ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តជាច្រើន បានទទួលជ្រាប និងក៏ដូចមានការស្អប់ខ្ពើមខ្លាំងបំផុតហើយ ទាក់ទងនឹងករណីអ្នកនាង ដេននី ក្វាន់ បានសម្រេចចិត្តទម្លាយចេញវីដេអូ និយាយខ្លាំងៗទៅកាន់ម្ចាស់សណ្ឋាគារមួយកន្លែង នៅក្រុងព្រះសីហនុ ដែលមានឈ្មោះថា សមុទ្រមាស (Gold Sea Hotel) បានលួចបង្កប់កាមេរ៉ា នៅក្នុងបន្ទប់ស្នាក់នៅរបស់អ្នកនាង ដែលករណីនេះបានកើតឡើងតាំងពីឆ្នាំមុនម្ល៉េះ។

ការបញ្ចេញវីដេអូនៅពេលនេះផងដែរ គឺដោយសារតែអ្នកនាង ដេននី ក្វាន់ មិនអាចទទួលយក បានសម្រាប់សំណងត្រឹម១ម៉ឺនដុល្លារ។ នេះបើតាមគណនីហ្វេសប៊ុក ដេននី ក្វាន់ បានបង្ហោះឲ្យដឹងថា៖ «ខ្ញុំគេងសណ្ឋាគារ សមុទ្រមាស ( Gold Sea Hotel) នៅក្រុងកំពង់សោម ម្ចាស់Hotel លួចបង្កប់ Camera ក្នុងបន្ទប់ខ្ញុំគេង បញ្ជាក់មិនមែនតែបន្ទប់ខ្ញុំទេ គឺគ្រប់បន្ទប់ទាំងអស់ក្នុងHotel នោះ»។
អ្នកនាង ដេននី ក្វាន់ ក៏បានបញ្ជាក់ថា «រឿងក្តីខ្ញុំកើតឡើងតាំងពីខែ១០ឆ្នាំ២០២០ ខ្ញុំមិនឡាយព្រោះរង់ចាំដំណោះស្រាយល្អជាមួយម្ចាស់ Hotel តែលទ្ធផលចេញមកវាអយុត្តិធម៌សម្រាប់រូបនាងខ្ញុំណាស់ សំណងលុយ១មុឺនដុល្លានេះ ដូចជាមើលងាយកិត្តិយសខ្ញុំ ជាស្រី្តខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ ខ្ញុំទទួលយកមិនបានទេ អយុត្តិធម៌ណាស់»។

ដោយឡែក ក្រោយផុសវីដេអូជជែកគ្នាជាមួយម្ចាស់សណ្ឋាគារខ្លាំងៗ ចំពោះរឿងដែលបានកើតឡើងនេះ មិនបានប៉ុន្មានម៉ោង ស្រាប់តែនៅមុននេះបន្តិច នារសៀលថ្ងៃដដែលទី២៥ ខែឧសភា ឆ្នាំ២០២១ អ្នកនាង ដេននី ក្វាន់ បានបញ្ចេញវីដេអូថ្មីមួយទៀត បង្ហាញពីទីតាំងគេលួចបង្កប់កាមេរ៉ានៅក្នុងបន្ទប់ឲ្យឃើញស្តែងៗតែម្តង។ ក្នុងនោះផងដែរ អ្នកនាង ដេននី ក្វាន់ ក៏បានភ្ជាប់សារសួរទៅកាន់បងប្អូនមហាជនថា៖ «ឈឺចាប់បំផុត សមបងប្អូនមើលហើយពិចារណាទៅ ខ្ញុំគេងមួយយប់ហើយបានដឹងថាមានបង្កប់Camera(បញ្ជាក់នៅក្នុងhotel នោះមានបង្កប់camera គ្រប់បន្ទប់) បើបងប្អូនជាខ្ញុំត្រូវព្រមទទួលយក សំណង១មុឺនដុល្លានឹងទេ??? កិត្តិយសរបស់ខ្ញុំ មិនអាចយកលុយ១មុឺនដុល្លារមកទិញបានទេ ឈឺចាប់ហួសថ្លែងអយុត្តិធម៌សម្រាប់រូបនាងខ្ញុំណាស់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



















