ភ្នំពេញ ៖ គួររម្លឹកបន្តិចថា កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាការភ្ញាក់ផ្អើល និងសម្តែងការស្អប់ខ្ពើមជាខ្លាំង ក្រោយពីបានឃើញអ្នកនាង ដេននី ក្វាន់ ស្រាប់តែបានទម្លាយវីដេអូឈ្លោះប្រកែកគ្នាខ្លាំងៗ ជាមួយអ្នកគ្រប់គ្រងសណ្ឋាគារ សមុទ្រមាស (Gold Sea Hotel) ដោយសាររឿងលួចបង្កប់កាមេរ៉ា។

អ្នកនាង ដេននី ក្វាន់ បានបញ្ជាក់ថា ករណីខាងលើនេះ បានកើតឡើងតាំងពីអំឡុងខែតុលា ឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែ អ្នកនាងសម្រេចចិត្តទម្លាយរឿងនេះចេញនៅពេលនេះ ព្រោះតែម្ចាស់សណ្ឋាគារ មិនបានដោះស្រាយសំណង សមស្របទៅនឹងកិត្តិយស និងការមើលងាយតម្លៃស្រ្តី មកលើរូបនាង ដែលត្រឹមតែ ១ម៉ឺនដុល្លារ ប៉ុណ្ណោះ។
ដោយឡែក ទាក់ទងនិងរឿងរ៉ាវខាងលើ ដែលបានផ្ទុះឡើងនេះផងដែរ បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណា រិន្ទ បានបញ្ជាក់ប្រាប់ឲ្យដឹងថា តាមពិតទៅ រឿងនេះគឺជាសំណុំរឿងចាស់ ដែលបានកើតឡើងតាំងពីខែតុលា ឆ្នាំ ២០២០ មកម្ល៉េះ ហើយតុលាការក៏ បានសម្រេចក្តីរួចហើយផងដែរ ដោយជនខិលខូច ដែលពាក់ព័ន្ធនិងការបង្កប់កាមេរ៉ា ក្នុងបន្ទប់សណ្ឋាគារនោះ ខណៈពេលកំពុងតែ អនុវត្តទោសក្នុងពន្ធនាគារនៅឡើយ។

តែយ៉ាងណា លោក ជូន ណារិន្ទ ពុំបានបញ្ជាក់លម្អិតបន្ថែមថា តើជនដែលពាក់ព័ន្ធក្នុងការប្រព្រឹត្តទង្វើបែបនេះ មានឈ្មោះអ្វី ជា ជនជាតិអ្វី និងត្រូវជាប់ទោសប៉ុន្មានឆ្នាំនៅឡើយនោះ ទេ ខណៈ មូលហេតុដែលម្ចាស់សណ្ឋាគារ មានចេតនា ឬ មិនមានចេតនា ឲ្យមានការលួចបង្កប់ការមេ រ៉ាគ្រប់បន្ទប់ភ្ញៀវបែបនេះ ក៏មិនដឹងច្បាស់ផងដែរ។
ប៉ុន្តែ បើតាមប្រភពពីសមត្ថកិច្ច ដែលបានចូលរួមដឹងឮនៅក្នុងសំណុំរឿងនេះ បានលួចខ្សឹបបណ្តាញសារព័ត៌មានក្នុងស្រុកមួយថា ទង្វើដ៏អាក្រក់នៃការលួចបង្កប់កាមេរ៉ា នៅគ្រប់បន្ទប់ភ្ញៀវនេះ គឺជាគំនិតផ្តួចផ្តើម ពីម្ចាស់សណ្ឋាគារនេះតែម្តង ដែលជាស្រ្តីអានិកជនខ្មែរ មិនមែនជា បុរសបានប៉ះសម្តីគ្នា ជាមួយអ្នកនាង ដេននី ក្វាន់ ដូចក្នុងរូបវីដេអូនោះ ទេ។

ប្រភពបានបញ្ចាក់ឲ្យដឹងទៀតថា ស្ត្រីជាម្ចាស់សណ្ឋាគាររូបនេះ សព្វថ្ងៃកំពុងរស់នៅ បរទេស មានវ័យចំណាស់ (ចេញចូលទៅ មកក្រៅប្រទេស) បានបញ្ជា ឲ្យអ្នកមើលការខុសត្រូវ បំពាក់កាមេរ៉ា គ្រប់បន្ទប់ទាំងអស់ ដែលសូម្បីតែបន្ទប់គេងផ្ទាល់ខ្លួនរបស់គាត់ ក៏ចាប់កាមេរ៉ា ដែរ ដោយពុំដឹងពីមូលហេតុអ្វីឲ្យពិតប្រាកដនោះទេ។ តែជាមួយករណីដ៏មហាហួសចិត្តនេះ បើតាមមហាជនបានសន្និដ្ឋានថា ម្ចាស់សណ្ឋាគារជាស្រ្តីរូបនេះ បើមិនមានគំនិតរកស៊ីក្នុងអំពើជួញដូរ រូបអាសអាភាសនៅក្រៅប្រទេស ក៏រោគចិត្តដែរ។ រីឯមតិមួយចំនួនបានវិភាគថា រឿងនេះប្រហែលគាត់មិនបានដឹងទេ ខណៈគាត់កំពុងនៅអាមេរិកឯណោះ គឺអាចជាបុរសអ្នកគ្រប់គ្រងហ្នឹងធ្វើទង្វើនេះឡើងក៏ថាបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






