នេះជារឿងថ្មីមួយមួយទៀត ដ៏គួរឲ្យហួសចិត្តខ្លាំងណាស់ ខណៈប្រជាជនឥណ្ឌារាប់រយនាក់ បាននាំគ្នាសម្រុកទៅចូលរួមពិធីបុណ្យសពសត្វសេះ១ក្បាល ដែលពួកគេចាត់ទុកជា «ព្រះ» មុនពេលដង្ហែវាឆ្លងកាត់ភូមិ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មនុស្សរាប់រយនាក់បានរំលោភបទដ្ឋាន «គម្លាតសង្គម» ដើម្បីចូលរួមពិធីបុណ្យសពសេះ «ព្រះជាម្ចាស់» ដែលជារបស់អង្គការសាសនា នៅក្នុងស្រុក Belagavi រដ្ឋ Karnataka ភាគខាងត្បូងនៃប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ។

តាមរយៈវីដេអូ បានបង្ហាញថា មនុស្សរាប់រយនាក់ បានដើរឡើងណែនតាន់តាប់ពាសពេញដងផ្លូវ ដោយភាគច្រើន ពុំត្រូវបានឃើញពាក់ម៉ាស់ ការពារមេរោគ Covid-19 នោះទេ ដើម្បីទៅចូលរួមពិធីបុណ្យខ្មោច ដែលអ្នកភូមិចាត់ទុកថា «អាទិទេព» ប្រឆាំងជំងឺដ៏កាចសាហាវនេះ។
តែទោះយ៉ាងណា ក្រោយវីដេអូនៃហេតុការណ៍នេះ ដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយ នៅលើបណ្តាញសង្គមឥណ្ឌា បានបង្កឲ្យមានរលកកំហឹង និងការរិះគន់យ៉ាងខ្លាំងមក អាជ្ញាធរក្នុងតំបន់នៃស្រុក Belagavi បានបញ្ជាក់ថា ពួកគេបិទភូមិនោះទាំងស្រុងហើយ។

អាជ្ញាធរបាននិយាយថា ភូមិនេះត្រូវបានបិទរយៈពេល ១៤ ថ្ងៃ ខណៈអ្នកភូមិកំពុងត្រូវបានតេស្តរកជំងឺ Covid-19 និងពិនិត្យតាមដានរោគសញ្ញាផងដែរ។
គួរបញ្ជាក់ថា រដ្ឋ Karnataka កាលពីថ្ងៃអាទិត្យ ទី២៣ ខែឧសភា ឆ្នាំ២០២១ បានរាយការណ៍ថា មានការអ្នកស្លាប់ដោយសារជំងឺ Covid-19 ចំនួន ៦២៦ នាក់ ដែលនេះគឺជាចំនួនអ្នកស្លាប់ខ្ពស់បំផុត ក្នុងរយៈពេលតែមួយថ្ងៃ ចាប់តាំងពីជំងឺនេះបានរាតត្បាតរាលដាលនៅក្នុងរដ្ឋ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




