអគ្គិភ័យមួយ បានកើតឡើង ខណៈម្ចាស់ផ្ទះរវល់ទៅបុណ្យសព ដោយចាក់សោទ្វារនាំគ្នា ទៅបុណ្យសពសាច់ញាតិ បណ្ដាលឲ្យទុស្សេចរន្តខ្សែភ្លើង រត់ចែកជើងគ្នាទាំងកណ្តាលថ្ងៃ។

ហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅផ្លូវលំ ក្នុងភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ផ្ទះ បាននាំទៅបុណ្យសពក្រុមគ្រួសារសាច់ញាតិ ហើយចាក់សោទ្វារផ្ទះទុកចោល ខណៈពេលនោះ ក៏មានផ្សែងហុយចេញពីក្នុងផ្ទះខាងលើ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលរស់ក្បែរកន្លែងកើតហេតុ នាំគ្នាទាញទុយោទឹក ជួយបាញ់ទឹកទប់ស្កាត់ និងមានបងប្អូនខ្លះ នាំគ្នាវាយសោទ្វារទម្លុះចូលទៅជញ្ជូនសម្ភារៈ ដែលនៅក្នុងផ្ទះរៀងៗខ្លួន ព្រោះភ័យខ្លាចអគ្គិភ័យឆាបឆេះ រាលដាលដល់ផ្ទះរបស់ពួកគាត់ ។

ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ ក៏មានរថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង រួមមានរថយន្តពន្លត់អគ្គិភ័យ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួនពីរគ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ២ គ្រឿងផងដែរ បានចេញទៅជួយអន្តរាគមន៍ បាញ់ទឹកទប់ស្កាត់ ដើម្បីកុំឲ្យមានការឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរៗនោះ។

អគ្គិភ័យខាងលើនេះ បានរលត់ទៅវិញ នៅវេលាម៉ោង២និង ១៥នាទីរសៀលថ្ងៃដដែល។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុបណ្ដាល ឱ្យមានអគ្គិភ័យខាងលើនេះ គឺដោយសារឆ្លងចរន្តអគ្គិសនី។
ហើយក្នុងហេតុការណ៍នេះដែរ ពុំមានបណ្ដាលឲ្យមានអ្នកណាម្នាក់ រងរបួសនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិម្ចាស់ផ្ទះ អស់មួយចំនួនធំតែប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

×