ភ្នំពេញ ៖ មហាជននៅក្នុងបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ខណៈសុខៗ ស្រាប់តែអ្នកនាង ដេននី ក្វាន់ បានទម្លាយវីដេអូជម្លោះ ប្រកែកគ្នាយ៉ាងខ្លាំងៗ ទៅកាន់បុរសអ្នកគ្រប់គ្រងសណ្ឋាគារ សមុទ្រមាស (Gold Sea Hotel) នៅក្រុងព្រះសីហនុ ដោយសាររឿងលួចបង្កប់កាមេរ៉ា នៅក្នុងបន្ទប់ស្នាក់នៅរបស់នាង។

អ្នកនាង ដេននី ក្វាន់ បានបញ្ជាក់ថា ករណីខាងលើនេះ បានកើតឡើងតាំងពីអំឡុងខែតុលា ឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែ អ្នកនាងសម្រេចចិត្តទម្លាយចេញនៅពេលនេះ ព្រោះតែម្ចាស់សណ្ឋាគារ មិនបានដោះស្រាយសំណង សមស្របទៅនឹងកិត្តិយស និងការមើលងាយតម្លៃស្រ្តី មកលើរូបនាង ដែលត្រឹមតែ ១ម៉ឺនដុល្លារ ប៉ុណ្ណោះ។

អ្នកនាង ដេននី ក្វាន់ បន្ទាប់មក ក៏បានបង្ហោះវីដេអូ ភស្តុតាងជាក់ស្តែងមួយទៀត បង្ហាញទីតាំងបង្កប់កាមេរ៉ាស្ទើរគ្រប់ជ្រុង នៅក្នុងបន្ទប់ស្នាក់នៅ នៃសណ្ឋាគារនេះ និងភ្ជាប់សារបញ្ជាក់ពីការឈឺចាប់បន្ថែមថា៖ «ឈឺចាប់បំផុត សូមបងប្អូនមើលហើយពិចារណាទៅ ខ្ញុំគេងមួយយប់ហើយបានដឹងថា មានបង្កប់Camera (បញ្ជាក់នៅក្នុងhotel នោះមានបង្កប់ camera គ្រប់បន្ទប់) បើបងប្អូនជាខ្ញុំត្រូវព្រម ទទួលយកសំណង១មុឺនដុល្លានឹងទេ??? កិត្តិយសរបស់ខ្ញុំ មិនអាចយកលុយ១មុឺនដុល្លារ មកទិញបានទេ ឈឺចាប់ហួសថ្លែង អយុត្តិធម៌សម្រាប់រូបនាងខ្ញុំណាស់»។
ក្រោយរឿងនេះបានផ្ទុះកក្រើកពេញបណ្តាញសង្គម បានធ្វើឲ្យលោកជំទាវ ហ៊ុន ស៊ីណាត ទ្រាំមិនបានក៏បញ្ចេញមតិបែបនេះថា៖ «នេះវាជាកំហុសរបស់ម្ចាស់សណ្ឋាគារផ្ទាល់ គ្មានច្បាប់ឯណា ក្នុងបន្ទប់ភ្ញៀវគេឲ្យដាក់កាមេរា(Camera)ទេ ម្ចាស់នេះមានបំណងស្អី ត្រូវតែរកវិធានការដើម្បីដោះស្រាយ យ៉ាងណាប្រយ័ត្នរូបភ្ញៀវដេកនៅក្នុង Camera»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




















