ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌខណ្ឌកំបូល នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ បានចាប់បញ្ជូនខ្លួនបុរសម្នាក់ទៅតុលាការករណីធ្វើសកម្មភាពគំរាមសម្លាប់ និងរំលោភបានសម្រេច១០ដង កូនស្រីចុងអាយុ១២ឆ្នាំ នៅក្នុងបន្ទប់ជួល ស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ចក់ ជត អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុបន្នរស់នៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌកំបូល ហៅមកសាកសួរ និងចាប់ឃាត់ខ្លួនកាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ ដែលមានការអនុញ្ញាពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ ។ ក្រោយពីនគរបាលព្រហ្មទណ្ឌខណ្ឌកំបូល បានទទួលពាក្យបណ្តឹង ពីឪពុកបង្កើតក្មេងស្រីរងគ្រោះ ។
លោកវរសេនីយ៍ទោ ឈឹម សាវុធ អធិការរងទទួលការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ប្រាប់ឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ឆ រ ស អាយុ១២ឆ្នាំ មុខរបរសិស្ស ក្រោយពីឪពុកម្តាយលែងលះគ្នា ក៏បានទៅរស់នៅជាមួយជីដូននៅខេត្តតាកែវ បន្ទាប់មកជីដូនបានស្លាប់ ក៏មករស់នៅជាមួយម្តាយបង្កើត និងឪពុកចុង (ជនសង្ស័យ) នៅខណ្ឌកំបូល នៅក្នុងអំឡុងដើមឆ្នាំ ២០២០ ។
ប្រភពដដែលបន្តថា លុះនៅថ្ងៃមួយក្នុងអំឡុងដើមខែមេសា ឆ្នាំ២០២១ ខណៈដែលម្តាយបង្កើតក្មេងស្រីរងគ្រោះទៅរកស៊ីបាត់ ស្រាប់តែជនសង្ស័យជាឪពុកចុង ឃើញក្មេងស្រីរងគ្រោះនៅម្នាក់ឯង ហើយកំពុងរៀបចំដេកលើគ្រែ ក៏បានលួងលោមចាប់ឱបថើប ហើយដេកពោបពីលើដោយគំរាមសម្លាប់នាង បើហ៊ានស្រែកឲ្យអ្នកជិតខាងដឹង និងធ្វើសកម្មភាពរំលោភបានសម្រេច ។
ក្រោយពីធ្វើសកម្មភាពនោះហើយ គំរាមក្មេងស្រីរងគ្រោះ មិនឱ្យប្រាប់រឿងនេះទៅម្តាយបង្កើតឡើយ ។ សកម្មភាពនេះនៅតែបន្តធ្វើទៅលើក្មេងស្រីរងគ្រោះ ពីសំណាក់ឪពុកចុងបន្តបន្ទាប់រហូត១០ដង នៅរាល់ពេលម្តាយបង្កើតក្មេងស្រីរងគ្រោះមិននៅផ្ទះ ។
លោកអធិការរង ប្រាប់ឱ្យដឹងទៀតថា រឿងនេះបានបែកការណ៍ ក្រោយពីក្មេងរងគ្រោះ ទៅលេងផ្ទះម្តាយមីង(ខាងម្តាយបង្កើតនៅខេត្តតាកែវ) ដោយនាងបានប្រាប់ អំពីទង្វើរបស់ឪពុកចុងធ្វើមកលើនាង ។ បន្ទាប់មកម្តាយមីងក៏បានទូរស័ព្ទប្រាប់ឳពុកបង្កើតក្មេងស្រីរងគ្រោះ ពីរឿងរ៉ាវទាំងនេះ និងដឹកក្មេងស្រីងរគ្រោះ មកដាក់ពាក្យប្តឹងជនសង្ស័យជាឪពុកចុងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កន្ទោក ខណ្ឌកំបូល និងមានការបញ្ជាក់គ្រូពេទ្យ នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញថា ក្មេងស្រីរងគ្រោះ ពិតជារងការបំពានផ្លូវភេទ ។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងភាគីជនរងគ្រោះ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌកំបូល ហៅជនសង្ស័យជាឪពុកចុងមកសាកសួរ ។ នៅពេលនោះ ជនសង្ស័យក៏បានឆ្លើយសារភាពថា រូបគេពិតជា បានរំលោភកូនស្រីចុងពិតប្រាកមែន ។
ដោយផ្អែកតាមចម្លើយសារភាព និងមានភស្ថុតាងជាក់លាក់ ជនសង្ស័យ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

